ភ្នំពេញៈ ក្រោយពីបានក្លាយជាម្ចាស់នៃជយលាភីនៃការប្រកួតបង្ហាញម៉ូដ Cambodia''s Next Top Model នារដូវកាលទី ១ មកនោះ តារាម៉ូដែលស្រីសម្បុរស្រអែមជាកូនចៅអ្នកនៅខេត្តបន្ទាយមានជ័យ កញ្ញា ចាន់ គង្គា ក៏បានចូលរួមយ៉ាងសកម្មនឹងសកម្មភាពសប្បុរសធម៌ជួយសង្គមដោយស្ម័គ្រចិត្ត គួរឲ្យកោតសរសើរពីសំណាក់មហាជន ក្រៅពីខ្លួនកំពុងតែមានការមមាញឹករវល់នឹងការងារសិល្បៈម៉ូដែល ឬថតស្ប៉តនានានោះ។
ស្ថិតនៅក្នុងវ័យទើបតែ ២២ ឆ្នាំមានកម្ពស់ ១,៦៩ ម៉ែត្រ រាងស្លីម ស្រលូន មានសម្បុរត្រូវប៉ាន់សម្រាប់ក្រសែភ្នែកសម្រាប់អ្នកបស្ចិមប្រទេស ជាពិសេសក្នុងពិភពដើរម៉ូដតែម្តង កញ្ញា ចាន់ គង្គា ក្រៅពីគ្រងឈុតសម្លៀកបំពាក់បែបសិចស៊ី ឬឈុតប្រពៃណីខ្មែរនោះ កញ្ញា ក៏មានទឹកចិត្តល្អស្រឡាញ់អំពើមនុស្សធម៌ និងសប្បុរសធម៌ នាងក៏បានស្ម័គ្រចិត្តគ្រងឈុតសម្លៀកបំពាក់បែបប្រពៃណីជនជាតិភាគតិចទំពួននៅតំបន់ភូមិភាគឦសានគឺខេត្តរតនគិរីនាឱកាសប្រារព្ធបើកពិធីរ៉ៃអង្គាសប្រាក់មូលនិធិសម្រាប់ការអភិរក្សសត្វដំរីរបស់សមាគមអភិរក្សដំរីអៃរាវត្តាទៀតផងដែរ កាលពីចុងខែមីនា ឆ្នាំ ២០១៩ កន្លងមកនេះ។
ពាក់ព័ន្ធទៅនឹងទង្វើល្អចេះជួយសង្គមរបស់កញ្ញា ចាន់ គង្គា នេះ បើតាមប្រសាសន៍អ្នកស្រី ខៃ ចិន្តា ឬមជ្ឈដ្ឋានសង្គមភាគច្រើនគេនិយមហៅគាត់ថា ចិន្តា ក្លេ ដែលជាប្រធានសមាគមអភិរក្សដំរីអៃរាវត្តា ក៏កោតសរសើរពីការស្ម័គ្រចិត្តរបស់នាងផងដែរ។
អ្នកស្រី ចិន្តា ក៏បានបង្ហើបឲ្យដឹងថា៖ «គាត់មិនត្រឹមតែស្អាតនោះទេ គឺនាងក៏មានទឹកចិត្តល្អចាប់អារម្មណ៍មកជួយយើងក្នុងនាមជាតារាម៉ូដែលស្ម័គ្រចិត្តនៅក្នុងពិធីសម្ពោធបើកមូលនិធិរៃអង្គាសប្រាក់របស់សមាគមអភិរក្សដំរីអៃរាវត្តាយើងទៀតផងនាពេលកន្លងមកនោះ»។
គួរបញ្ជាក់ដែរថាតារាស្រីម៉ូដែលមានសម្បុរស្រអែមស្រស់ កញ្ញា ចាន់ គង្គា ជាម្ចាស់ជយលាភីនៃការប្រកួតបង្ហាញម៉ូដឈ្មោះថា Cambodia''s Next Top Model នារដូវកាលទី ១ កាលពីឆ្នាំ ២០១៥ របស់ទូរទស្សន៍ MyTV ខណៈបច្ចុប្បន្ននេះនាងកំពុងតែមានឈ្មោះល្បីក្នុងពិភពដើរម៉ូដ និងជាតារាសម្តែងផ្នែកថតស្ប៉តពាណិជ្ជកម្មនានា។
ថ្មីៗនេះដែរកញ្ញា ចាន់ គង្គា ក៏បានបង្កើតចំណាប់អារម្មណ៍ខ្លាំងពីមហាជនផងដែរក្នុងបណ្តាញសង្គមជាមួយនឹងការចេញវីដេអូផ្សព្វផ្សាយពីវិធីរក្សាសម្រស់របស់នារីៗបែបសាមញ្ញ ក៏អាចទទួលបាននូវសម្រស់ស្រស់ស្អាតមិនចាញ់តារាភាពយន្តនោះឡើយ។
រីឯការប្រឡូកនៅវិស័យសិល្បៈសម្តែងភាពយន្តវិញគឺថា តើកញ្ញា ចាន់ គង្គា បានចាប់ផ្តើមដើរលើវិថីនេះហើយឬនៅនោះ ក៏មិនត្រូវបានបកស្រាយពីនាងឡើយដោយសារតែលេខទូរស័ព្ទរបស់នាងមិនអាចទំនាក់ទំនងបានឡើយកាលពីថ្ងៃម្សិលមិញ៕