ភ្នំពេញៈ បើទោះបីរបរជាសិប្បករចម្លាក់ប្រាក់ ស្ពាន់ និងទង់ដែង ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាលចម្ងាយជាង ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញនោះហាក់ថយចំនួនក្រុមគ្រួសារប្រកបអាជីពទៅហើយក្តី តែរាល់បណ្តុំនៃស្នាដៃចម្លាក់លើគ្រឿងប្រដាប់ប្រើប្រាស់នានានៃក្រុមគ្រួសារសិប្បកម្មភ្ញីទេស គឺនៅតែអាចរក្សាគុណភាព និងទឹកដៃដ៏ប្រពៃរបស់ខ្លួនមាន ៣ ជំនាន់មកហើយដល់បច្ចុប្បន្ន។
លោក វ៉ាន់ ស៊ីថា សិប្បករចម្លាក់ជំនាន់ទី ៣ មានវ័យ ២៧ ឆ្នាំហើយបានរៀនចំណេះសិប្បកម្មចម្លាក់ប្រាក់ ស្ពាន់ និងទង់ដែងតពីឪពុកម្តាយតាំងពីក្មេងវ័យមកនោះបានឲ្យដឹងថា៖ «ជាការពិតនោះរបរជាជាងចម្លាក់នេះ មិនមានច្រើនគ្រួសារឡើយដែលរក្សាជាមុខរបរមានតកូនចៅរហូតមកដល់ពេលនេះ។ ខណៈគ្រួសារសិប្បកម្មភ្ញីទេសរបស់ខ្ញុំ បានបន្តច្រើនជំនាន់ហើយដែរ។ ប្រសិនបើគិតត្រឹមជំនាន់ជីតាខ្ញុំមកនោះគឺមាន ៣ ជំនាន់ហើយដោយជំនាន់ជីតារបស់ខ្ញុំបានប្រកបរបរនេះមុនសម័យខ្មែរក្រហម ខណៈជំនាន់ឪពុកម្តាយខ្ញុំ ធ្វើនៅក្រោយសម័យប៉ុលពត គឺចាប់ពីឆ្នាំ ១៩៧៩ មក។ នៅជំនាន់ទី ៣ គឺរូបខ្ញុំដែលបានរៀនសូត្រតាំងពីក្មេង និងបានរៀនចេះជំនាញឆ្លាក់នានា ចេះស្ទាត់តាំងពីលោកនៅវ័យ ១៨ ឆ្នាំមកផងដែរ»។
សិប្បកម្មជាងទងចម្លាក់ខ្មែរដ៏ប្រណីតធ្វើអំពីស្ពាន់ ប្រាក់ និងទង់ដែងទាំងនេះ មានច្រើនប្រភេទ និងសណ្ឋានតម្រូវតាមចំណូលចិត្តរបស់អ្នកប្រើដោយគេឃើញមានដូចជាចម្លាក់ ផ្តិល ក្អម ឆត្ររួត តុម្ពកំបោរ ប្រអប់ស្លា ប្រអប់ក្រដាសជូតមាត់ ប៉ាន់តែ រូបផ្លែល្ពៅ និងរូបសត្វនានាគឺត្រូវរចនា និងសម្រិតសម្រាំងផ្ចិតផ្ចង់ដ៏ល្អប្រណីតពីសំណាក់ក្រុមសិប្បកម្មភ្ញីទេស។
វ៉ាន់ ស៊ីថា ម្ចាស់សិប្បកម្មភ្ញីទេស ដែលបច្ចុប្បន្នកំពុងតែបានបង្កើតទីតាំងថ្មីមួយទៀតនៅក្រុងភ្នំពេញ គឺស្ថិតនៅខាងក្រោយមន្ទីរសម្រាកព្យាបាលរ៉ូយ៉ាល់រតនៈ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខក៏បានរៀបរាប់ពីចម្វាក់ផលិតកម្មផលិតចានស្រាក់ស្ពាន់មាន ៤ ថ្នាក់ដែលមានពណ៌លឿងដូចជាពណ៌មាសផងដែរ។ ចំពោះចានស្រាក់ស្ពាន់មានចំនួន ៤ ថ្នាក់ដែលមើលទៅមានពណ៌លឿងច្រាលដូចជាមាសនោះ លោក វ៉ាន់ ស៊ីថា ក៏បានប្រាប់ឲ្យដឹងពីរបៀបធ្វើ និងរយៈពេលធ្វើដែរថា៖ «ខ្នាតមួយនេះមានទម្ងន់ ២,៩ គីឡូមានកម្ពស់ទាំងអស់ ៤០ សង់ទីម៉ែត្រ ខណៈកម្ពស់ជាន់ក្រោម ៨ សង់ទីម៉ែត្របាត ១៤ សង់ទីម៉ែត្រ ហើយចាន ៣ ទៀតមានកម្ពស់ ៧ សង់ទីម៉ែត្រ ដោយយើងបានលក់ជូនភ្ញៀវដែលបានកម្ម៉ង់ក្នុងតម្លៃ ២៩០ ដុល្លារ។ តែខាងខ្ញុំក៏បានចំណាយពេលដើម្បីសម្រាំងធ្វើជូនភ្ញៀវ ដែលកុម្ម៉ង់ប្រមាណជិត ២ ខែ ឯណោះទើបចប់រួចរាល់»។
លោក វ៉ាន់ ស៊ីថា ក៏បន្តថា៖ «ស្ពាន់ផលិតជាគ្រឿងទាំងនេះមាន ២ ប្រភេទគឺស្ពាន់ពណ៌ក្រហម និងលឿង ហើយយើងគិតតម្លៃជាគីឡូ។ គ្រឿងស្ពាន់តម្លៃចន្លោះពី ៥០ ដុល្លារ ទៅ ១០០ ដុល្លារ ខណៈប្រាក់វិញមានតម្លៃចន្លោះពី ៣៥ ដុល្លារទៅដល់ ១០០ ដុល្លារ៕