ភ្នំពេញៈ នាថ្មីៗ​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​អ្នក​លេង បណ្តាញ​សង្គម​ហ្វេសប៊ុក ពេល​ឃើញ​បណ្តុំ​រូប​ភាព​ជា​ច្រើន​របស់​ចិត្តវិទូ​ខ្មែរ ហឿ សេធុល ដែល​បាន​និពន្ធ និង​បោះពុម្ព​សៀវភៅ​ចិត្ត​សាស្ត្រ​កុមារ​ដំបូង​ឈ្មោះ​ថា «បុត្រ​តូច​សំណព្វ​ចិត្ត» បង្ហោះ​នូវ​រូបថត និង​សារ​បញ្ជាក់​ថា ខ្លួនឯង​អាច​ជា​ជន​ជាតិ​ខ្មែរ​ដំបូង​ដែល​បាន​ឈាន​ជើង​ឡើង​លើ​កំពូល​ភ្នំ​ដ៏​ខ្ពស់​មួយ​នៅ​ហ្វីលីពីន និង​មាន​គោល​បំណង​ចង់​ឈាន​ជើង​ឡើង​ភ្នំ​ខ្ពស់​ជាង​គេ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។

តាមរយៈ​សារ និង​រូបភាព ដែល​មាន​ក្រុម​អ្នក​ឡើង​ភ្នំ​ជា​ជនបរទេស បាន​ទៅ​ជាមួយ​លោក​ផង​ដែរ​នោះ លោក ហឿ សេធុល បាន​សរសេរ​ថា៖ «កម្ពស់ ២៩២៦ ម៉ែត្រ នៅ​លើ​ភ្នំ Pulag ស្ថិត​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ ហើយ​ប្រហែល​ជា​ខ្ញុំ​ជាជន​កម្ពុជា​ទី ១ បាន​មក​ឡើង​លើ​កំពូល​ភ្នំ​នេះ» រំពេច​នោះ ក៏មាន​អ្នក​ចូល​ទៅ​ចុច Likes និង​ចូល Comments យ៉ាង​ព្រោង​ព្រាត​តែ​ម្តង។

ដោយសារតែ​ឃើញថា​ទើបតែ​បាន​បង្ហោះ​រូបភាព​ថ្មីៗ ទើប​ភ្នំពេញ​ប៉ុស្តិ៍ បាន​ទំនាក់​ទំនង​សាក​សួរ​នាំ​ពី​ដំណើរ​ដើម​ទង​នៃ​ការ​ឡើង​ភ្នំ​ដ៏​ខ្ពស់​ជិត ៣ គីឡូម៉ែត្រ នោះ​ផង​ដែរ តែ​មិន​មែន​ហេតុការណ៍​ដែល​ទើប​កើត​ឡើង​ថ្មីៗ​នោះ​ឡើយ។

លោក​ ហឿ សេធុល បាន​បង្ហើប​ប្រាប់​ថា៖ «អូ!​តាម​ពិត​ទៅ​រូប​ទាំង​នោះ ខ្ញុំ​បាន​ឡើង​ភ្នំ​តាំង​ពី​ខ្ញុំ​នៅ​រៀន​ប្រទេស​ហ្វីលីពីន កាល​ពី​ឆ្នាំ ២០១០ មក​ម្ល៉េះ! តែ​ដោយសារ​តែ​មាន​ការ​ស្រឡាញ់​លើ​វិស័យ​កីឡា បែប​ផ្សង​ព្រេង​ឡើង​ភ្នំ​នេះ ទើប​ខ្ញុំ​យក​រូប​ចាស់ មក​ផូស្ត​លេងៗ​ទៅ ដែល​ជា​ពេល​វេលា​ខ្ញុំ​នៅ​រៀន​នៅ​ក្នុង​ប្រទេស​នេះ ហើយ​មាន​ភ្នំ​មួយ​ទៀត ដែល​មាន​កម្ពស់​ខ្ពស់​ជាង​ភ្នំ Pulag នេះ​ទៅ​ទៀត។ ជា​ការ​ពិត​ទៅ ខ្ញុំ​ចូលចិត្ត​នូវ​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​ដូច្នេះ ហើយ​ក៏​មាន​បំណង​ចង់​ឡើង​ភ្នំ​ឱរ៉ាល់ ដែល​ជា​ភ្នំ​ខ្ពស់​ជាង​គេ នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ផងដែរ»។

ចិត្តវិទូខ្មែរ​និយម​ការ​ឡើង​ភ្នំ​ខ្ពស់ ប្រាថ្នា​កំពូល​ភ្នំ​ឱរ៉ាល់។ រូប សហការី

គួរ​បញ្ជាក់ថា ចិត្តវិទូ​ខ្មែរ ដែល​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ចិត្ត​វិទ្យា​មក​ពី​ហ្វីលីពីន លោក​ហឿ សេធុល បាន​និពន្ធ និង​បោះពុម្ព​សៀវភៅ​ចិត្តសាស្ត្រ​កុមារ​ដំបូង​ជិត ៣០០០ ក្បាល ដែល​ស្តីពី​ការ​យល់​ដឹង​ពី​ការ​រីក​លូតលាស់ និង​ការ​គ្រប់គ្រង​លើ​អាកប្បកិរិយា​របស់​កុមារ ដោយ​យក​ថវិកា​ទាំង​អស់​នេះ​ទៅ​ចូលរួម​ចំណែក​ដើម្បី​ធ្វើ​សកម្មភាព​សប្បុរសធម៌​នានា​នៅ​ក្នុង​សង្គម។

ម្ចាស់​ស្នាដៃ​សៀវភៅ​កុមារ «ព្រះអង្គម្ចាស់​តូច» ក៏បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​បាន​ផ្តោត​ពន្យល់​លម្អិត​លើ ៣ ចំណុច​សំខាន់​ៗដូចជា​ការ​រីក​លូតលាស់​របស់​កុមារ​នាពេល​ដំបូង​មាន​អ្វីខ្លះ​តាមរយៈ​វិធី​ថែទាំ ការ​លេង ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ចំណង់​ចំណូល​ចិត្ត ចំណាប់​អារម្មណ៍ តាមរយៈ​ការ​លើក​ទឹកចិត្ត​ដោយ​ប្រើ​វិធី​លួង​លោម​បែប​វិជ្ជមាន និង​ការ​គ្រប់គ្រង​អាកប្បកិរិយា ពេល​កុមារ​ធ្វើ​ទង្វើ​ខុស​ឆ្គង​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​អាកប្បកិរិយា​ខ្លួនគេ​ដោយ​វិធី​លើក​ទឹកចិត្ត​បែប​វិជ្ជមាន​ជាង​ការ​ប្រើ​វិធី​ក្តៅ​គឺ​សម្លុត​កូន ឬ​គំរាម​កូន​នោះ»៕