សម្ភារ​ធ្វើ​ពី​ស្រទបស្លា គឺជា​គំនិត​សាកល្បង​ថ្មី​មួយ​របស់​ស្ថាបនិក​ជា​អ្នក​គិតគូរ​ដល់​បរិស្ថាន លោក ហួ ឆៃងន់ ស្រប​ពេលដែល​ប្រជាជន​កម្ពុជា​មាន​ការយល់​ដឹង​ច្រើន និង​បង្កើន​ឥរិយាបថ​ជម្រើស​សម្ភារ​មិនមែន​ប្លាស្ទិក រួមមាន​ការកែច្នៃ​របស់​ប្រើប្រាស់​ពី​ឫស្សី ផ្ដៅ និង​រពាក់។

ស្ថាបនិក Areca Cam ផលិតផល​ស្រទបស្លា​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា គំនិត​ផ្ដួចផ្ដើម​នៃ​ការផលិត​កើតចេញ​ពី​បទពិសោធ​ការងារ​បរិស្ថាន ដោយ​រូបលោក​ក៏ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​នៃ «ក្រៀល​កម្ពុជា» (Creal Cambodia) ដើម្បី​បរិស្ថាន​ និង​ការកាត់បន្ថយ​ប្លាស្ទិក​នៅ​កម្ពុជា។

លោក ឆៃងន់ បាន​រំឭក​ប្រាប់ថា៖ «ពេល​ខ្ញុំ​ប្រឡូក​ជាមួយ​ការងារ​បរិស្ថាន ជា​រឿង​ធុញទ្រាន់​ណាស់​ពេល​ឃើញ​ប្រអប់​ស្នោ​សព្វគ្រប់​បែបយ៉ាង​នៅ​គ្រប់កន្លែង។ អ្នក​ឡើង​ភ្នំ​ក៏​យក​ទៅ​ជាមួយ​ហើយ​សម្រាប់​ការងារ​ប្រចាំថ្ងៃ​ដែល​មិនចាំបាច់​ក៏ប្រើ​វា»។

លោក​បាន​ទទូចថា៖ «យើង​ដឹងថា​របស់​អស់​នេះ​មិនល្អ​ដល់​បរិស្ថាន យើង​ក៏​ព្យាយាម​រក​របស់​អី​ដែល​អាច​ជំនួស​ការប្រើប្រាស់​វា​បាន»។

តាមពិត​ទៅ​ផលិតផល​ស្រទាប់​ស្លា​មិនមែន​ជា​ផលិតផល​ទី ១ ដែល​លោក​ធ្វើឡើង​ទាក់ទង​ជាមួយ​នឹង​ការងារ​បរិស្ថាន​ទេ។

សម្ភារ​ដែល​លោក​ផលិត​បាន​រួមមាន ចាន​ដាក់​បាយ​ដាក់​សម្ល ប្រអប់ ស្លាបព្រា សម និង​កាំបិត។ សហការី

ដំណើរការ​អាជីវកម្ម​ជាង ២ ឆ្នាំ លោក ឆៃងន់ បានដាក់​លក់​នូវ​សម្ភារ​ធ្វើ​ពី​ឫស្សី ដូចជា​កែវ​ និង​ដប​ទឹក​រក្សា​កម្ដៅ ជាដើម។

បន្ថែម​ពី​លើ​ជម្រើស​សម្ភារ​គិតគូរ​បរិស្ថាន​នេះ ផលិតផល​ពី​ស្រទបស្លា​មិន​ត្រឹមតែ​ជា​ចំណែក​ធំ​មួយ​នៃ​ការកាត់បន្ថយ​ប្លាស្ទិក​នោះទេ។ លោក​អះអាង​ថា ចង្វាក់​ផលិតកម្ម​បាន​ផ្ដល់​ការងារ​ដល់​ប្រជាជន​សហគមន៍​អំឡុងពេល​មាន​វិបត្តិ​កូវីដ​ផងដែរ។

លោក​បាន​ពន្យល់​ប្រាប់ថា៖ «ពេល​យើង​ដើររក​ទិញ​ស្រទបស្លា​តាម​ភូមិ ចាស់ៗ ក្មេងៗ​មួយ​ចំនួន​ដែល​មិនមាន​អ្វី​ធ្វើ គាត់​បាន​ដើរ​រើស​ស្រទបស្លា​មក​លក់​ឱ្យ​យើង។ មួយវិញ​ទៀត​ស្រទបស្លា​ងាយស្រួល​ផលិត​ចេញ​ជា​ចាន​ និង​សម្ភារ​ផ្សេងទៀត។ សម្រាប់​អ្នក​ដែល​មិនចេះ​អក្សរ​ក៏​អាច​ធ្វើបាន​ដោយ​គ្រាន់តែ​យក​មក​លាង​ទឹក​ឱ្យ​ស្អាត​ហើយ​ដាក់ចូល​ម៉ាស៊ីន​ជាការ​ស្រេច»។

ទោះជា​ផលិតផល​ពី​ស្រទបស្លា​មិនទាន់​បាន​ដាក់លក់​ជា​ផ្លូវការ​នៅលើ​ទីផ្សារ​ក្ដី តែ​ស្ថាបនិក​វ័យ ៣០ ឆ្នាំ​រូបនេះ​បាន​ប្រាប់ថា៖ «យើង​ទើបតែ​ចាប់ផ្ដើម​ការផលិត​សាកល្បង​កាលពី​ដើម​ឆ្នាំ ២០២១ នេះឯង។ ក្នុង​ខណៈ​ពេលនេះ​យើង​កំពុង​បន្ត​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​ការផលិត​ជា​បន្តបន្ទាប់​ដូចជា​លើ​ទំហំ​ដែល​ទីផ្សារ​ត្រូវការ​ និង​ស្វែងរក​ចំនួន​ស្រទបស្លា​ដែល​យើង​នឹង​ត្រូវការ​ផងដែរ»។

ចង្វាក់​ផលិតកម្ម​បាន​ផ្ដល់​ការងារ​ដល់​ប្រជាជន​សហគមន៍​អំឡុងពេល​មាន​វិបត្តិ​កូវីដ​ផងដែរ។ សហការី

លោក ឆៃងន់ បញ្ជាក់ថា៖ «យើង​សាកល្បង​ប្រើ​ប្រចាំថ្ងៃ​ខ្លួនឯង​ និង​ឱ្យ​ក្រុមការងារ​យើង​សាកល្បង​ព្រោះ​យើង​មិនទាន់​ផលិត​បាន​ទូលំទូលាយ​ច្រើន​ទេ»។

ក្នុងដំណាក់កាល​នៃ​ការសាកល្បង លោក​បាន​ប្រាប់ថា​លោក​ជួប​ប្រទះ​បញ្ហា​មួយចំនួន។ អតិថិជន​ភាគច្រើន​សូញសាញ​រឿង​តម្លៃ ដោយសារ​តែ​វា​ជា​ផលិតផល​ធម្មជាតិ​ និង​ធ្វើ​ដោយ​ដៃ​ ដូច្នេះ​តម្លៃ​របស់​វា​ខ្ពស់​ជាងគេ​បន្តិច។ បញ្ហា​មួយទៀត​គឺ​ការផ្គត់ផ្គង់​ស្រទបស្លា​ និង​ការរក្សា​ទុក។

លោក​បន្តថា៖ «ប្រជាពលរដ្ឋ​ចង់​លក់ៗ​ចង់អត់ៗ​ដែល​ធ្វើឱ្យ​ពិបាក​នៅពេល​មាន​តម្រូវការ។ បើសិន​យកមក​ស្ដុកទុក​វា​ងាយ​ខូច​នាំ​ឱ្យ​ខូចខាត​ដើមទុន។ តែបើ​មិន​ស្តុក​ទុក​ភ្ញៀវ​រក​ច្រើន​អាច​នឹងមិន​មាន​ឱ្យ​ពួកគាត់​តាម​ការកំណត់»។

យ៉ាងណាមិញ​លោក​បានឱ្យ​ដឹង​វិញ​ថា​លោក​បាន​ប្ដូរ​វិធីសាស្ត្រ​ផលិត​ដោយ​ការសម្ងួត ដែល​អាច​ទុក​បានយូរ​ជាង​ការយក​ស្រទបស្លា​មក​រក្សាទុក​តែម្ដង។ ម្យ៉ាងទៀត ដំណើរការ​បែបនេះ វា​បាន​ជួយ​កម្ចាត់​មេរោគ​រួចរាល់​ធ្វើឱ្យ​ស្រទបស្លា​មិន​ងាយ​ដុះ​ផ្សិត ខូច​ទ្រង់ទ្រាយ ឬ​រលា​នោះទេ។

ស្រទបស្លា​ត្រូវបាន​សម្ងួត កម្ចាត់​មេរោគ​រួចរាល់​ធ្វើឱ្យ​វា​មិន​ងាយ​ដុះ​ផ្សិត ខូច​ទ្រង់ទ្រាយ ឬ​រលា​នោះទេ។ សហការី

ស្ថាបនិក Areca Cam ផលិតផល​ស្រទបស្លា​បាន​ពន្យល់​ប្រាប់​ពី​វិធីសាស្ត្រ​នេះ​ថា៖ «យើង​អាច​ទុក​បានយូរ​ដែរ​ព្រោះ ៣ ទៅ ៤ ខែ ដែល​យើង​បើក​សាកល្បង​មិនទាន់​ឃើញ​មាន​បញ្ហា​អ្វី​ទេ។ ប៉ុន្តែ​ទាក់ទង​នឹង​ការទុកដាក់​វា​អាស្រ័យ​លើក​ត្តា ២ យ៉ាង។ វា​អាច​អាស្រ័យ​លើ​កម្លាំង​ម៉ាស៊ីន​យើង​ និង​អាស្រ័យ​លើ​អ្នក​រក្សាទុក​ដែរ»។

លោក ឆៃងន់ បន្តថា៖ «បើ​គ្រាន់តែ​ទុក​ធម្មតា​វា​មិនជា​បញ្ហា​អី​ទេ។ បើ​គាត់​លាង​ផ្កាប់ កុំ​ផ្កាប់​ឱ្យ​ហប់​បិទ​ជិត​ខ្លាំងពេក ដាក់​វា​ឱ្យ​រាង​ឆ្ងាយ​ពី​គេ​បន្តិច​ក៏​ល្អ។ យើង​ប្រើ ៦ ទៅ ៧ ដង​មិនទាន់​ឃើញ​មាន​បញ្ហា​អី​ទេ»។

ពេលនេះ​សម្ភារ​ដែល​លោក​ផលិត​បាន រួមមាន ចាន​ដាក់​បាយ​ដាក់​សម្ល ប្រអប់ ស្លាបព្រា សម និង​កាំបិត។ គម្រោង​ក្នុង​ថ្ងៃ​អនាគត​លោក​ចង់​អភិវឌ្ឍ​ជា​ចំណី​សត្វ​ដោយ​តម្រូវ​ឱ្យ​មាន​បច្ចេកទេស​មួយចំនួន​ក្នុង​ការកែច្នៃ។

ទីតាំង​ផលិត​ដំបូង​ និង​ដំណើរ​ការប្រមូល​ស្រទបស្លា ត្រូវ​បាន​លោក​កំណត់​យក​ខេត្ត​កំពង់ចាម​ និង​ខេត្ត​ត្បូងឃ្មុំ​ព្រោះ​លោក​ប្រាប់ថា វា​ជា​ខេត្ត​ដែល​សម្បូរ​ស្រទបស្លា​ស្រាប់។ ដូច្នេះ​តម្លៃ​ទិញយក​ធនធាន​អាច​នឹង​ធូរ​ថ្លៃ តែ​គោលដៅ​បន្ទាប់​លោក​នឹង​ព្យាយាម​ស្វែងរក​នៅតាម​ខេត្ត​ជុំវិញ ហើយ​ដាក់​ម៉ាស៊ីន​កែច្នៃ​ផលិត​នៅ​ខេត្តសៀមរាប​មួយទៀត។

លោក​ ឆៃងន់​ បាន​ឱ្យ​ដឹងថា​ថ្វីដ្បិតតែ​ឥឡូវ​ការងារ​ទាក់ទង​បរិស្ថាន​មាន​ការគាំទ្រ​ច្រើនតែ​ការគាំទ្រ​មាន ២ ប្រភេទ គឺ​ការគាំទ្រ​ទៅលើ​ស្មារតី​ផលិត​ និង​ការគាំទ្រ​ទៅ​លើ​ស្មារតី​នៃ​ការប្រើប្រាស់។

ទីតាំង​ផលិត​ដំបូង​ និង​ដំណើរការ​ប្រមូល​ស្រទបស្លា ត្រូវ​បាន​លោក​កំណត់​យក​ខេត្ត​កំពង់ចាម​ និង​ខេត្ត​ត្បូងឃ្មុំ។ សហការី

អ្នក​គិតគូរ​ដល់​បរិស្ថាន​រូប​នេះ​បាន​និយាយថា៖ «ហើយ​ខ្ញុំ​គិតថា​ពួកយើង​នៅ​ដំណាក់កាល​ទី ១ ភាគច្រើន​ប៉ុន្តែ​ជាក់ស្ដែង​យើង​មិនមាន​ការព្រួយបារម្ភ​ចំពោះ​ទីផ្សារ​នៃ​ការប្រើប្រាស់​ទេ។ ដោយសារ​យើង​មាន​ក្រុម​ស្ម័គ្រចិត្ត​ និង​មាន​បុគ្គលិក​ហាត់​ការច្រើន។ យើង​ក៏​ជា​ដៃគូ​មួយ​របស់​ក្រសួងបរិស្ថាន ដូចនេះ​យើង​មាន​ដៃគូ​មួយចំនួន​ក្នុង​ការបោះ​ឱ្យ​ពួកគាត់។ ក្រៅពីនេះ​ក៏មាន​ភ្ញៀវ​សួរនាំ​ច្រើន​ដែរ ដូចជា​ម្ចាស់​ភោជនីយដ្ឋាន​ខ្លះ​គាត់​ថាឱ្យ​តែមាន​គាត់​ទិញយក​តែម្ដង»។

លោក​កត់សម្គាល់​ឃើញថា៖ «ខ្ញុំ​យល់ថា​ស្មារតី​នៃ​ការចូលរួម​ការពារ​បរិស្ថាន​មាន​សារៈសំខាន់​តែ​លើស​ពី​នេះ​ជា​ការសំណូមពរ​មួយ​សូម​ឱ្យ​អ្នក​ដែល​ស្រឡាញ់​បរិស្ថាន​ទាំងអស់​ក្នុង​របៀប​មួយ​ដែល​ជាក់លាក់ ព្រោះ​បើ​ត្រឹម​ការនិយាយ​មិន​សូវ​ជា​ការជាក់ស្ដែង​ទេ។ យើង​បង្កើត​ក្រុមការងារ​ដោយ​មិនមាន​ជំនួយ​ពី​ណា​ទេ។ យើង​មាន​ស្មារតី​ក្នុង​ការធ្វើ​ការងារ​ និង​ចិញ្ចឹម​ខ្លួនឯង ដូចនេះ​បើ​មិន​មាន​ការគាំទ្រ ប្រហែល​ជា​ពិបាក​ក្នុង​ការដើរ​ទៅមុខ»៕

ចាន​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា ត្រូវ​បាន​ផលិត​ដោយ​ការកែច្នៃ​ពី​ស្រទបស្លា។ សហការី