ភ្នំពេញៈ តារាចម្រៀង​ស្រី​ដែល​មាន​ទឹកមុខ​ស្រគត់ស្រគំ តែ​ទឹកដម​សំនៀង​ពីរោះ​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ពី​អ្នកគាំទ្រ​តាមរយៈ​ការច្រៀង​ឡើងវិញ​បទ​ចាស់ៗ​កញ្ញា ចាន់ ស្រីនាថ កំពុងតែ​ល្បី​ខ្លាំង​ក្នុង​បណ្តាញ​សង្គម​នៃ​ប៉ុស្តិ៍​យូធូប ជាពិសេស​លេច​វត្តមាន​ក្នុង​ផលិតកម្ម​អនឡាញ​ ២ ​គឺ មយូរា និង​ប្លេកក្ល។

កញ្ញា ចាន់ ស្រីនាថ ជា​តារាចម្រៀង​ស្រី​ដែល​ជា​ដៃគូ​ចម្រៀង​ដ៏ស័ក្តិសម​នឹង​តារាចម្រៀង​ប្រុស​លោក យុទ្ធ និស្ស័យ ដោយ​ប្រិយមិត្ត​ឧស្សាហ៍​ឃើញ​បង្ហើរ​សំនៀង​តាមរយៈ​ផលិតកម្ម​អនឡាញ​ប្លេកក្ល (BlackClaw) តែ​ម្តង​ដោយ​មហាជន​លាន់មាត់​សរសើរ​ថា ច្រៀង​ពីរោះ និង​សម្តែង​សម​តាម​បទចម្រៀង ដែល​នាង​បាន​ច្រៀង Cover ទាំង​ច្រៀង​ទោល និង​ច្រៀង​ឆ្លើយឆ្លង​។

តារាចម្រៀង​ស្រី​ទើប​តែ​ល្បី​តាម​បណា្តញ​សង្គម​ ចាន់ ស្រីនាថ​។ រូបថត ហ្វេសប៊ុក

កន្លងមក​តារាចម្រៀង​ស្រី​រៀមច្បង​ត្រកូល​ចាន់ កញ្ញា ចាន់ ស្រីនាថ ដែល​មាន​ប្អូនស្រី​បង្កើត ២ រូប​គឺ​កញ្ញា ចាន់ ស្រីណា និង​ ចាន់ ស្រីខួច ក៏​ជា​តារាចម្រៀង​ដែរ ហើយ​ក៏​មាន​ប្អូនស្រី​ជីដូន​ម្នាក់​ឈ្មោះ​កញ្ញា ចាន់ នីកា ដែល​ជា​ពិធីការិនី​នៃ​ទូរទស្សន៍ Fresh News និង Khmer Talking នាពេល​កន្លង​មក​ក៏​ធ្លាប់​បាន​បញ្ចេញស្នាដៃ​បទចម្រៀង​អូរីជីណល​បំពេ​អារម្មណ៍​ទស្សនិកជន​ដូចជា បទចម្រៀង «​មនុស្ស​ប្រុស​គ្មាន​អ្នកណា​ស្មោះ​ទេ​» និង​បទ «​ម្នាក់ឯង​ជាថ្មី​» ​ជាដើម តែ​ហាក់​មិន​សូវ​លេច​ភាពល្បី​នោះ​ទេ ខណៈ​បាន​ប្រឡូក​អាជីព​ចម្រៀង​នេះ​ប្រហែល​ ៧-៨ ឆ្នាំ​មក​ហើយ​។

តែ​នា​រយៈពេល​ជិត ២​ ឆ្នាំ​ចុង​ក្រោយ​នេះ កញ្ញា ចាន់ ស្រីនាថ មិន​ត្រឹម​តែមាន​រាសី​ឡើង​ទេ ថែម​ទាំង​ផ្ទុះ​ការគាំទ្រ​ពី​មហាជន​ទៀត​ផង​តាមរយៈ​បទចម្រៀង​មរតក​ដើម​នានា​ដែល​កញ្ញា​បាន​យក​មក​ច្រៀង​ឡើងវិញ​តាម​ផលិតកម្ម​អនឡាញ មយូរា និង​ប្លេកក្ល គឺ​មាន​ទាំង​បទ​ទោល និង​បទ​ឆ្លើយឆ្លង​ជាមួយ​តារាចម្រៀង​ប្រុស​លោក យុទ្ធ និស្ស័យ នោះ​។

កញ្ញា ចាន់ ស្រីនាថ បង្ហើប​ប្រាប់​ថា​៖ «​សម្រាប់​អាជីព​ចម្រៀង​នោះ នាង​ខ្ញុំ​បាន​ចាប់​វា​អស់​រយៈពេល​ប្រហែល​ជា ៧-៨ ឆ្នាំ ហើយ​ដោយ​គ្រាន់តែ​ជា​តារាចម្រៀង​អាហ្វែរ​តាម​កម្មវិធី​ជប់លៀង និង​មង្គលការ​នានា​គឺ​មិន​សូវ​មាន​បងប្អូន​ស្គាល់​ទេ​។ តែ​រយៈពេល​ជិត ២ ឆ្នាំ​ចុង​ក្រោយ​សប្បាយចិត្ត​ខ្លាំង​ពេល​ឃើញ​បងប្អូន​គាំទ្រ និង​ស្គាល់​ខ្ញុំ​តាមរយៈ​ប៉ុស្តិ៍ Channel YouTube នោះ​។ លើស​ពី​នេះ​នាង​ខ្ញុំ​ក៏​មមាញឹក​នឹង​ការងារ​សិល្បៈ​ចម្រៀង​ខ្លាំង​ជាង​មុន​ផងដែរ ក្រោយពី​មាន​បងប្អូន​ស្គាល់ និង​ផ្តល់​តម្លៃ​សម្រាប់​ខ្ញុំ​»​។

ខណៈ​ដែល​ទើប​ផុស​ភាពល្បី​តាម​យូធូប ប្រជាប្រិយ​មិន​សូវ​ចាញ់​ក្រុម​តារាចម្រៀង​ល្បី​នៅ​ផលិតកម្ម​នានា​នោះ​មែន​ក្តី​កញ្ញា ចាន់ ស្រីនាថ ហាក់​ដូច​មិន​ទាន់​មាន​ក្តីប្រាថ្នា​ចង់​ស្វែងរក​ទ្រនំ​ផលិតកម្ម​ជ្រកកោន​ដែរ​ទេ​។ កញ្ញា ស្រីនាថ វ័យ ២៦ ឆ្នាំ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា​៖ «​ចង់​ច្រៀង​បែប​នេះ​សិន មិន​ទាន់​ចង់​មាន​ផលិតកម្ម​ទេ ព្រោះ​គិត​ថា​ខ្លួនឯង​មាន​សេរីភាព​»៕