ក្រុងឡុងដ៍៖ ប្រជាកសិករនៅចក្រភពអង់គ្លេស បានព្រមានកាលពីសប្ដាហ៍មុន ពីលទ្ធភាពអាចខ្វះខ្ទឹមលីក (ខ្ទឹមធំ) ដែលជាបន្លែពេញនិយមរបស់ពលរដ្ឋវែល ដោយសារតែប្រទេសនេះត្រៀមប្រារឰបុណ្យជាតិ។
ពិធីបុណ្យ St David''s Day ដែលចំថ្ងៃចន្ទនាឆ្នាំនេះ ជាទិវាអបអរសម្រាប់ពលរដ្ឋវែល ដែលរមែងប្រើប្រាស់បន្លែលីកជាអាហារប្រពៃណីដ៏ច្រើនសន្ធឹកសន្ធាប់។
ប៉ុន្ដែដំណាំរដូវរងារនេះ មានទិន្នផលផ្គត់ផ្គង់រយៈពេលខ្លីសម្រាប់ឆ្នាំនេះ ដែលជាផ្នែកមួយកើតឡើងដោយសារសីតុណ្ហភាពត្រជាក់ខ្លាំង។ នេះបើយោងតាមសមាគមន៍អ្នកដាំបន្លែលីកចក្រភពអង់គ្លេស។
ប៉ុន្ដែវាក៏អរគុណដល់តួនាទីដ៏សំខាន់របស់បន្លែលីកក្នុងរបបអាហារពលរដ្ឋវែល ដែលយល់ថា ស៊ុបបន្លែលីក និងដំបូងបារាំង ឬនំផាយលីក ជាអាហារស្នូលអំឡុងពេលវិបត្ដិកូវីដ ដោយមនុស្សម្នារមែងដាំស្លនៅផ្ទះ។
ប្រធានសមាគមន៍ ស្ដេវើត អាស្ពីណាល់ បាននិយាយថា ការលក់បានកើនឡើង ១៥ ភាគរយ ហើយអ្នកផ្គត់ផ្គង់បានបង្ខំចិត្ដនាំចូលខ្ទឹមលីកពីបណ្ដាលប្រទេសផ្សេងៗ ដូចជា ហូឡង់ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងឱកាសបុណ្យ St David''s Day។
លោកនិយាយថា៖ «គួរតែខ្ទឹមលីកមានលក់ច្រើន តែបើអតិថិជនចង់បន្ដទទួលទាន ពួកគេប្រហែលជាមិនអាចរកទិញនៅក្នុងដែនដីចក្រភពអង់គ្លេសបានឡើយ។ វាជាវេលាដែលចំនួនប្រជាជនភាគច្រើនស្វែងរកទិញផលិតផលក្នុងស្រុកជាជាងផលិតផលនាំចូល ដែលមានសារធាតុកាបោនខ្ពស់»។
ខ្ទឹមលីកតំណាងឱ្យប្រពៃណីអាហារពលរដ្ឋវែល ត្រូវបានជឿថាមានប្រវត្ដិតាំងពីសម័យ Druids ជាច្រើនសតវត្សរ៍មុនពួករ៉ូម៉ាំងឈ្លានពានចក្រភពអង់គ្លេស។
ក្នុងការសម្ដែងរបស់ វីលៀម សេកស្ពៀរ «Henry V» រាជាបានមានបន្ធូរប្រាប់អ្នកចម្បាំងវែល Fluellen ថា លោកត្រូវពាក់ខ្ទឹមលីក «ដើម្បីបញ្ជាក់ថា ខ្លួនជាពលរដ្ឋវែល ដឹងទេ អ្នកចម្បាំងដ៏ល្អ»៕ AFP/HR