ក្រុង​តូក្យូ៖ នៅ​គ្លីនិក​ជប៉ុន​មួយ ស្ដ្រី​ម្នាក់​គ្រង​អាវ​​ក្រៅ​ពណ៌​ស​កំពុង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក​ជំងឺ​​ថ្មី​ម្នាក់​ជា​តុក្កតា​សត្វ​ចៀម​​ញាត់​សំឡី​។

គ្លីនិក​ណាស៊ូមិ ឯកទេស​ជួសជុល​តុក្កតា​ទន់ៗ​ និង​តុក្កតា​សម្រាប់​ឱប​នេបនិត្យ​ផ្សេង​ៗ​ឱ្យ​ក្លាយ​មក​ជា​រូបរាង​ស្អាត​ដូច​ដើម​វិញ​ ដែល​ផ្គាប់​ចិត្ដ​ម្ចាស់​​ដូចជា កញ្ញា​ យូអ៊ិ កាតុ ដែល​នាំ​យក​តុក្កតា​ចៀម​ឈ្មោះ យូគិ-ចាន់ មក​ជួស​ជុល​។

យុវតី​វ័យ ២៤ ​ឆ្នាំ​ បាន​ប្រាប់ AFP ថា​៖ «​ខ្ញុំ​គិត​​ថា ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បោះ​វា​ចោល​ទេ​​ ព្រោះ​វា​​រហែក​អស់​ហើយ​។ ប៉ុន្ដែ​ក្រោយ​មក ខ្ញុំ​បាន​ដឹង​អំពី​គ្លីនិក​ដែល​ជួយ​ព្យាបាល​ជំងឺ​ប្រភេទ​នេះ​។ វា​អាច​នឹង​មិន​ល្អ​ដូច​ដើម តែ​ខ្ញុំ​មក​ទី​នេះ​ដោយ​ចង់​ឱ្យ​​សំណព្វ​ចិត្ដ​ខ្ញុំ​មាន​សុខភាព​ល្អ​វិញ​»។

ស្ថាបនិក​គ្លីនិក ណាស៊ូមិ ហាកូហ្សាគិ បាន​និយាយ​ថា គ្លីនិក​ផ្ដល់​ការ​ព្យាបាល​ជា​ច្រើន​ចាប់​ពី​​ការ​ «​ការ​វះ​កាត់​ភ្នែក​» និង​ដាំ​សក់​រហូត​ដល់​ដេរ​របួស​ស្នាម​​តុក្កតា​សំណព្វ​ចិត្ត​ម្ចាស់​។

អ្នកស្រី​ចាប់​ផ្ដើម​ព្យាបាល​តុក្កតា​ញាត់​សំឡី​នេះ​តាំង​ពី​ ៤ ​ឆ្នាំ​មុន​នៅ​​ស្រុក​​កំណើត​ ភាគ​ខាង​ជើង​​ក្រុង​សេនដាយ ក្រោយ​ពី​ធ្វើ​ការ​នៅ​ហាង​សម្លៀក​បំពាក់​ ជា​ទី​ដែល​ភ្ញៀវ​​តែងតែ​ស្នើ​សុំ​ឱ្យ​អ្នកស្រី​ជួយ​ជួសជុល​តុក្កតា​សំណព្វ​​​ពួក​គេ​។

អ្នកស្រី ហាកូហ្សាគិ បាន​ឱ្យ​ដឹង​ថា​៖ «​អតិថិជន​ចាត់​ទុក​តុក្កតា​ញាត់​សំឡី​ជា​សម្លាញ់​ជិត​ស្និទ្ធ​​បំផុត​។ វា​មិនមែន​ត្រឹមតែ​វត្ថុ​លេង​នោះ​ទេ។ ក្រោយ​ពី​តុក្កតា​ត្រូវ​បាន​ព្យាបាល​រួច ពួក​គេ​មិន​ភ្លេច​ឱប​ថើប​ទាំង​​រំភើប​ស្រក់​ទឹក​ភ្នែក​ឡើយ​»។

ម្ចាសសត្វ​ចៀម​ញាត់សំឡី យក​វា​ទៅ​ព្យាបាល​នៅ​គ្លីនិក​ណាស៊ូមិ​ ដែលជំនាញជួលជុលតុក្កតា​។ រូបថត AFP

បទពិសោធ​នេះ​បាន​ញ៉ាំង​ចិត្ដ​អ្នកស្រី​ឱ្យ​បើក​ហាង​មួយ​ដល់​ការ​ព្យាបាល​ពិសេស​។ សម្រាប់​តុក្កតា​ចៀម​ យូគិ-ចាន់ ដំបូង​បំផុត​ អ្នកស្រី ហាកូហ្សាគិ ត្រូវ​​រើ​សំឡី​ចេញ​ រួច​បោក​សម្អាត​ជាមួយ​សាប៊ូ​ពិសេស ដែល​អ្នកស្រី​ហៅ​ថា «​ការ​ព្យាបាល​តាម​រយៈ​ស្ប៉ា​»។

គ្លីនិក​រមែង​ថត​ដំណាក់កាល​ព្យាបាល​នីមួយៗ​ រួច​​បង្ហោះ​រូបភាព​ទាំង​នោះ​តាម​អនឡាញ។

ចៀម​យូគិ​-​ចាន់ ដែល​ជា​តុក្កតា​សំឡី​កខ្វក់​ ត្រូវ​ឆ្លង​កាត់​ការ​​បោក​គក់​ពិសេស​បាន​ធ្វើ​ឱ្យ​ស្បែក​ក្រណាត់​ប្រែ​ជា​ស្រស់​ស្អាត​ ហើយ​​វេជ្ជបណ្ឌិត ហាកូហ្សាគិ បាន​​​​សំឡី​​ថ្មី​ដល់​តុក្កតា​ចៀម​។

ពេល​ដេរ​ភ្ជិត​រួច​រាល់ សំឡី​ត្រូវ​បាន​ញាត់​ចូល​ក្នុង​​ក្រណាត់​ចៀម ដែល​ផ្ដល់​នូវ​ជីវិត​ជីវ៉ា​ថ្មី​ដល់​ យូគិ​-ចាន់ លើកលែង​តែ​បេះដូង​ ដែល​ប្រើ​ក្រណាត់​ពណ៌ផ្កា​ឈូក​ និង​ញាត់​សម្ភារ​ដើម​សេសសល់​បន្ដិចបន្ដួច​។

អ្នកស្រី ហាកូហ្សាគិ អាយុ ៣៤ ​ឆ្នាំ ​បាន​ចាត់​ទុក​​​ការ​ព្យាបាល​នេះ​ជា​វិធី​បញ្ជូន​​ «​ដួង​ព្រលឹង​» តុក្កតា​ទៅ​ជា​រាង​កាយ​ថ្មី​៕ AFP/HR