ភ្នំពេញៈ ទើបតែភ្ញាក់ផ្អើលរឿងទទួលបានលុយធីបដល់ទៅជាង ២ ០០០ ដុល្លារ កាលពីទៅច្រៀងសម្ពោធកាស៊ីណូ នៅតំបន់ជាយដែនខ្មែរ-ថៃ កន្លងមកថ្មីៗសោះ តារាស្រីជ្រកឯទ្រនំថោនកូនកាត់ចិនកញ្ញា លី អ៊ីវ៉ាធីណា ក៏បន្ថែមចម្ងល់មួយទៀតគឺរឿងបង្ហោះរូបរថយន្តទំនើបថ្មីសន្លាងម៉ាកឡង់គ្រីស័រផ្អើលតាមបណ្តាញសង្គមសាជាថ្មីក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌ។
ភ្ជាប់ទៅដោយរូបស្លៀករ៉ូបឈុតពណ៌ក្រហម ឈរពត់ពេនកាយ នៅមុខរថយន្តទំនើបម៉ាក
ឡង់គ្រីស័រពណ៌ស ថ្មីសន្លាង ដែលមានតម្លៃជាង ១០ ម៉ឺនដុល្លារ ចាំងពន្លឺអគ្គិសនី នាពេលរាត្រីនោះ កញ្ញា លី អ៊ីវ៉ាធីណា តារាចម្រៀងស្រី ដែលចេះច្រៀងចម្រៀងទាំងខ្មែរទាំងចិន ក៏បង្ហើរសារសួរនាំមហាជនថា៖ «ឡាន និងមនុស្សមួយណាស្អាតជាង?»។
ក្រៅពីពាក្យពេចន៍សរសើរ និងអបអរសាទរ ឆ្លើយឆ្លងនឹងសារសួរនាំខាងលើនោះ ក៏មានអ្នកខ្លះបានចោទសួរដេញដោលពីប្រភពប្រាក់ចំណូលនៃការទិញរថយន្តទំនើបនោះតាមទម្លាប់សង្ស័យដូចជាតារាស្រីដទៃផងដែរថា៖ «អីយ៉ា!គ្រាន់តែចប់បុណ្យភ្ជុំបិណ្ឌភ្លាម កញ្ញា លី អ៊ីវ៉ាធីណា ក៏មានប្រាក់ទៅទិញរថយន្តថ្មីភ្លែត!តើជាប្រាក់ខ្លួនឯង ឬមួយនាងមានអ្នកឧបត្ថម្ភទេដឹងហ្ន?»។
យ៉ាងណាគ្រាន់តែគេបានដឹងបែបស្រពេចស្រពិលតាមរយៈសារឆ្លើយឆ្លងជាមួយប្រិយមិត្តគាំទ្រក្នុងបណ្តាញហ្វេសប៊ុកតែប៉ុណ្ណោះថា រថយន្តទំនើបនោះអាចទំនងជាកម្មសិទ្ធិរបស់កញ្ញា លី អ៊ីវ៉ាធីណា មែនទែន ដោយផ្អែកត្រង់សារយ៉ាងខ្លីនាងតបថា៖ «ត្រូវ» ដែលតបចម្លើយប្រិយមិត្តម្នាក់ឆ្លើយថា «ស្អាតទាំងព្រម J.J» ដែលបញ្ជាក់នឹងសំណួរដើមថា «ឡាន និងមនុស្សមួយណាស្អាតជាងទៅ?»។
ចំពោះ តម្លៃរថយន្តទំនើបថ្លៃប៉ុន្មាន និងប្រភពប្រាក់ចំណូលនោះ ក៏មិនទទួលបានការបកស្រាយពីកញ្ញា អ៊ីវ៉ាធីណា ឡើយ ដោយសារតែប្រព័ន្ធទូរស័ព្ទនាងមិនអាចទំនាក់ទំនងបាន។
ក្រៅពីអាជីពតារាចម្រៀងនៅទ្រនំផលិតកម្មថោននោះ តារាចម្រៀងស្រីវ័យ ៣០ ឆ្នាំ ដែលបានបដិសេធថា មិនទាន់រកម្ចាស់ស្នេហ៍បាន ក្រោយពីបែកបាក់ចំណងស្នេហាពីបុរសកូនកាត់ចិនដូចគ្នា ដែលរំពឹងដឹកដៃគ្នាចូលរោងការនោះ ក៏មានអាជីវកម្មរកស៊ីក្រៅសិល្បៈរីកដូចផ្សិតផងដែរ ដូចជាបើកសេវាកម្មតុបតែងផ្កាស្រស់ៗមានឈ្មោះថា «B Floris» និងបានបើកភោជនីយដ្ឋានចិនមួយឈ្មោះ «លីឆឹង» ដែលមានទីតាំងស្ថិតនៅខាងក្រោយភោជនីយដ្ឋានឈ្មោះថា V-Friend ផងដែរ។
កាលមុននេះក៏ផ្អើលរឿងបណ្តុំរូបថតជុំគ្នានឹងក្រុមរាំ ដែលមានដុំប្រាក់ដុល្លារ និងលុយបាតថៃជាច្រើនសន្លឹកនោះកញ្ញា លី អ៊ីវ៉ាធីណា សរសេរថា៖ «ថ្ងៃនេះបានបញ្ចប់ការងារ Grand Opening CASINO CAISEN GUOJI YUIE គឺអរគុណម្ចាស់ Casino ដែលបានផ្តល់កិត្តិយសដល់រូបនាងខ្ញុំ ហើយថែមទាំងបានឲ្យលុយធីបច្រើនទៀត ហើយ អរគុណ សម្រាប់ការទទួល យ៉ាងកក់ក្តៅ ញ៉ាំអីហើយក៏ទៅវិញទាំងយប់ ឃើញញញឹម តិចថា សប្បាយចិត្តចុះ»៕