ក្រុង​ប៉េកាំង៖ ជាង​ ១ ​សតវត្សរ៍​ក្រោយ​ពី​នាវា​ទីតានិក​ជួប​គ្រោះ​អាក្រក់​​​​ក្នុង​ប្រវត្តិសាស្ត្រ​ ​នាវា​សង់​ថ្មី​នឹង​រំលេច​រូបរាង​នៅ​​ឧទ្យាន​កម្សាន្ដ​ចិន​ ជាទី​ដែល​ភ្ញៀវ​អាច​ចំណាយ​លុយ​ស្នាក់នៅ​ និង​លេង​កម្សាន្ត​​​ដោយ​មិន​ខ្វល់​ពី​គ្រោះ​លិច​លង់​នោះ​ឡើយ។

អ្នក​ឧបត្ថម្ភ​គម្រោង​ដ៏​សំខាន់​មាន​បំណង​ផលិត​នាវា​កម្សាន្ដ​ដ៏​អសោច​បំផុត​ក្នុង​លោក​ឡើង​វិញ ដែល​ភាពយន្ដ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៩៧ និង​មាន​ការ​គាំទ្រ​ខ្លាំង​នៅ​ប្រទេស​ចិន​ ផង​ដែរ​។

នាវា​កម្សាន្ដ​ប្រណីត​​គំរូ​ដើម​ ជា​នាវា​ធំ​បំផុត​កាល​ពី​ជំនាន់​នោះ​​ និង​មិន​អាច​លេច​ ដែល​អះអាង​ដោយ​ម្ចាស់​នាវា​ បាន​ក្លាយ​ជា​ប្រធានបទ​សំខាន់​តាំងពី​វា​បាន​លេច​ទៅ​បាត​សមុទ្រ​អាត្លង់ទិក​ក្នុង​ឆ្នាំ​ ១៩១២ ក្រោយ​ពី​បុក​ភ្នំ​ទឹកកក​ ដែល​បាន​ឆក់​យក​ជីវិត​ជាង ១ ៥០០ ​នាក់។

វិនិយោគិន​​ ស៊ូ សាវជុន បាន​និយាយ​ថា លោក​មាន​បំណង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​គម្រោង​ផលិត​នាវា​ចម្លង​ប្រវែង ២៦០ ​ម៉ែត្រ ​ដើម្បី​រំឭក​ពី​ការ​ចងចាំ​របស់​នាវា​ទីតានិក​។

លោក ស៊ូ និយាយ​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា នាវា​​ថ្មី​នេះ​​នឹង​​បន្ដ​ស្ថិត​នៅ​ទី​នេះ​ពី ១០០ ទៅ ២០០ ​ឆ្នាំ​ទៀត​»។

វា​ត្រូវ​ការ​ពេល​ ៦ ​ឆ្នាំ យូរ​ជាង​ការ​កសាង​នាវា​ទីតានិក​គំរូ​ដើម​ បន្ថែម​គ្រឿង​ដែក​ ២៣ ០០០ ​តោន កម្មករ​ជាង​ ១០០ ​នាក់​ និង​លុយ​ ១៥៣,៥​ លាន​ដុល្លារ​។ វា​បង្កើត​ជា​វត្ថុ​ទាក់ទាញ​ចម្បង​សម្រាប់​ឧទ្យាន​ជាតិ​ក្នុង​ខេត្ដ​ស៊ីឈួន ចម្ងាយ​ប្រមាណ​ ១​ ពាន់​គីឡូម៉ែត្រ​ពី​សមុទ្រ​។

លោក ស៊ូ សាវជុន ជាវិនិយោគិន​គម្រោង​សាសង់កប៉ាល់ចម្លង​ពីទីតានិក​​​។ រូបថត AFP

ឧទ្យាន​ជាតិ​នេះ​ក៏​រំលេច​នូវ​កំពង់ផែ​សោត​ថាមតុន​ចម្លង​ ដែល​បាន​កើត​ហេតុ​ការណ៍​មហន្ដរាយ​ក្នុង​ភាពយន្ដ​របស់​ផលិតករ James Cameron នៅ​ឆ្នាំ​ ១៩៩៧ ជា​ទីដែល​តួ​អង្គ ជេក សម្ដែង​ដោយលោក ឡេអូណាដូ ឌីកាប្រ៊ីយ៉ូ បាន​ឡើង​នាវា​ក្រោយ​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ដ​។

លោក ស៊ូ បន្ដ​ថា ភ្ញៀវ​ត្រូវ​ចំណាយ​ប្រាក់​ ១៥០ ​ដុល្លារ ក្នុង ១ ​​រាត្រី​លើ​នាវា​កម្សាន្ដ​​ជាមួយ «​សេវាកម្ម​នាវា​កម្សាន្ដ​ប្រណីត​លំដាប់​ផ្កាយ ៥​»។ ​ម៉ាស៊ីន​ចំហាយ​នឹង​ធ្វើ​ឱ្យ​​ភ្ញៀវ​មាន​អារម្មណ៍​ដូច​ជា​ស្ថិត​នៅ​លើ​សមុទ្រ​ពិតៗ។

លោក​​​ថា​៖ «​យើង​នឹង​អញ្ជើញ​តួអង្គ ជេក ​រ៉ូស និង​លោក​ ​ចេមស៍ កាមេរ៉ុន​ មក​សម្ពោធ​នាវា​នេះ​»៕ AFP/HR