ក្រុង​ប៉េកាំង​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋចិន​​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ចិន​បាន​ធ្វើ​ការ​ដក​សត្វ​ពង្រូលចេញជា​ផ្លូវការ​ពី​បញ្ជី​ឱសថ​​បុរាណ​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​រឹត​បន្តឹង​​លើ​កិច្ច​​​ការពារ​​ស្រប​ច្បាប់​ចំពោះ​សត្វ​​​ជិត​ផុត​ពូជ​​។

ការសែត​​ Health Times របស់​រដ្ឋ​ចិន ​បាន​រាយការណ៍ថា​ ឆ្នាំ​នេះ​សត្វ​ពង្រូល​ត្រូវ​បាន​ដកចេញ​​ជា​ផ្លូវការ​ពី​ឱសថ​ចិន Pharmacopoeia ​បូករួម​ទាំង​គ្រឿង​ផ្សំ​ឱសថ​ផ្សេង​ៗ ដែល​លាយ​ជាមួយ​អាចម៌​ប្រចៀវ​ផង​ដែរ​។ ​

សត្វពង្រូល​ ដែល​ជា​ថនិកសត្វ​ ត្រូវបាន​ជួញ​ដូរ​ច្រើន​បំផុត​ក្នុង​លោក និង​​​​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​មួយ​ចំនួន​គិត​ថា ​អាច​ជា​មូលហេតុ​ចម្បង​នៃ​ការ​កើត​ឡើង​​នៃ​វីរុស​កូរ៉ូណា​ នៅ​លើ​ទី​ផ្សារ​ក្នុង​ទីក្រុង វូហាន ប្រទេស​ចិន​ កាល​ពី​ឆ្នាំ​មុន​។

សរីរាង្គ​ខ្លះ​​របស់​វា​មាន​តម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​ងងឹត ​ដោយសារ​វា​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ​នៅក្នុង​ឱសថ​បុរាណ​ចិន ​ទោះ​បី​ជា​អ្នកវិទ្យាសាស្ត្រ​និយាយ​ថា​ ពួកវា​មិន​បាន​ព្យាបាល​រោគ​ណា​មួយ​ក៏​ដោយ​។

អាជ្ញាធរ​ព្រៃឈើ​របស់​ប្រទេស​ចិន ​កាល​ពី​ថ្ងៃ​សុក្រ​ បាន​ផ្តល់​​កិច្ចការពារ​យ៉ាង​ពិសេស​​ដល់​សត្វ​ពង្រូល​​ក្នុងចំណោម​សត្វ​ជា​ច្រើន​ក្នុង​ប្រទេស​ដោយសារ​តែ​លក្ខណៈ​គំរាមកំហែង​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​។

សរីរាង្គ​​កាយ​​សត្វ​ពង្រូល ​ខ្លះ​ត្រូវ​បាន​ប្រើ​ជា​ឱសថ​បុរាណ​ចិន​ដ៏​ពេញ​និយម។ រូបថត AFP

ការសែត​​ Health Times បាន​ឲ្យ​ដឹង​​ថា​ «ការ​រិចរិល​នៃ​ធនធាន​ព្រៃ​» បាន​ធ្វើ​ឲ្យ​ខើច​ដល់​ប្រភព​ឱសថ​បុរាណ​ ​បើ​ទោះជា​មូលហេតុ​ជាក់លាក់ពី ការ​កាត់​​ពង្រូល​ចេញពី​បញ្ជី​ឱសថ ​មិន​ទាន់​ច្បាស់​ក៏​ដោយ​។

​​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​ប្រទេស​ចិន ​បាន​ហាម​ឃាត់​ការ​លក់​សត្វព្រៃ​សម្រាប់​ម្ហូប​អាហារ ​ដោយ​លើកឡើង​ពី​ហានិភ័យ​នៃ​ជំងឺ​ដែល​អាច​រាលដាល​ដល់​មនុស្ស​ ប៉ុន្តែ​ពាណិជ្ជកម្ម​នៅ​តែ​ស្រប​ច្បាប់​សម្រាប់​គោល​បំណង​ផ្សេងៗ​ទៀត​រួម​ទាំង​ការ​ស្រាវជ្រាវ ​និង ​ឱសថ​បុរាណ​។

កាល​ពី​ថ្ងៃសៅរ៍​ មូលនិធិ​​សត្វ​ព្រៃ​ពិភពលោក​សម្រាប់​ធម្មជាតិ បាន​ឲ្យ​ដឹង​​ថា ​ខ្លួន​បាន​ស្វាគមន៍​យ៉ាង​ខ្លាំង​​ចំពោះ​វិធានការ​របស់​ប្រទេស​ចិន​ ក្នុង​ការ​ពង្រឹង​កិច្ច​​​ការពារ​សត្វ​ពង្រូល​ដោយ​ហៅ​វា​ថា​ «ការ​បញ្ឈប់​ដ៏មាន​សារ​សំខាន់​» ពី​ជំនួញ​ពង្រូល​ខុស​ច្បាប់​៕ AFP/RS