The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ចាស់ៗ​កូរ៉េខាងត្បូង ​រំពឹង​អាច​ធ្វើ​ការ​ដល់​ថ្ងៃ​ចូល​ក្ដារ​មឈូស

ចាស់ៗ​កូរ៉េខាងត្បូង ​រំពឹង​អាច​ធ្វើ​ការ​ដល់​ថ្ងៃ​ចូល​ក្ដារ​មឈូស

Content image - Phnom Penh Post
លោក ផាក ជា​​អ្ន​កដឹកជញ្ជូន​អីវ៉ាន់​ចែកចាយ​តាម​ផ្ទះ​​។ AFP

ចាស់ៗ​កូរ៉េខាងត្បូង ​រំពឹង​អាច​ធ្វើ​ការ​ដល់​ថ្ងៃ​ចូល​ក្ដារ​មឈូស

ក្រុងសេអ៊ូល: តាម​ទ្រឹស្ដី លោក ផាក ជេ​យុល គួរតែ​ចូល​និវត្ដន៍​ជាង ១១ ឆ្នាំ។ ប៉ុន្ដែ​ទោះបី​ជា​សេដ្ឋកិច្ច​ជាតិ​កូរ៉េខាងត្បូង​ហក់​ឡើង​ខ្ពស់​យ៉ាង​ណា​ក្ដី ក៏​ប្រាក់​សោធន​វិវត្ដន៍​សម្រាប់​មនុស្ស​ចាស់​នៅ​តែ​ទាប ហើយ​បុរស​អាយុ ៧១ ឆ្នាំ​រូប​នេះ នៅ​តែ​បន្ដ​ធ្វើ​ការងារ ដោយ​ដឹក​ជញ្ជូន​កញ្ចប់​អីវ៉ាន់​ទៅ​តាម​អាផាតមិន​ខ្ពស់ៗ​ដដែល។

លោក​រុញ​រទេះ​អីវ៉ាន់​ចូល​ជណ្ដើរយោង​អគារ​នៅ​ទីក្រុង​សេ​អ៊ូ​ល ខណៈ​ភ្នែក​មនុស្ស​ចាស់​ខំ​រំពៃ​មើល​អាសយដ្ឋាន​សរសេរ​តូចៗ​លើ​ក្រដាស។

លោក ផាក បាន​ប្រាប់ AFP ថា៖ «លុយ​គឺជា​មូលហេតុ​ចម្បង​បំផុត ដែល​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​នៅ​បន្ដ​ខិតខំ​ធ្វើការ»។

លោក​ជា​មនុស្ស​ចាស់​ក្នុងចំណោម​ពលរដ្ឋ​កូរ៉េខាងត្បូង​វ័យ​ចំណាស់​រាប់លាន​នាក់​ដែល​បង្ខំ​ចិត្ដ​បន្ដធ្វើ​ការងារ​ក្រោយ​ពី​ចូល​និវត្ដន៍​នៅ​អាយុ ៦០ ឆ្នាំ ខណៈ​ពលរដ្ឋ​ចំណាស់​កូរ៉េខាងត្បូង​ជាង ៤៥ ភាគរយ​រស់​នៅ​ក្នុង​សភាព​ក្រីក្រ។

លោក ផាក ស្ថិតក្នុង​ចំណោម​ពលរដ្ឋ​រាប់លាន​នាក់ ដែល​ខិតខំ​ប្រឹងប្រែង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ក្រោយ​ពី​សង្គ្រាម​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៥០ រហូត​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​យក្ស​ទី ១១ ក្នុង​ពិភពលោក។

ប៉ុន្ដែ​ពលរដ្ឋ​អាយុ​ខ្ទង់ ៧០ ទៅ ៨០ ឆ្នាំ បែរជា​មិនបាន​ទទួល​អត្ថប្រយោជន៍​នេះ ពេល​ពួកគេ​ចូល​និវត្ដន៍​ជាមួយ​ប្រាក់​ឧបត្ថម្ភ​ដ៏​ស្ដួច​ស្ដើង។ នេះ​បើ​យោង​តាម​លោក វ៉ាង ណាម ហ៊ុយ ជា​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​កូរ៉េ​ដើម្បី​សុខុមាល​ភាព និង​កិច្ចការ​សង្គម។

Content image - Phnom Penh Post
ស្ត្រី​ចាស់ៗ​ខ្លះ​វិលទៅ​រៀន​​បន្ថែម ដើម្បី​បន្ត​ធ្វើការងារ​​​។ AFP

លោក ផាក ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រមាណ ៣០០ ដុល្លារ ដែល​ច្បាស់​ណាស់​មិន​គ្រប់​នឹង​ជីវភាព​នៅ​ទីក្រុង​ដ៏​ថ្លៃ​នេះ​ទេ។

ដូច្នេះ លោក​បាន​ចុះឈ្មោះ​ក្នុង​កម្មវិធី​រដ្ឋ ដើម្បី​ជួយ​ជន​ចាស់ជរា​ដទៃ​រក​ការងារ​ធ្វើ និង​ចាប់ផ្ដើម​ធ្វើការ​ជា​អ្នក​ដឹក​ជញ្ជូន​ក្នុង​ឆ្នាំ ២០១៤។

ដោយ​ធ្វើការ ៣ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ លោក​ដឹកជញ្ជូន​អីវ៉ាន់ ១០០ កញ្ចប់​ទៅតាម​គោល​ដៅ​នីមួយៗ និង​រក​ចំណូល​បាន​ប្រមាណ ៥០០ ដុល្លារ​ក្នុង​មួយ​ខែ។ មិត្ដភក្ដិ​រួម​អាជីព​របស់​លោក​ភាគ​ច្រើន​មាន​អាយុ​ខ្ទង់ ៧០ និង ៧៨ ឆ្នាំ​ឯណោះ។

ភរិយា​លោក ផាក អាយុ ៦៣ ឆ្នាំ គឺជា​អ្នក​គិតលុយ​នៅ​ហាង​លក់ទំនិញ​មួយ ដែល​អាច​ឈប់​សម្រាក​តែ​មួយ​សប្ដាហ៍​ក្នុង​មួយ​ឆ្នាំ សម្រាប់​វិស្សមកាល​នៅ​កោះ​ជេជូ។

ប៉ុន្ដែ​លោក ផាក បាន​លើកឡើងថា៖ «អរគុណ​សុខភាព​ខ្ញុំ ដែល​អាច​ខ្ញុំ​មាន​សំណាង​បាន​បន្ដ​ធ្វើ​ការងារ​បាន​យូរអង្វែង​ត​ទៅ​ទៀត»៕

Content image - Phnom Penh Post
ពលរដ្ឋ​ចំណាស់​កូរ៉េ​ខាង​ត្បូង​​ខ្លះ ​ត្រូវ​បន្ត​ធ្វើការ​ដើម្បី​ក្រពះ និង​វិស្សមកាល​ម្ដង​ក្នុង​មួយឆ្នាំ​។ AFP

អត្ថបទគួរចាប់អារម្មណ៍