ក្រុង​អាំស្ទែដាំ៖ ឡាន​ស្ទូច​បាន​លើក​​ទូរថភ្លើង​ក្រោម​ដី​ចេញ​ពី​ចម្លាក់​កន្ទុយ​បាឡែន​​យក្ស​កាល​ពី​ថ្ងៃ​អង្គារ ​នៅ​ទីក្រុង​​នៃ​ប្រទេស​​ហូឡង់ ​ប្រកប​ដោយ​សុវត្ថិភាព​ គឺ ​១ ​ថ្ងៃ​ក្រោយ​ពី​ចម្លាក់​​សិល្បៈ​នេះ​បាន​ទប់​ទូរថភ្លើង​ពី​ការ​រលាក់​ធ្លាក់​ទៅ​ដី​។

រថភ្លើង​បាន​បុក​ទម្លុះ​រនាំង​ការពារ​នៅ​ចុង​ផ្លូវ​រត់​ឯ​ទីក្រុង Spijkenisse ក្បែរ​ក្រុង​រុតធើដាំ កាល​ពី​ព្រលឹម​ថ្ងៃ​ចន្ទ​ និង​បន្សល់​ទុក​ទូរថភ្លើង​ប្រវែង ១០ ​ម៉ែត្រ​ ជាប់​ទើរ​លើ​ចម្លាក់​កន្ទុយ​ត្រីបាឡែន​យក្ស​។

ក្នុង​ប្រតិបត្ដិការ​ទម្លាក់​ទូរថភ្លើង​ដ៏​គួរ​ឱ្យ​ស្រៀវ​ឆ្អឹង​ខ្នង​ ក្រុម​សេវាកម្ម​សង្គ្រោះ​បាន​កាត់​ទូផ្នែក​ខាង​មុខ​ទម្ងន់ ២២ ​តោន​ ពី​តួ​ទូរថភ្លើង​កាលពី​ថ្ងៃ​អង្គារ មុន​ពេល​ឡាន​ស្ទូច​ ២ ​គ្រឿង​បាន​លើក​វា​ចុះ​មក​ដី​។

លោក ខាលី ហ្គូធ័រ អ្នក​នាំពាក្យ​អង្គភាព​សុវត្ថិភាព​រុតធើដាំរីនម៉ុង បាន​ប្រាប់​ទីភ្នាក់ងារ ​AFP នៅ​កន្លែង​កើត​ហេតុ​ថា​៖ «​វា​ត្រូវ​ការ​ពេលវេលា​យូរ​ជាង​ការ​រំពឹង​ទុក​។ វា​ដោយសារ​តែ​យើង​មិន​អាច​មើល​ឃើញ​អ្វី​នៅ​ពី​ក្រោម​ទូរថភ្លើង​ ហើយ​យើង​បាន​ឃើញ​របស់​ខ្លះ​ ដែល​មិន​អាច​វាយ​តម្លៃ​ច្បាស់​បាន ដូច្នេះ​យើង​ត្រូវ​ប្រថុយ​ប្រតិបត្ដិការ​ទម្លាក់​វា​ចុះ​»។

សកម្មភាព​នេះ​នាំ​ឱ្យ​មាន​ការ​ខូចខាត​ខ្លះ​ចំពោះ​ចម្លាក់​បាឡែន​អាយុ​កាល ២០ ​ឆ្នាំ ដែល​ឈរ​ត្រដែត​នៅ​ឧទ្យាន​ក្នុង​ស្រុក​ និង​ត្រូវ​បាន​ដាក់​រហស្សនាម​ថា «​កន្ទុយ​សង្គ្រោះ​»។​

អ្នក​បើក​បរ​រថភ្លើង​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ​ក្នុង​ឧប្បត្ដិហេតុ​នោះ ហើយ​សំណាង​ល្អ​​ក៏​គ្មាន​អ្នក​ដំណើរ​នៅ​លើ​នោះ​ដែរ​។

លោក ហ្គូធ័រ បាន​និយាយ​ថា មូលហេតុ​បង្ក​ឱ្យ​ជួប​គ្រោះ​ថ្នាក់​នោះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ តែ​អាជ្ញាធរ​ហូឡង់​រំពឹង​ថា​ ទិន្នន័យ​ក្នុង «​ប្រអប់​ខ្មៅ​» ដែល​​ស្ថិត​នៅ​ទូរថភ្លើង​ខាង​មុខ នឹង​បង្ហាញ​ពី​តម្រុយ​នាំ​ឱ្យ​មាន​ហេតុការណ៍​នេះ​កើត​ឡើង​​៕ AFP/HR