ភ្នំពេញ៖ ទម្រង់​សត្វ​បក្សី​អើត​​ក្បាល​ងើយ​មើល​មេឃ តភ្ជាប់​ជាមួយ​ក​ដ៏​វែង ខណៈ​រាង​កាយ​ផ្គុំ​ពី​គ្រឿង​បន្លាស់​ដែក​តូចៗ​ជា​ច្រើន​​​រំលេច​ជា​រូបរាង​បេះដូង ហើយ​ជើង​ត្រូវ​បាន​ទ្រ​ដោយ​ទម្រ​រាង​ដូច​ថូ​ផ្កា​ចំនួន ៤។

នេះ​គឺ​ជា​ «​បេះដូង​បក្សី​» ហើយ​​វា​ជា​ចម្លាក់​សត្វ​ស្លាប​កម្រ​ដែល​ត្រូវ​បាន​រចនា​ឡើង​ពី​គ្រឿង​លោហៈ​ធាតុ​​សម្រាប់​ទាក់ទាញ​​​អ្នក​ទស្សនា​ឲ្យ​មាន​ការ​ស្រឡាញ់​ចូលចិត្ដ​សត្វ​ស្លាប​នានា​។

សិល្បករ​ចម្លាក់​សម័យ​ទំនើប លោក អ៊ុក ជឹម​វិចិត្រ ​​​​​បាន​ឲ្យ​ដឹង​ថា​៖ «​បេះដូង​បក្សី​នេះ​ ខ្ញុំ​ចង់​​សំដៅ​លើ​សត្វ​ស្លាប​គ្រប់​ប្រភេទ​ដែល​ជិត​ផុត​ពូជ​ ពី​ព្រោះ​វា​ជា​ការ​ច្នៃ​ប្រឌិត​ដើម្បី​ឲ្យ​មហាជន​មាន​ការ​ស្រឡាញ់ និង​ចាប់​អារម្មណ៍​​បក្សី​មាន​ទម្រង់​បេះដូង និង​សម្រាប់​តាំង​លម្អ​»។

ស្នាដៃ​ចម្លាក់​បេះដូង​បក្សី របស់​សិល្បករ​ អ៊ុក ជឹម​វិចិត្រ ជា​ផ្នែក​មួយ​នៃ​ស្នាដៃ​ចម្លាក់​លោហៈ​ជា​ច្រើន​ទៀត​របស់​លោក​ ដែល​ស្ថិត​ក្នុង​ចំណោម​ស្នាដៃ​​អ្នក​សិល្បៈ​ជា​ច្រើន​រូប​​​​​ត្រូវ​បាន​ចង​ក្រង​ប្រមូល​ផ្ដុំ​ ដោយ​​វិចិត្រ​សាល​ក្បាច់ ក្រោម​ចំណង​ជើង​ថា «ក្បាច់​ប្រមូល​ផ្ដុំ​​ឆ្នាំ ​២០២០»។

លោក អ៊ុក ជឹម​វិចិត្រ​ ដែល​ទើប​បាន​ចូលរួម​​បង្ហាញ​ស្នាដៃ​នៅ​ស្ថានទូត​បារាំង​នា​ពេល​ថ្មីៗ ជា​អតីត​និស្សិត​នៃ​គម្រោង​សិល្បៈ​សន្ដិភាព​កម្ពុជា​ និង​បាន​សិក្សា​​ចម្លាក់​បែប​ទំនើប​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ក្នុង​ឆ្នាំ ​២០០៦​។

ចម្លាក់​សត្វ​ស្លាប ជា​ស្នាដៃ​របស់លោកត្រូវ​បាន​ដាក់​តាំង​បង្ហាញនៅ​វិចិត្រសាល​ក្បាច់​​។ហុង មិនា

នៅ​ក្នុង​ «​ក្បាច់​ប្រមូល​ផ្ដុំ» លោក ជឹមវិចិត្រ ​ត្រូវ​បាន​ចង​ក្រង​​ស្នាដៃ​ចម្លាក់​លោហៈ​ ចំនួន ៦ ឈុត​ ចាប់​ពី​ចម្លាក់​ដំរី​មាស បក្សី​ផុត​ពូជ គ្រួសារ​ក្រសា បេះដូង​បក្សី រហូត​ដល់​ចម្លាក់​រូប​តារា​វាយ​កូន​ហ្គោល​ ថៃហ្គ័រ វូដ និង​តារា​បាល់​ទាត់​ ដេវីដ បេកខេម​។

លោក អ៊ុក ជឹមវិចិត្រ អាយុ ៣៨ ឆ្នាំ បាន​ប្រាប់​ ភ្នំពេញ​ប៉ុស្ដិ៍​ ថា​៖ «​ចំពោះ​ចម្លាក់​បក្សី ខ្ញុំ​​មាន​ការ​ផលិត​ឡើង​ច្រើន​ជាង​​ចម្លាក់​ផ្សេងៗ​ និង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ និង​លក់​នៅ​ក្រៅ​ប្រទេស​ ដូចជា ហាង សណ្ឋាគារ និង​វិចិត្រសាល​នានា​។ ចម្លាក់​បក្សី​ទាំង​នោះ រួម​មាន សត្វ​ឥន្ទ្រី​នៅ​សារមន្ទីរ​សិង្ហបុរី ចម្លាក់​ក្រសា ត្រដក់ បក្សី​សន្ដិភាព និង​គ្រួសារ​ក្រសារ​ជាដើម»។

ចម្លាក់​បក្សី​ត្រូវ​បាន​រចនា​ឡើង​ពី​កម្ទេច​​អាវុធ​យុទ្ធភណ្ឌ​សុទ្ធសាធ​ ដែល​ជា​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការ​ប្រមូល​ និង​កម្ទេច​ចោល​នូវ​អាវុធ​ខុស​ច្បាប់​នៅ​ទូទាំង​ប្រទេស​​។

សិល្បករ​ ជឹម​វិចិត្រ បាន​ឲ្យ​ដឹង​ថា សិល្បករ​អង់គ្លេស​ Sasha Constable បាន​បង្កើត​​ក្រុម​ការងារ​មួយ​ជាមួយ​សិល្បករ​ខ្មែរ​ ដោយ​ផ្ដោត​សំខាន់​លើ​ការ​ស្វែង​រក​សន្ដិភាព​ដែល​ចាប់​ផ្ដើម​ឡើង​ពី​ខ្លួន​ឯង​មុន​គេ។

សិល្បករ​ខ្មែរ​ដែល​ផលិត​ចម្លាក់​នាគ​សន្ដិភាព​ពី​កាំភ្លើង​ AK-47 ចាស់ៗ​ចំនួន ៣ ០០០ ដើម​ ទម្ងន់ ​៣ តោន ​កាល​ពី​ឆ្នាំ ​២០០៧ រូប​នេះ​ បាន​ឲ្យ​ដឹង​ថា គំនិត​ក្នុង​ការ​បង្កើត​ស្នាដៃ​សិល្បៈ​​នេះ គឺ​មាន​តាំង​ពី​ដូនតា​ខ្មែរ​មក​ម្ល៉េះ​។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​ប៉ុន្ដែ​ចម្លាក់​ច្នៃ​ពី​កាំភ្លើង​មិន​សូវ​មាន​ច្រើន​នោះ​ទេ​។ ដោយសារ​យុទ្ធសាស្ដ្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ស្វែង​រក​សន្ដិភាព​ជូន​ប្រជាជន​តាមរយៈ​ការ​​កម្ទេច​កាំភ្លើង​យុទ្ធភណ្ឌ​ទូទាំង​ប្រទេស​ ទើប​ការ​កែច្នៃ​ចម្លាក់​​​កាំភ្លើង​នេះ​លេច​ចេញ​ជា​រូបរាង​ឡើង​នៅ​អំឡុង​ឆ្នាំ ​២០០៣ និង​ឆ្នាំ ​២០១០​ ដែល​កម្ពុជា​លែង​មាន​កាំភ្លើង​ខុស​ច្បាប់​»។

កិច្ចការ​ផ្សា​បំណែក​លោហៈ​បង្កើត​ជា​ស្នាដៃ​សិល្បៈ​។ រូបថត សហ​ការី

លោក អ៊ុក ជឹមវិចិត្រ បាន​បង្កើត​ស្នាដៃ​ជា​ច្រើន​ទាក់ទង​នឹង​ចម្លាក់​ផ្គុំ​ឡើង​ពី​លោហៈ​ធាតុ​អាវុធ​យុទ្ធភណ្ឌ​ ដែល​មាន​បំណង​ផ្សព្វផ្សាយ​អំពី​ផល​លំបាក​​ដោយសារ​សង្គ្រាម​។ ស្នាដៃ​ទាំង​នោះ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ក៏​ដូចជា​ធ្វើ​ការ​លក់​ថែម​ទៀត​ផង​។

លោក​បាន​អះអាង​ទៀត​ថា​៖ «​មាន​​ស្នាដៃ​ធំ​ៗ​ផ្សេង​ទៀត​ត្រូវ​បាន​តាំង​បង្ហាញ​នៅ​ក្នុង​សួន​ច្បារ​នានា​ ដូចជា នៅ​រមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​វត្ដ​ភ្នំ នោះ​គឺជា​បក្សី​សន្ដិភាព​ ត្រី​សន្ដិភាព នៅ​កំពង់​ធំ ព្រម​ទាំង​​នាគ​សន្ដិភាព និង​អប្សរា​សន្ដិភាព​នៅ​បាត់ដំបង​»។

ដោយ​ត្រូវ​បាន​ជ្រើសរើស​ជា​ស្នាដៃ​ឆ្នើម​ប្រចាំ​ឆ្នាំ​ពី​វិចិត្រសាល​ក្បាច់​ ចម្លាក់​លោហៈ​ទាំង ៦ ឈុត​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​វិចិត្រសាល​ក្បាច់​ និង​ដាក់​លក់​សម្រាប់​អ្នក​ស្រឡាញ់​​ស្នាដៃ​សិល្បៈ​ច្នៃ​ប្រឌិត និង​បង្ក​អត្ថន័យ​ចន្លោះ​តម្លៃ​ពី ៥ ៥០០ ដុល្លារ​ដល់ ​១៨ ៥០០ ដុល្លារ​។

វិចិត្រសាល​ក្បាច់ ស្ថិត​នៅ​ក្នុង​អគារ Phnom Penh Factory លើ​ផ្លូវ​ជាតិ​លេខ ២ នៃ​សង្កាត់​ចាក់​អង្រែ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។

សម្រាប់​ព័ត៌មាន​លម្អិត​សុំ​ចូល​ទៅ​កាន់​ហ្វេសប៊ុក @KBachArts៕