ក្រុងកាប៊ុល៖ ផ្ដើមពីពេលមុនថ្ងៃរះ ក្រុមអ្នកបេះស្បូនផ្កាជាច្រើនរបស់អាហ្វហ្គានីស្ថាននាំគ្នាអង្គុយបេះបណ្ដូរផ្កាតាមរងនីមួយៗនៅក្រោមកម្ដៅថ្ងៃ ដែលជាផលិតផលផ្ដល់ចំណូលដល់កសិករអាហ្វហ្គានីស្ថាន។
ស្បូនផ្កាប្រណីតត្រូវបានប្រើជាគ្រឿងទេសអស់រយៈពេលជាច្រើនសតវត្សរ៍នៅជុំវិញពិភពលោក ហើយដោយសារតែតម្លៃដ៏ខ្ពស់កប់ពពក វាត្រូវបានហៅថា «មាសក្រហម» ដោយអ្នកដែលអាស្រ័យលើវា។
Joma Khan ជាកម្មករតាមរដូវម្នាក់ចំណោម ១៥៦ ០០០ នាក់ ដែលជួយប្រមូលផលគ្រឿងទេសប្រណីតនេះ ដោយអាចរកចំណូលបានប្រមាណ ១ ដុល្លារ ១ ម៉ោង។
កុមារអាយុ ១៦ ឆ្នាំរូបនេះបាននិយាយថា៖ «យើងចាប់ផ្ដើមការងារលើចម្ការផ្កា នៅមុនថ្ងៃរះ ហើយយើងម្នាក់ៗអាចប្រមូលផលស្បូនផ្កាចន្លោះពី ៤ ទៅ ៥ គីឡូក្រាមក្នុង ១ ថ្ងៃ»។
យោងតាមអ្នកនាំពាក្យក្រសួងកសិកម្ម Akbar Rostami បានឲ្យដឹងថា ការប្រមូលផលស្បូនផ្កាបានកើនដល់ ១៣ តោនក្នុងឆ្នាំនេះ។
គ្រឿងទេសប្រណីតត្រូវបាននាំចេញទៅកាន់ ១៧ ប្រទេស តាមរយៈផ្លូវអាកាស ភាគច្រើន ចិន ឥណ្ឌា និងប្រទេសនៅតំបន់ឈូកសមុទ្រពែរ្ស៍ និងតិចតួចទៅកាន់សហភាពអឺរ៉ុប និងអាមេរិកខាងជើង។
តួលេខផ្លូវការបានបង្ហាញថា ការប្រមូលផលស្បូនផ្កាបានបង្កើនការដាំដុះលើផ្ទៃដី ៦ ២០០ ហិកតា ក្នុងឆ្នាំ ២០១៨ រហូតដល់ ២១ ភាគរយ កាលពីឆ្នាំមុន។
លោក Abdul Shukoor Ahrari នាយកTila-e-Surkh Afghan (មាសក្រហមអាហ្វហ្គានីស្ថាន) ជាតំបន់កែច្នៃដ៏ចម្បងមួយរបស់ប្រទេស បាននិយាយថា៖ «ស្បូនផ្កាអាហ្វហ្គានីស្ថាន អាស្រ័យលើធម្មជាតិសរីរាង្គរបស់វា វាល្អជាងស្បូនផ្កាដទៃទៀតក្នុងលោក»៕ AFP/HR