ក្រុង​ប៊ែរឡាំង៖ ប៉ូលិស​អាល្លឺម៉ង់​កំពុង​ស៊ើប​អង្កេត​ឧប្បត្ដិហេតុ​បាត់​ចម្លាក់​លិង្គ​ឈើ​ដ៏​អាថ៌​កំបាំង​ ដែល​ជា​វត្ថុ​កម្សាន្ដ​ចិត្ដ​ដល់​ក្រុម​អ្នក​ឡើង​ភ្នំ​នៅ​ជួរ​ភ្នំ​បារ៉ារែន រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។

លោក Holger Stabik អ្នក​នាំពាក្យ​ប៉ូលិស​បាវ៉ារែន​និយាយ​​ថា​៖ «យើង​បាន​បើក​ការ​ស៊ើប​អង្កេត​ចំពោះ​ការ​បាត់​ចម្លាក់​លិង្គ​នេះ​»។

យោង​តាម​កាសែត​ Allgaeuer Zeitung ក្នុង​ស្រុក​បាន​ឱ្យ​ដឹង​ថា​ គល់ និង​សំណល់​ឈើ​តិច​តួច នៅ​សេសសល់​កន្លែង​ចម្លាក់​លិង្គ​យក្ស​ ដែល​មាន​កម្ពស់​ជិត ២ ​ម៉ែត្រ ​នៅ​ភូមិ ​Alpine ក្រុង ​Rettenberg។

ស្ដ្រី​ម្ចាស់​ស្រុក​ម្នាក់​បាន​ប្រាប់​កាសែត​​នេះ​ថា​៖ «​ច្បាស់​ជា​មាន​នរណា​ម្នាក់​អារ​ផ្ដាច់​នា​ពេល​យប់​»។

លោក Stabik បាន​ឱ្យ​ដឹង​​ថា​ ប៉ូលិស​មិន​ច្បាស់​ថា តើ​វាជា​អំពើ​ឧក្រិដ្ឋ​ ហើយ​ក៏​មិន​ច្បាស់​ថា នរណា​ជា​អ្នក​ដំឡើង​លិង្គ​យក្ស​នោះ​ ឬ​ដាក់​វា​យ៉ាង​ដូច​ម្ដេច​ពី​មុន​មក​នោះ​ទេ​។

លោក​បន្ដ​ថា​៖ «​បញ្ហា​នេះ​ទំនង​ជា​មិន​ស្ថិត​ក្នុង​របៀបវារៈ​នៃ​ការ​ស៊ើប​អង្កេត​នោះ​ទេ តែ​វា​អាច​ជា​ម្ចាស់ ដែល​អារ​កាត់​លិង្គ​នោះ​យក​ទៅ​វិញ​»។

ចម្លាក់​លិង្គ​ឈើ​ត្រង់​ឆ្កឹង​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នៅ​ពេល​វា​​ត្រូវ​បាន​គេ​ដំឡើង​ឡើង​វិញ​ ក្រោយ​ពី​មាន​សត្វ​រុញ​ផ្ដួល​។

អភិបាល​ក្រុង Rettenberg បាន​និយាយ​ថា​ វា​ពិត​ជា​គួរ​ឱ្យ​សោកស្ដាយ​ដែល​បាត់បង់​ «​វិមាន​វប្បធម៌» ​ដ៏​ចម្លែក​នេះ​ ដែល​ជួយ​ផ្សព្វផ្សាយ​ទេសចរណ៍​តំបន់​យើង​។

ស្នាដៃ​សិល្បៈ​នេះ​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​ «​វិមាន​វប្បធម៌» នៅ​លើ​ផែនទី​របស់​ហ្គូហ្គល​ (Google Map) ផង​ដែរ៕ AFP/HR