ភ្នំពេញៈ តារាសម្តែង និង​តារាចម្រៀង​ជា​ផលិតករ​វ័យ​ក្មេង​លោក ចាន់ណា រ៉ូណាន ចូលចិត្ត​រំលេច​វណ្ណកម្ម​​រឿង​ខ្មោច ច្រើន​ជាង​រឿង​ភាគ​ដែល​ផ្ទុះ​ទាំង​ការគាំទ្រ​ក៏​ដូចជា​មាន​ការរិះគន់​ពី​មហាជន​ថា​ខ្សត់​ខ្លឹមសារ​អប់រំ​ ប៉ុន្តែ​​​ផលិតករ​​រូប​នេះ​អះអាង​ថា​នៅ​តែ​មិន​បោះបង់​រឿង​ខ្មោច​ព្រាយ​ និង​ទំនៀមទម្លាប់​ខ្មែរ​ឡើយ​។

ក្នុង​ថ្ងៃ​សម្ពោធ​រឿង​ «​ឯណា​ខ្មោច​»​ កាលពី​ថ្ងៃ​ទី​ ១៩ ខែ​មីនា កន្លង​ទៅ​នេះ ចាន់ណា រ៉ូណាន ថ្លែង​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពី​ការនិយម​ផលិត​រឿង​ខ្មោច​បែប​កំប្លែង​យ៉ាង​ដូច្នេះ​​ថា​​៖ «​បើសិន​ជា​យើង​ងាក​មក​ផលិត​កុន​ដែល​មាន​អភិនិហារ ឬ​មួយ​បាញ់​គ្នា​ វា​ទទួលរង​នឹង​ហានិភ័យ​ច្រើន​ណាស់ ​បើ​សិន​ជា​យើង​និយាយ​តែ​អវិជ្ជមាន​ក្នុង​សង្គម​​ខ្លាំង​ពេក​អាច​ទទួល​បាន​ការព្រមាន​ពី​ក្រសួង​វប្បធម៌​។ អ៊ីចឹង​ខ្ញុំ​ក៏​ងាក​មក​ធ្វើ​រឿង​ខ្មោច​បែប​កំប្លែង​ បែប​ពញ្ញាក់​លាយឡំ​នឹង​ភាព​ភ័យរន្ធត់​ដែល​ជា​ចំណូលចិត្ត​របស់​ប្រជាជន​មួយ​ចំនួន​ធំ​ ទោះបី​រងការរិះគន់​ពី​មនុស្ស​ចំនួន​តូច​ក៏ដោយ​»​។

ទោះ​ជា​លោក​ជ្រើសរើស​យក​ការផលិត​រឿង​តម្រូវ​តែ​តាម​ចំណូលចិត្ត​ទស្សនិកជន​ខ្មែរ អតីត​ប្រធាន​ក្រុម​ De5inite​ លោក រ៉ូណាន អះអាង​ថា​ការផលិត​ក៏​មិន​ងាយស្រួល​ដែរ​។

លោក​បាន​រៀបរាប់​ពី​ការលំបាក​ថា៖ «​ចំពោះ​រឿង​ខ្មោច​យើង​ពិបាក​បំផុត​គឺ​រក​ទីតាំង​ យើង​គិត​ថា​ផ្ទះ​ហ្នឹង​គួរសម​អាច​ឲ្យ​យើង​ថត​បាន​ហើយ​ ប៉ុន្តែ​នៅ​ពេល​ដែល​ម្ចាស់​ផ្ទះ​គាត់​បាន​ដឹង​ថា​រឿង​ខ្មោច​គាត់​ដាច់​ខាត​មិន​​ឲ្យ​ថត​បាត់​ទៅ​ហើយ​ តែ​ក៏​ពិបាក​ក្នុង​រឿង​នេះ​ដែរ​ ព្រោះ​ប្រពៃណី​យើង​ជឿ​ទៅ​លើ​ជំនឿ​ច្រើន​​»។

លោក ទ្រី ដារ៉ាវុធ កញ្ញា សួង ស៊ីធៀន សម្ដែង​ជា​តួអង្គ​សំខាន់​ក្នុង​រឿង ​ឯណាខ្មោច​​។ រូបថត សហការី

ក្នុង​ដំណើរ​លើ​វិថីសិល្បៈ​ជា​អ្នកផលិត​ខ្សែភាពយន្ត​លោក រ៉ូណាន បាន​ដាក់​បញ្ចាំង​កុនខ្មោច​ចំនួន ៦ រឿង​មក​ហើយ​ដូចជា​រឿង​កំណត់ហេតុ​នាង​នាថ​ និង​រឿង​សសរ​កន្លោង។ រឿង​ទី​ ៧ ទើប​តែ​ដាក់​សម្ពោធ​គឺ​រឿង «​ឯណា​ខ្មោច​»​ ជា​ស្នាដៃ​ថ្មី​ ភ័យ​រន្ធត់​ តក់ស្លុត​ ពញ្ញាក់​អារម្មណ៍​អ្នក​ទស្សនា​ឲ្យ​ព្រឺព្រួច​ទៅ​តាម​សាច់​ភ្លេង​ និង​ការសម្តែង​មាន​​ទាំង​កំប្លែង​ធ្វើឲ្យ​រឿង​ខ្មោច​​របស់​លោក​មាន​ការ​គាំទ្រ​ច្រើន​ជាង​រឿង​បែប​មនោសញ្ចេតនា​។

លោក ចាន់ណា រ៉ូណាន ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា​៖ «​មិនមែន​ថា​ខ្ញុំ​មិន​មាន​រឿង​បែប​មនោសញ្ចេតនា​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​លើក​យក​រឿង​ដែល​​ខ្ញុំ​មាន​មក​បង្ហាញ​ឲ្យ​បងប្អូន​បាន​ទស្សនា​ដោយសារ​ការ​ធ្វើអ្វី​មួយ​យើង​ត្រូវ​តែ​ដឹង​ពី​ទីផ្សារ​ថា ​គេ​ឥឡូវ​កំពុង​ត្រូវការ​អី​ត្រូវ​តម្រូវ​តាម​ទីផ្សារ»។

ផលិត​ដោយ​ផលិតកម្ម​ LD Picture​ រឿង​ «​ឯណា​ខ្មោច​»​ ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​​ ២១ ខែ​មីនា។

សាច់​រឿង​និយាយ​ពី​ក្រុម​និស្សិត​ពេទ្យ​មួយ​ក្រុម​ត្រូវ​មក​ចុះ​កម្មសិក្សា​នៅ​មន្ទីរពេទ្យ​បង្អែក​ដែល​គេ​ល្បី​ថា​មាន​ខ្មោច​លង​សាហាវ​ ហើយ​នឹង​ចំ​យប់​ដែល​គេ​បញ្ជូន​សព​តៃហោង​កូនស្រី​សេដ្ឋី​ម្នាក់​ស្លាប់​ដោយសារ​ក្រឡាប់​ឡាន​ធ្លាក់​ជ្រោះ​ហើយ​យក​ទៅ​រក្សា​ទុក​​ក្នុង​មន្ទីរពេទ្យ​នោះ។ រឿង​នេះ​ក៏​ឆ្លុះបញ្ចាំង​ពី​ភាពលោភលន់​ដែល​នាំឲ្យ​មនុស្ស​អន្តរាយ​ខ្លួន​ផង​ដែរ​៕