ភ្នំពេញ៖ ទោះបីមានទេពកោសល្យល្អឯកសិល្បៈគំនូរ និងចម្លាក់តាំងពីក្មេងវ័យ តែដោយសារកត្តាជីវភាពគ្រួសារក្រីក្រមិនអាចផ្គត់ផ្គង់ឲ្យចាប់ជំនាញសិល្បៈនៅសាលាបាន ក៏អូសបន្លាយពេលឲ្យវិចិត្រករ អេង សំអាត ដល់មានវ័យ ២៨ ឆ្នាំ ទើបអាចមានឱកាសបានរៀនសូត្រពីមូលដ្ឋានខ្លះៗស្តីពីសិល្បៈវិចិត្រកម្ម សម្រាប់ឈានទៅបង្កើតស្នាដៃថ្មីចម្លាក់សហសម័យដោយខ្លួនឯងបាន។
កើតចេញពីក្តីស្រឡាញ់ខ្លាំង និងមានការព្យាយាមខ្ពស់ ទើបជំរុញចិត្តឲ្យវិចិត្រករ បច្ចុប្បន្នមានវ័យ ៣៩ ឆ្នាំ មានកូនប្រុស ៤ នាក់ ខណៈកូនប្រុសច្បងវ័យ ១៨ ឆ្នាំ កំពុងតែរៀនចាប់យកជំនាញសិល្បៈសូនរូបនៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនោះ បង្ហើបពីការចាប់អាជីពជាជាងចម្លាក់សហសម័យជាង ៤ ឆ្នាំនេះ តែទើបបង្កើតបានស្នាដៃចម្លាក់ប្រមាណ ១៨ ផ្ទាំងប៉ុណ្ណោះ ខណៈសល់ពេលប៉ុន្មានខែទៀត ទើបលោកនឹងសម្រេចស្នាដៃចម្លាក់លៀនសរុបចំនួន ២៩ ផ្ទាំង។
ដោយឡែកសា្នដៃលោកបានបន្សល់ទុកស្នាដៃតែ ២ កន្លែងគត់ គឺលើកទី ១ ឆ្នាំ ២០១៥ បង្កើតស្នាដៃចំនួន ១៣ ផ្ទាំង នៅវត្តមួយ ស្ថិតនៅក្នុងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ហើយក៏ផ្អាកការងារចម្លាក់មួយរយៈជិត ៣ ឆ្នាំ និងទើបតែបានបង្កើតស្នាដៃលើកទី ២ នេះ នៅវត្តមួយឈ្មោះ «វត្តឥន្ទញាណ ហៅវត្តក្រោម» នៅខេត្តព្រះសីហនុ។ លើកនេះ គម្រោងឆ្លាក់ចំនួន ១៦ ផ្ទាំង ដែលបានចាប់ផ្តើមតាំងពីខែធ្នូ ឆ្នាំ ២០១៨ មកទល់ខែតុលា ឆ្នាំ ២០១៩ នេះ លោក អេង សំអាត ទើបតែបង្កើតស្នាដៃចម្លាក់សហសម័យចំនួន ៥ ផ្ទាំងតែប៉ុណ្ណោះ គឺនៅសល់ចំនួន ១១ ផ្ទាំងទៀត។
មូលហេតុដែលនាំឲ្យវិចិត្រករ អេង សំអាត ផ្អាកការងារខ្លួនអស់ពេលជិត ៣ ឆ្នាំ នោះត្រូវបានលោក អេង សំអាត បញ្ជាក់ទាំងនៅមានអារម្មណ៍អន់ចិត្តនៅឡើយថា៖ «មាន ២ កត្តា ដែលនាំឲ្យខ្ញុំឈប់ប្រកបរបរនេះ គឺទី១ ដោយសារខ្វះការផ្តល់តម្លៃចម្លាក់តាមជញ្ជាំងទីអារាម ជាពិសេស តាមទីអារាមនានា ដែលទំនាក់ទំនងមកខ្ញុំឲ្យឆ្លាក់នោះមិនមើលឃើញពីទឹកដៃ និងគុណតម្លៃរបស់ខ្ញុំទេ ហើយបន្ថោកតម្លៃទៀត។ កត្តាទី២ ដោយសារភាពឆ្អែតចិត្តនឹងក្រុមមិត្តភក្តិរួមអាជីព ដែលស៊ីខ្សែលើខ្ញុំ គឺពួកគេដណ្តើមយកទីផ្សាររបស់ខ្ញុំ»។
លោក អេង សំអាត បន្តឲ្យដឹងពីភាពផ្ទុះការល្បីស្នាដៃចម្លាក់លៀនសហសម័យ របស់លោកលើកទី ២ នៅខេត្តព្រះសីហនុ ទើបបានចំនួន ៥ ផ្ទាំងថា៖ «ពេលនេះ ខ្ញុំទទួលការងារចម្លាក់ឡើងវិញ ព្រោះតែដើម្បីជីវភាពរកប្រាក់ចិញ្ចឹមប្រពន្ធ និងកូនទាំង ៤ នាក់ ហើយក៏មិននឹកស្មានថា ស្នាដៃលើកទី ២ ដែលទើបឆ្លាក់បាន ៥ ផ្ទាំង នេះ ក៏ស្រាប់តែមានការចាប់អារម្មណ៍ និងកោតសរសើរពីបងប្អូនខ្មែរយើងខ្លាំងតាមហ្វេសប៊ុក»។
ទោះបីស្នាដៃចម្លាក់សហសម័យវិចិត្រករ អេង សំអាត ទទួលបានប្រជាប្រិយភាពមែនក្តី តែរាល់ស្នាដៃលោកមិនប្រើពេលតិចម៉ោង ឬតិចថ្ងៃនោះឡើយ និងទាមទារការព្យាយាមខ្ពស់ ក៏ដូចជាផ្អែកលើមូលដ្ឋានដកស្រង់យកសិល្បៈបុរាណតាមរចនាប័ទ្មនានាមកបូកផ្សំជាមួយនឹងគំនិតច្នៃប្រឌិតថ្មីរបស់លោកបង្កើតជាស្នាដៃឯកថ្មីហៅចម្លាក់សហសម័យនេះផងដែរ។ ជារឿយៗ ស្នាដៃចម្លាក់សហសម័យរបស់លោក អេង សំអាត ច្រើនតែជាចម្លាក់រំលេចពីដំណើររឿងរ៉ាវនានាស្តីព្រះជីវប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធ និងការឆ្លាក់ដោយដកស្រង់រូបសិល្បៈនានាចេញពីរចនាប័ទ្មបុរាណរបស់ខ្មែរ។
លោក អេង សំអាត ក៏បានបញ្ជាក់ពីរយៈពេលនៃការបង្កើតសា្នដៃចម្លាក់ និងតម្លៃថា៖ «សម្រាប់ចម្លាក់ ១ ផ្ទាំង ដែលមានទំហំ ៦ ម៉ែត្រ x ២ ម៉ែត្រ ហើយមានក្បាច់ក្បូរ ឬនិយាយពីរឿងរ៉ាវនានានោះ គឺខ្ញុំត្រូវប្រើពេលវេលាចំនួន ២៥ ថ្ងៃ ទើបអាចឆ្លាក់ចប់។ ហើយតម្លៃវិញនោះ ខ្ញុំគិតទៅតាមតម្លៃជាទំហំម៉ែត្រការ៉េ គឺ១ ម៉ែត្រការ៉េ តម្លៃ ៧២ ដុល្លារ»។
ប្រសិនបើបងប្អូន ឬទីអារាម ដែលមានបំណងចង់បានការបង្កើតស្នាដៃចម្លាក់ល្អឯករបស់វិចិត្រករលោក អេង សំអាត អាចទាក់ទងតាមលេខទូរស័ព្ទផ្ទាល់របស់លោកគឺ ០៩៩ ៣៤ ៨៨ ៨៣ ឬ ០៩៧ ២៨ ៨៨៨ ១៩៕