បាត់ដំបងៈ អ្នក​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​បុរាណ និង​ប៉ិន​ប្រសប់​ខាង​សូន​រូប​អាជីព ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ផ្នែក​សូន​រូប ក៏បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ពី​ប្រទេស​កូរ៉េ​លោក ចាន់ សោភ័ន មិន​ត្រឹម​តែ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ច្នៃ​ចេញ​ជា​ម៉ូដ និង​គ្រឿង​អលង្ការ​បុរាណ​នោះ​ទេ ថែម​ទាំង​មាន​ចំណេះ​ដឹង​ផ្នែក​ប្រវត្តិសាស្ត្រ​ទៀត​ផង។

លោក ចាន់ សោភ័ន ដែល​មកពី​ទឹកដី​ខេត្តព្រៃវែង ជា​អ្នក​ច្នៃ​ម៉ូដ​ឈុត​តំណាង​ជាតិ​សម្រាប់​បវរកញ្ញា​ទៅ​ប្រកួត​ប្រជែង​សម្រស់​ដណ្តើម​មកុដ Miss Grand Cambodia ឆ្នាំ ២០១៨ សម័យ​ចេនឡា ដោយ​លោក​បាន​បញ្ជាក់​ថា ខ្លួន​មាន​ភាព​លេច​ធ្លោ​តាំង​ពី​សូន​រូប​តុក្កតា​ស្លៀក​ពាក់​ឈុត​បុរាណ និង​សម្លៀក​បំពាក់​ខ្មែរ។

សាស្ត្រាចារ្យ ចាន់ សោភ័ន បានផ្តល់​បទ​សម្ភាស​ម​ក​កាន់ ភ្នំពេញ ប៉ុស្តិ៍​តាមរយៈ​ទូរស័ព្ទ​ថា៖ «សម្រាប់​ស្នាដៃ​ដែល​ខ្ញុំ​បាន​ធ្វើ​កន្លង​មក​មាន​ច្រើន​ណាស់ ហើយ​សម្រាប់​ការច្នៃ​ប្រឌិត​មិន​ថា​ជា​ឈុត​តំណាង​ជាតិ គ្រឿង​អលង្ការ​សម័យ​បុរាណ និង​ការ​សូន​រូប​ផ្សេងៗ​គឺជា​គំនិត​ខ្ញុំ​ទាំង​អស់ និង​មាន​ការ​ជួយ​រៀបចំ​ខ្លះ​ពី​អ្នក​ផ្ទះ និង​ប្អូនៗ​នៅ​ពេល​ទំនេរ​តិចតួច»។

កំពូល​អ្នក​ច្នៃ​ម៉ូដ​វ័យ ៣៨ ឆ្នាំ លោក​សាស្ត្រាចារ្យ ចាន់ សោភ័ន បាន​បង្ហើប​ដែរ​ថា ខ្លួន​បាន​ធ្លាប់​យក​ឈុត​តំណាង​ជាតិ​ចំនួន ២ ទៅ​ប្រកួត ដែល​ធ្វើ​ជា​អ្នក​ឧបត្ថម្ភ​ឈុត​ដល់​បវរកញ្ញា Miss Grand Cambodia ឆ្នាំ ២០១៨ ជា​ឈុត​សម័យ​ចេនឡា និង Miss Globe ដែល​វេទិកា​ប្រកួត​ប្រជែង​សម្រស់​នេះ​ប្រារព្ធ​ឡើង​នៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ។

តុក្កតា​ដែល​ជា​ស្នាដៃ​សូន​របស់​លោកសោភ័ន​ និង​សម្លៀក​បំពាក់​ច្នៃ​។ ស្រេង ម៉េងស្រ៊ុន

សាស្ត្រាចារ្យ​រូបនេះ ក៏បាន​បញ្ជាក់ដែរថា៖ «មាន​តាម​សាកលវិទ្យាល័យ​ទាក់ទង​ឲ្យ​ច្នៃ​ជា​ឈុត​បុរាណ​សម្រាប់​គូ​ស្វាមី​ភរិយា​ដែល​ចង់​ថត Pre-Wedding ជា​ឈុត​បុរាណ​តាម​សម័យ​កាល​ដូចជា​សម័យ​នគរ​ភ្នំ ឬ​ចេនឡា​អ៊ីចឹង យើង​មាន​រៀបចំ​ជា​ឈុត​ឲ្យ និង​តាម​សម័យ​កាល​ផ្សេងៗ តែ​បើ​សាកល​វិទ្យាល័យ​ដែល​គាត់​ត្រូវការ​ទាំង ៦ ទៅ ៧ សម័យ​កាល យើង​ក៏​ធ្វើ​ឲ្យ​គាត់ ហើយ​ឈុត​របស់​យើង​ក៏មាន​គ្រឿង​សម្អាង និយាយ​ទៅ​គឺមាន​មួយ​ចប់​ច្នៃ​ទៅ​តាម​អ្វី​ដែល​ដូនតា​យើង​បន្សល់​ទុក​ឲ្យ»។

កាលពី​ថ្ងៃទី​ ២២ និង ២៣ ខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅនេះ លោក ចាន់ សោភ័ន ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ការ​ដាក់​ពិព័រណ៍​ឈុត​បុរាណ និង​គ្រឿង​អលង្ការ​ផ្សេងៗ​ក្នុង​កម្មវិធី Ladies Fair ដែល​ធ្វើ​ឡើង​នៅ​កោះពេជ្រ។

ក្នុង​កម្មវិធី​នោះដែរ ក៏មាន​ការដាក់លក់​សម្លៀកបំពាក់​បុរស និង​ស្ត្រី​ធ្វើ​អំពី​សូត្រ សឹង និង​ក្រមា​ផង​ដែរ។ លោក ចាន់ សោភ័ន ដែល​បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​ប្រទេស​កូរ៉េខាងត្បូង ក៏បាន​បរិយាយ​បន្ថែម​ពី​ចំណេះ​ដឹង​ផ្នែក​ប្រវត្តិសាស្ត្រ​ផង​ដែរ ដោយ​លោក​បាន​សិក្សា​ស្រាវជ្រាវ​ទាក់​ទង​ទៅ​នឹង​ម៉ូដ​សម្លៀក​បំពាក់ ម៉ូដ​ម្កុដ និង​គ្រឿង​អលង្ការ​ផ្សេងៗ​បូករួម​នឹង​ប្រវត្តិសាស្ត្រ​អស់​រយៈពេល ៧ ឆ្នាំ​មក​ហើយ ជុំវិញ​ប្រវត្តិសាស្ត្រ​តាម​សម័យ​កាល នីមួយៗ។

អ្នក​ច្នៃ​ម៉ូដ​យ៉ាង​ចំណាន​រូបនេះ កាលពី​ចុង​សប្ដាហ៍ ក៏​ទើបតែ​បាន​ធ្វើការ​បង្ហាញ​មកុដ ស្បែក​ជើង និង​សម្លៀក​បំពាក់​នៅ​សម័យ​ឧដុង្គ​ទាំង​អស់ ដើរ​លេង​ផ្សារ ឈុត​ប្រជារាស្ត្រ អ្នក​ភូមិ​ធម្មតា និង​ជា​ឈុត​ក្មេងៗ​នៅ​សម័យ​នោះ ហើយ​ក៏​មាន​ការ​ជួល​ឈុត​បុរាណ គ្រប់​សម័យ​កាល សម្រាប់​ស្លៀក​ដើរ​លេង​ក្នុង​កម្មវិធី​ពិព័រណ៍ ដែល​តម្លៃ​ចាប់​ពី ១ ម៉ឺន​សម្រាប់​ឈុត​ធម្មតា និង​តម្លៃ ២ ម៉ឺន​រៀល​សម្រាប់​ឈុត​ធំ​ផង​ដែរ៕