ភ្នំពេញៈ ហាក់​ជា​ចេតនា​មួយ​ចង់​ប្រាប់​ថា ខ្លួន​នៅ​តែ​មាន​ទេពកោសល្យ និង​សមត្ថភាព​ក្នុង​ការតែង​និពន្ធ​បទចម្រៀង​ថ្មីៗ​បាន​ជា​ហូរហែ​ជាពិសេស​នោះ​គឺ​កំពុង​តែ​ត្រៀម​បទចម្រៀង​ថ្មី ជាមួយ​ម្ចាស់​ចិត្ត​ទៀត​ពី​សំណាក់​តារាចម្រៀង​រ៉េប​ប្រុស​រាង​ខ្ពស់ស្រឡះ​លោក ងួន ចាន់ដេវីត ក្រោយពី​បាន​ចាកចេញ​ពី​ផលិតកម្ម​ហង្សមាស​ប្រមាណ​ជិត ១ ​ឆ្នាំ​មក​នោះ​។

ថ្មីៗ​នេះ​ក៏​មាន​ការបង្ហោះ​រូបថត​ ១ ​សន្លឹក​រួម​គ្នា​នៅក្នុង​ឈុត​តុបតែង​យ៉ាង​ស្អាត និង​កាលីប​កប់ៗ​ដោយ​កញ្ញា ទេព បូព្រឹក្ស ស្លៀក​ឈុត​រ៉ូប​ពណ៌​ក្រហម​ដែល​មើល​ទៅ​មាន​ស្ទីល​តែង​ខ្លួន​កាន់តែ​ដូច​នឹង​តារាចម្រៀង​ស្រី​កូរ៉េ​កញ្ញា CL ខណៈ​លោក ងួន ចាន់ដេវីត វិញ​លេង​ឈុត​ពណ៌​ខ្មៅ​ស្រដៀង​គ្នា​ទៅ​នឹង​ស្ទីល​របស់​តារាចម្រៀង​កូរ៉េ​ប្រុស​លោក G-Dragon នោះ​។ អម​ទៅ​នឹង​រូប​មួយ​សន្លឹក​នេះ​លោក ងួន ចាន់ដេវីត បាន​បង្ហើរ​សារ​មួយ​ឃ្លា​ថា​៖ «​ទម្រាំ​តែ​បាន​អង្គុយ​បែប​នេះ តើ​បងប្អូន​ដឹង​ទេ​ថា​យើង​ត្រូវ​ឆ្លងកាត់​អ្វី​ខ្លះ​?»​។

មួយ​រំពេច​មក​ក៏​មាន​អ្នកគាំទ្រ​ចូល​ទៅ​ចុច​ Like និង Comment ជា​ហូរហែ និង​មាន​អ្នក​លើក​ឡើង​ថា​៖ «​ប្រាកដ​ជា​ដឹង​ហើយ​យល់​! គ្រប់​យ៉ាង​សុទ្ធតែ​កើត​ចេញ​ពី​ការខិតខំ​របស់​បង​ទាំង ២ និង​ក្រុម​ការងារ​ហេតុផល​ក៏​ព្រោះ​តែ​ស្រឡាញ់​ចង់​ធ្វើឲ្យ​ល្អ​»​។

កន្លង​មក​តារាចម្រៀង​ប្រុស​មាន​រាង​ខ្ពស់ស្រឡះ​ដែល​ចេះ​និពន្ធ​ទាំង​ទំនុកច្រៀង និង​ទំនុកភ្លេង​លោក​ ងួន ចាន់ដេវីត បាន​ប្រកាស​លាឈប់​ពី​ទ្រនំ​ហង្សមាស​បង្កើត​ចម្ងល់​មហាជន​មួយ​ប្រាវ​ក៏​ស្រាប់តែ​ក្រោយ​មក​ទៀត​លេចឮ​រហៀងៗ​ថា ដៃគូ​ចម្រៀង​ស្រី​ពូកែ​ខាង​ចាក់​ក្បាច់​រាំ​គឺ​កញ្ញា ទេព បូព្រឹក្ស ក៏​ទំនង​លាឈប់​ពី​ហង្សមាស​ម្នាក់​ទៀត​ដែរ​។

តែ​កញ្ញា ទេព បូព្រឹក្ស ក៏​ប្រាប់​ពី​មន្ទិល​ចេញ​ពី​ហង្សមាស​ដែរ​ថា​៖ «​ខ្ញុំ​នៅ​មាន​កុងត្រា​យូរ​ទៀត​ជាមួយ​ហង្សមាស​មិន​បាន​ឈប់​ទេ​គឺ​មាន​តែ Devith ទេ​ដែល​ឈប់ ខណៈ​ពេល​នេះ​គាត់​ច្រៀង និង​ធ្វើ​បទ​ឲ្យ​ក្រុមហ៊ុន​ស្មាត​»​។

លើស​ពី​នេះ​ភ្នំពេញ​ប៉ុស្តិ៍​ក៏​ពុំ​ទទួល​បាន​ការបកស្រាយ​ពី​រឿង​ត្រៀម​ចេញ​បទចម្រៀង​ថ្មី​របស់​អ្នក​ទាំង​ ២ ​កំពុង​ថត​នោះ​ដែរ ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​លោក ងួន ចាន់ដេវីត និង កញ្ញា ទេព បូព្រឹក្ស គឺ​មិន​អាច​ទាក់ទង​បាន​។

គួរបញ្ជាក់​ថា​តារាចម្រៀង ១ ​គូ​ជា​សំណព្វចិត្ត​យុវវ័យ​សម័យ​នេះ​ដែល​បាន​ចាប់​ដៃគូ​ចម្រៀង​ជាមួយ​គ្នា​ត្រឹម​តែ​ប្រមាណ ២ ​ឆ្នាំ​តែ​ប៉ុណ្ណោះ ហើយ​ប្រិយមិត្ត​គាំទ្រ​អ្នក​ទាំង ២ ក៏​បាន​ធ្វើការ​ប្រដូច​ពួកគេ​ទៅ​នឹង​គូ​របស់​តារា​កូរ៉េ​ខាង​ត្បូង​ផង​ដែរ​គឺ​ទេព បូព្រឹក្ស ត្រូវ​មហាជន​ខ្មែរ​ហៅថា​នាង CL ខ្មែរ ហើយ G-Devith ត្រូវគេ​ហៅថា G-Dragon ខ្មែរ​៕