ខេត្ត​សៀមរាប៖ នៅ​ទីបំផុត​​ទីតាំង​កន្លែង​ថ្មី​ សម្រាប់​បង្កើត​ស្នាដៃ​ចម្លាក់​ដី​របស់​ក្រុម​បង្កើត​វីដេអូ​​ប្លែកៗ ​ដែល​មាន​ឈ្មោះ​​ Channel ថា​ Leurt Wilderness​ និង Building Technology រក​បាន​កន្លែង​ថ្មី​ និង​កំពុង​​តែ​បង្កើត​បាន​​ក្បាច់​ចម្លាក់​​​ជីក​​​​ដី​ជា​បណ្តើរៗ​ហើយ តែ​ដោយសារ​​​មិន​​​ទាន់​រួច​រាល់​អស់​នោះ​​ ទើប​មិន​ទាន់​អនុញ្ញាត​ឱ្យ​ទេសចរ​​ចូល​​ទស្សនា​។

គួរ​រំឭក​ផង​ដែរ​ថា ​ក្រុម​បង្កើត​វីដេអូ​​ប្លែកៗ​ ដែល​​មាន​ឈ្មោះ​​ Channel ​ថា​ Leurt Wilderness​ ​នេះ​ មាន​​គម្រោង​​​​​ភាគ​​ច្រើន​​​ជា​ប្រភេទ​វីដេអូ​​បង្ហាញ​ពី​​​ការ​​សង់​លំនៅឋាន​របស់​​​សត្វ​​​​ដោយ​​​ក្រុម​មនុស្ស​ព្រៃ​ ឬ​មនុស្ស​​​បុរាណ​​​តាមរយៈ ​Channel ២ ផ្សេង​​​គ្នា ខណៈ​​​​​លោក ពាញ​ សេដ្ឋា ធ្លាប់​​​បញ្ជាក់​ពេល​មុន​​​ថា ក្រុម​​លោក​​​មាន​ Channel ២ គឺ​ ​Channel ធំ ​​មាន​ឈ្មោះ​​ ថា Building Technology ​​​ដែល​​មាន​ស្នា​ដៃ​​​​​​​ចំនួន ៧០​ វីដេអូ​ និង ១ ទៀត​​​ Channel តូច​មាន​​​​ឈ្មោះ​ថា​ Leurt Wilderness ដែល​មាន​បង្កើត​​ស្នាដៃ​​​ចំនួន​ ៣០ វីដេអូ​។​

លោក ពាញ សេដ្ឋា ​ដែល​​​​​​កាល​ពី​​​​​មុន​​​លោក​មាន​មុខ​​​របរ​ជា​​គ្រូ​​បង្រៀន​​​ ហើយ​ក៏​បាន​​ដូរ​មុខ​របរ​មក​​​​​ជា​​អ្នក​បង្កើត​​​​វីដេអូ​ (Video ​Creator) បង្ហោះ​​តាម ​Channel​ ​បាន​បង្ហើប​​​ពី​ភាព​​​​ល្បីល្បាញ​នៃ​គម្រោង​ចម្លាក់​ជីក​​ដី​នៅ​សៀមរាប​របស់​លោក​ជាមួយ​នឹង​​​​ប្អូន​ថ្លៃ​ប្រុស​​ឈ្មោះ​លោក តាន់ ម៉ូលី ​​​​ជា​​អ្នកជំនាញ​​ផ្នែក​ព័ត៌មានវិទ្យា​​​ បាន​​​បង្កើត​​​ជាង​ចំនួន​ ​៣ ឆ្នាំ​មក​ហើយ​ដែរ។ ​

ចម្លាក់ប្រាសាទដី​នៅ​ទី​តាំង​ថ្មី​ក្នុង​ខេត្តសៀមរាប​​។ Leurt Wilderness

ខណៈ​ស្នាដៃ​ចម្លាក់​​ជីក​​​ដី​នៅ​តំបន់​ដី​​​ព្រៃ​​សហគមន៍​នៅ​ក្នុង​​ស្រុក​សូទ្រនិគម​ ​​ខេត្ត​សៀមរាប ដែល​ជា​ការ​បង្កើត​ស្នាដៃ​ចុង​ក្រោយ​នោះ​ ​​ក៏​បាន​ទាក់ទាញ​​​ចំណាប់​អារម្មណ៍​​​​ពលរដ្ឋ​​ខ្មែរ​​ទាំង​​​​​ក្នុង​​តំបន់ និង​នៅ​ទីឆ្ងាយ​យ៉ាង​​​ខ្លាំង​ កាល​ពី​​រដូវកាល​ពី​បុណ្យ​​ភ្ជុំ​​បិណ្ឌ​​កន្លង​មក​​។​

ដោយ​ឡែក​​ខណៈ​ពេល​ថ្មីៗ​នេះ​ គេ​ក៏​ឃើញ​​លេច​ចេញ​​នូវ​សកម្មភាព​ចម្លាក់​ដី​ជា​បណ្តើរៗ​ នៅ​កន្លែង​ទីតាំង​ថ្មី​ ហើយ​ក៏​មាន​ស្នាដៃ​​​ច្រើន​​ជាង​មុន​ទៅ​​ទៀត​។ ​នេះ​បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​លោក ពាញ សេដ្ឋា​ ​ជា​​សហស្ថាបនិក​​​នៃ​​ក្រុម​បង្កើត​​វីដេអូ​​ប្លែកៗ Channel ​ឈ្មោះ​​ Leurt Wilderness លោក ពាញ សេដ្ឋា បាន​បញ្ជាក់​​ប្រាប់​ឱ្យ​ដឹង​ទីតាំង​ថ្មី និង​ចំនួន​​ស្នាដៃ​ថ្មី​ថា​៖ «សូម​គោរព និង​ជម្រាប​ជូន​ដល់​ទ្រង់ ឯកឧត្តម អស់​លោក​ លោកស្រី​ អ្នក​នាង​កញ្ញា ពុកម៉ែ​បង​ប្អូន​ ឱ្យ​បាន​ជ្រាប​ថា​ ទីតាំង​ចម្លាក់​​ផ្ទះ​ក្រោម​ដី​​​​យើង​ខ្ញុំ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​សាងសង់​ជា​​ថ្មី យើង​ខ្ញុំ​មិន​ទាន់​អនុញ្ញាត ឱ្យ​​​​ពុកម៉ែ បងប្អូន ចូល​មក​​​ទស្សនា​ទេ​នៅ​​ពេល​នេះ»។

«ក្រុម​ការងារ​យើង​ខ្ញុំ​ នឹង​ខិតខំ​ប្រឹងប្រែង​សាងសង់​ឱ្យ​​រួច​ជា​ស្ថាពរ នឹង​ជម្រាប​​ជូន​ជា​ព័ត៌មាន​​​​បើក​​​​​នៅ​​ពេល​ក្រោយ​ ដោយ​​​យើង​នឹង​​មាន​ជាង ៣០ ផ្ទះ​​ សម្រាប់​ទុក​ឱ្យ​​បងប្អូន​ចូល​ទស្សនា​​​លេង​កម្សាន្ត​ ហើយ​​យើង​ក៏​​សូម​​អរគុណ ដល់​បងប្អូន​ចំពោះ​ការ​​ស្រឡាញ់ និង​ការ​​គាំទ្រ!»៕​