ភ្នំពេញ: គ្រឿង ឬ (Lemongrass Paste) រូបមន្ដគ្រឿងផ្សំរសជាតិម្ហូបខ្មែររបស់អតីតជនភៀសខ្លួនពីសម័យសង្គ្រាមក្នុងរបប ប៉ុល ពត បានឈ្នះពានអន្ដរជាតិមួយចំនួននៅលើទឹកដីសហរដ្ឋអាមេរិក ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនជាជនជាតិអាមេរិក។
ចំណោមរូបមន្ដទឹកជ្រលក់បែបខ្មែរជាច្រើនមុខរបស់អ្នកស្រី Channy Laux រួមទាំងជ្រក់ម្ទេសដ៏ពេញនិយម និងទឹកត្រីអម្ពិលទុំ ទើបផលិតឡើងថ្មីៗគ្រឿង បានទទួលពាន Sofi Award ឆ្នាំ ២០១៨ នៅពិព័រណ៍ម្ហូប Summer Fancy Food Show ក្នុងទីក្រុងញូវយ៉ក និងពាន Gold & Silver Plate Awards លើកទី ៦៥ របស់ International Facility Management Association (IFMA) កាលពីខែឧសភា ឆ្នាំ ២០១៩។
រូបមន្ដម្ហូបពីអ្នកម្ដាយដែលជាតួអង្គដ៏សំខាន់ក្នុងសង្គមខ្មែរ នៅតែបន្ដថែរក្សា បើទោះបីជាពួកគេឃ្លាតចាកមាតុភូមិដ៏សែនឆ្ងាយដោយការរត់ភៀសខ្លួនពីសម្ពាយជីវិតសែនវេទនាក្រោមរបបខ្មៅងងឹតទៅកាន់ទឹកដីថ្មីយ៉ាងណាក៏ដោយ។
អ្នកស្រី Channy Laux បច្ចុប្បន្នជាស្ថាបនិកវេបសាយលក់គ្រឿងទេស Angkor Food ធ្លាប់ជាជនរងគ្រោះរួចជីវិតពីរបបខ្មែរក្រហមដោយពេលប៉ុល ពត កាន់កាប់អំណាចក្នុងឆ្នាំ ១៩៧៥ អ្នកស្រីមានអាយុ ១៣ ឆ្នាំ។
ទៅដល់ទឹកដីស៊ីវិល័យនៃទីក្រុង Lincoln រដ្ឋ Nebraska ឆ្នាំ ១៩៧៩ ក្នុងស្ថានភាពជាជនភៀសខ្លួន អ្នកស្រី Channy Laux រួមជាមួយអ្នកម្ដាយ និងបងប្អូន ៣ នាក់ទៀតជួបនូវបញ្ហាអត់ឃ្លាន រងការមាក់ងាយ ជំងឺឈឺថ្កាត់ ព្រមទាំងព្រាត់ប្រាសក្រុមគ្រួសារ និងសាច់ញាតិដទៃ។
មុនពេលមានឱកាសចូលរៀននៅវិទ្យាល័យ Lincoln High School អ្នកស្រី ចំណាយពេល ៤ ឆ្នាំក្នុងខណៈខ្លួនអត់ចេះភាសាអង់គ្លេសអ្វីសោះ។ ការតស៊ូ និងពុះពារឧបសគ្គក្នុងជីវិតនៅលើទឹកដីថ្មី ស្ដ្រីខ្មែរដែលមានអ្នកម្ដាយតែងតែបង្ហាត់បង្រៀនរបៀបរបបជាស្ដ្រីខ្មែររូបនេះបានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ Master of Science in Applied Mathematics ពីសាកលវិទ្យាល័យ Santa Clara University និង Mathematics/Computer Science នៃ University of Nebraska-Lincoln។
ស្ដ្រីដែលបានរៀបការជាមួយបុរសអាមេរិកដោយមានចំណងដៃតំណក់ឈាមកូនស្រីម្នាក់ និងប្រុសម្នាក់រូបនេះបានឲ្យដឹងថា៖ «មុនពេលចាប់ផ្ដើមមុខជំនួញគ្រឿងនេះ ខ្ញុំធ្វើការជាវិស្វករម្នាក់ឲ្យក្រុមហ៊ុន Silicon Valley រយៈពេល ៣០ ឆ្នាំ។ ខ្ញុំមានបទពិសោធច្រើនជាមួយប្រព័ន្ធផ្សេងៗរបស់ក្រសួងការពារជាតិអាមេរិក និងឧស្សាហកម្ម Biotech»។
កាលពី ៩ឆ្នាំមុន ក្រោយពីម្ដាយទទួលមរណភាពអ្នកស្រីមានអារម្មណ៍ហេលហាល និងចាប់នេះខុសចាប់នោះខុសចំពោះភារកិច្ចប្រចាំ។
ការរៀនចម្អិនមុខម្ហូបខ្មែរពីអ្នកម្ដាយដែលអ្នកស្រីអះអាងថាជាមេចុងភៅមុខម្ហូបខ្មែរដ៏ចំណានប្រចាំគ្រួសារគឺជាចំណូលចិត្ដចម្បង ទោះអ្នកស្រីរស់នៅដ៏សែនឆ្ងាយពីមាតុភូមិកំណើតយ៉ាងណាក៏ដោយ។
អ្នកស្រី Channy Laux បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ថ្ងៃមួយកូនស្រីខ្ញុំបានខលទូរស័ព្ទពីសាលាឲ្យខ្ញុំធ្វើជ្រក់ម្ទេសដែលជីដូនធ្លាប់ធ្វើឲ្យ។ សំណើសុំមួយនេះ បានរំឭកដល់អនុស្សាវរីយ៍ដ៏រីករាយរវាងខ្ញុំ និងអ្នកម្ដាយ។ ខ្ញុំក៏សម្រេចចិត្ដផ្សំគ្រឿងជ្រក់ម្ទេសសម្រាប់ឲ្យក្រុមគ្រួសារ និងមិត្ដភក្ដិទទួលទានដោយចាប់ផ្ដើមពីការធ្វើជ្រក់ម្ទេសមួយក្រឡធំតាមរូបមន្ដអ្នកម្ដាយ។ ជ្រក់ម្ទេសមួយក្រឡនេះធ្វើឡើងពីអនុស្សាវរីយ៍នៃក្ដីស្រឡាញ់ និងតំណក់ទឹកភ្នែកផងដែរ»។
អ្នកស្រីបានផ្ញើទឹកម្ទេសឲ្យ ណាតាសា (ជាឈ្មោះកូនស្រី) ហើយសល់ប៉ុន្មានទៀតសម្រាប់សាច់ញាតិ និងមិត្ដភក្ដិ។ អ្នករួមអាជីពខ្លះបានបន្ដសុំបន្ថែមទៀតជារឿយៗ តែមិនចង់បានដោយឥតគិតថ្លៃនោះឡើយ។
ស្ដ្រីដែលបានឈ្នះពានតំណាងប្រទេសកម្ពុជារូបនេះបានប្រាប់ថា៖ «នោះហើយជាអ្វីដែលយើងបានចាប់ផ្ដើមមុខជំនួញលក់គ្រឿង។ កាលពី ៣ ឆ្នាំមុនខ្ញុំបានសម្រេចចិត្ដបង្កើតមុខរបរនេះពេញដៃពេញជើង»។
ក្នុងបំណងផលិតគ្រឿងប្រកបដោយគុណភាពដែលផ្ដល់ភាពងាយស្រួលដល់មេផ្ទះពិបាករកគ្រឿងស្រស់ៗ អ្នកស្រី Channy Laux បានរៀនសូត្រពីអ្នកម្ដាយទាំង ២ គួបផ្សំនឹងបទពិសោធការងារផ្ទាល់ខ្លួន។
ស្ដ្រីខ្មែរដែលធ្លាប់ហែលឆ្លងរបបអាវខ្មៅ និងបានចងក្រងសៀវភៅ Short Hair Detention ៥៤៥ ទំព័រ រំឭកពីប្រវត្ដិរស់រានមានជីវិតពីឆ្នាំ ១៩៧៥-១៩៧៩ បាននិយាយថា៖ «ខ្ញុំរៀនចម្អិនមុខម្ហូបខ្មែរពីអ្នកម្ដាយបង្កើតរបស់ខ្ញុំ ហើយខ្ញុំរៀនវិធីច្រកផលិតផលទាំងនោះដាក់ក្នុងកំប៉ុងពីអ្នកម្ដាយក្មេក។ អ្វីដែលខ្ញុំបានរៀនពីអ្នកម្ដាយទាំង ២ បានលើកទឹកចិត្ដរូបខ្ញុំឲ្យខិតខំបង្កើតមុខម្ហូប និងគ្រឿងខ្មែរ។ បទពិសោធការងាររបស់ខ្ញុំក្នុងឧស្សាហកម្មជីវបច្ចេកវិទ្យាអាចឲ្យខ្ញុំធ្វើការក្នុងរដ្ឋបាលម្ហូបអាហារ និងឱសថអាមេរិក (FDA) និងបង្កើនជំនឿចិត្ដខ្ពស់ក្នុងការផលិតផលិតផលខ្មែរបន្ដទៀត»។
ប៉ុន្ដែអ្នកស្រីបានប្រាប់ថាអ្នកស្រីបាននាំចូលគ្រឿងហឹរពីកម្ពុជាដោយផ្ទាល់ ដូចជា ផលិតផលពីម្រេចកំពត តែផលិតផលកែច្នៃទាំងអស់នៅទីនេះគឺជាវត្ថុធាតុដើមនៅអាមេរិកនេះផ្ទាល់។ អ្នកស្រី Channy បាននិយាយថា៖ «យើងរំពឹងថានឹងនាំចូលគ្រឿងផ្សំពីកម្ពុជានាពេលខាងមុខដ៏ខ្លីនេះ»។
គ្រឿងដែលផ្សំឡើងពីស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមបារាំង ម្ទេស ទឹកត្រី ស្ករ ទឹក អំបិល ប្រេងបន្លែ ខ្ជាយ រមៀត ស្លឹកក្រូចសើច និងទឹកក្រូចឆ្មារជាដើមអាចប្រើក្នុងម្ហូបជាច្រើនមុខរួមទាំងម្ហូបខ្មែរ និងបស្ចិមប្រទេសផងដែរដូចជា ការីខ្មែរ ស៊ុបម្នាស់ សាច់គោអាំងចង្កាក់ ប្រហុកខ្ទិះ អាម៉ុក ប៊ឺហ្គឺស្លឹកគ្រៃ និងជាពិសេសមុខម្ហូបដ៏ពេញនិយមគឺឆាគ្រឿងសាច់មាន់។
បើទោះបីជាគ្រឿងមានសារធាតុផ្សំរសជាតិបែបខ្មែរសុទ្ធសាធយ៉ាងណាក្ដីក៏ផលិតផលនេះមិនសូវទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែររស់នៅក្រៅប្រទេស ខណៈអតិថិជនភាគច្រើនជាជនជាតិអាមេរិក និងជាតិសាសន៍អាស៊ីខ្លះៗ។
គ្រឿងដែលទទួលពានរង្វាន់ Sofi ឆ្នាំ ២០១៨ ពីសហគមន៍ Specialty Food Association ក្រោមវត្ដមានអ្នកចូលរួម ៣៥០០០ នាក់ត្រូវបានវាយតម្លៃយ៉ាងហ្មត់ចត់ពីអ្នកជំនាញម្ហូបអាហាររួមមាន មេចុងភៅ សាស្ដ្រាចារ្យ អ្នកសរសេរព័ត៌មានពីម្ហូប និងអតិថិជនផងដែរ។
ស្ដ្រីដែលមិនទាន់មានឱកាសមកកាន់មាតុភូមិកំណើតក្រោយចាកចេញជាង ៤០ ឆ្នាំរូបនេះបានឲ្យដឹងថា៖ «ផលិតផលទទួលពានទាំងនេះត្រូវបានវិនិច្ឆ័យលើការភ្លក្ស រួមទាំង រសជាតិ រូបរាង ល្បាយ និងក្លិន រួមទាំង គុណភាពគ្រឿងផ្សំ និងភាពច្នៃប្រឌិត»។
បន្ថែមពីការទទួលពាន Sofi Award គ្រឿងក៏បានទទួលពាន Gold & Silver Plate Awards កាលពីពេលថ្មីៗនៅទីក្រុងស៊ីកាហ្គោដែលអ្នកស្រីបានប្រដូចទៅនឹងពានសិល្បៈ Oscar Award ខណៈពេលស្ដ្រីខ្មែររូបនេះមានឱកាសបានឈានជើងឡើងលើវេទិកាស្មើនឹងក្រុមហ៊ុនយក្សនានាដូចជា Coca-Cola, Sodexo និង Golden Corral។
អ្នកស្រីបានបញ្ជាក់ថា៖ «យើងមានមោទនភាពណាស់ដែលបានតំណាងឲ្យកម្ពុជាក្នុងនាមជាក្រុមហ៊ុន Angkor Food លើឆាកអន្ដរជាតិ។ យើងរំពឹងថា នឹងអាចប្រើអានុភាពពាននេះដើម្បីបង្កើតយីហោកម្ពុជាឲ្យកាន់តែរឹងមាំលើឆាកអន្ដរជាតិ ហើយយើងក៏នឹងពង្រឹងទំនាក់ទំនងល្អជាមួយកសិករខ្មែរ និងឧស្សាហកម្មចំណីអាហារខ្មែរផងដែរ»។
គ្រឿងរួមជាមួយជ្រក់ម្ទេស ម្រេចកំពត និងផលិតផលជាច្រើនមុខដែលជារូបមន្ដកេរម្ដាយរបស់អ្នកស្រី Channy Laux ត្រូវបានដាក់លក់នៅបណ្ដាផ្សារ Specialty Markets ទូទាំងសហរដ្ឋអាមេរិក វេបសាយ www.AngkorFood.comអាម៉ាហ្សូន អនឡាញ Online Kroger និងអនឡាញដទៃទៀត៕