ក្រុង​ប៉េកាំង: គូ​ស្នេហ៍​ក្នុង​ទឹក​មុខ​រីក​ដូច​គ្រាប់​ជីរ បាន​ផ្លាស់ប្ដូរ​ស្នាម​ថើប​នៅ​ចំពោះ​មុខ​កាមេរ៉ា ដោយ​កូន​ក្រមុំ​ក្នុង​ឈុត​រ៉ូប​សំយេះ​ស្មា ដៃ​កាន់​ផ្កា​មួយ​បាច់ រីឯ​កូន​កំលោះ សេរ៉េ​ឈុត​អាវ​ធំ​យ៉ាង​ហំហាន ឈរ​លើ​វាលស្មៅ​បៃតង​អម​ដោយ​បុប្ផា​ពណ៌​ផ្កា​ឈូក​។

សកម្មភាព​ដូច​ពិធី​មង្គលការ​ដ៏​មាន​សេចក្ដីសុខ​បំផុត​​នេះ តាម​​​ការ​ពិត​គ្រាន់​តែ​​​ផ្នែក​មួយ​នៃ​ឧស្សាហកម្ម​កំពុង​រីក​ចម្រើន​របស់​ចិន​ចំពោះ​ការ​ផ្ដិត​យក​រូប​ថត​មុន​អាពាហ៍ពិពាហ៍​ ខណៈ​គូស្នេហ៍​វ័យ​ក្មេង​ចំណាយ​ពេល និង​ចាយ​លុយ​នាំ​គ្នា​មក​តម្រង់​ជួរ​ថត​រូប​នៅ​ថ្ងៃ​ពិសេស​របស់​​ខ្លួន​។

ប៉ុន្ដែ​សម្រាប់​អ្នក​ដែល​មិន​អាច​លៃលក​​ប្រាក់​កាក់​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ ឬ​គោលដៅ​ទេសចរណ៍​សំខាន់ៗ​​ក្នុង​ប្រទេស​ដោយ​មាន​បំណង​ស្វែងរក​រូបភាព​ផ្ទៃ​ក្រោយ​ប្លែកៗ​ ក្រុមហ៊ុន​ជា​ច្រើន ដូចជា Love Story ក្នុង​ស្ទូឌីយោ​ទីក្រុង​រ៉ូម បាន​នាំ​យក​ទិដ្ឋភាព​ផ្ទៃ​ក្រោយ ប្រពៃណី គ្រឿង​​តុបតែង​ខ្លួន និង​រចនាប័ទ្ម​ដទៃ​ជុំវិញ​ពិភព​លោក​មក​កាន់​អគារ​ក្នុង​ទីក្រុង​ប៉េកាំង​តែ​មួយ​។

កូន​ក្រមុំ ហ្សាវ ធៀនយូ អាយុ ២៥ ឆ្នាំ ដែល​មក​ថតរូប​តាំង​ពី​ម៉ោង​ ៨ ព្រឹក ​បាន​និយាយ​ថា​៖ «​ការ​ថត​រូប​នៅ​ក្រៅ​ស្ទូឌីយោ​ធ្វើ​ឲ្យ​មាន​ការ​នឿយហត់​ខ្លាំង​ ដោយ​ត្រូវ​រើ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ទៀត​។ មជ្ឈមណ្ឌល​​ថត​រូប​អាពាហ៍ពិពាហ៍​នេះ​ស្ថិត​ក្នុង​អគារ​ ហើយ​វា​ផ្ដល់​នូវ​ទស្សនីយភាព​សព្វ​គ្រប់​តាម​តម្រូវ​ការ​»។

មជ្ឈមណ្ឌល​ថត​រូបក៏​មាន​ទេសភាព​ទឹកជ្រោះសិប្បនិម្មិតផង​ដែរ​។ រូបថត AFP

គូ​ស្នេហ៍​ជា​ច្រើន​នាំ​គ្នា​បង្ហោះ​រូប​ជាមួយ​ទិដ្ឋភាព​ផ្ទៃ​ក្រោយ​ប្លែកៗ​ ដូចជា ឧទ្យាន​ត្រូពិក​ វាល​ផ្កា​ ទឹក​ធ្លាក់​ ផ្ទៃ​មេឃ​ រួម​ទាំង ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ​ផង​ដែរ​។ ក្នុង​សកម្មភាព​ផ្ដិត​យក​រូបភាព​ដ៏​ប្រុងប្រយ័ត្ន​បំផុត​ កូន​ក្រមុំ​ក្នុង​ឈុត​រ៉ូប​ពណ៌​ស​ ចុះ​ទឹក​ពាក់​កណ្ដាល​ខ្លួន​ និង​ក្រេប​ស្រា​ទំពាំង​បាយ​ជូរ​មួយ​កែវ​។

នាយក​គ្រប់គ្រង​ទូទៅ ហ្សាវ រ៉ុងឆាង បាន​និយាយ​ថា​៖ «​ការ​ថត​រូប​អាពាហ៍ពិពាហ៍​របស់​ពលរដ្ឋ​ចិន​ក្លាយ​ទៅ​ជា​ជម្រើស​អាទិភាព​។ ពលរដ្ឋ​ចិន​ពេល​នេះ​មាន​បំណង​ចង់​​ថត​រូប​ក្នុង​បន្ទប់​ និង​លេង​ស្ទីល​ប្លែក​ៗ​»។

ការ​ចំណាយ​លើ​​ឧស្សាហកម្ម​អាពាហ៍​ពិពាហ៍​ក្នុង​ប្រទេស ​ចិន ​បាន​នឹង​កំពុង​ហក់​ឡើង​យ៉ាង​ខ្លាំង​ ដោយ​ក្រុម​ស្រាវជ្រាវ ASKCI បាន​ទស្សន៍ទាយ​ថា នៅ​ដំណាច់​ឆ្នាំ ​២០១៩ នេះ ​ការ​ចំណាយ​​នឹង​កើន​ដល់​​ប្រមាណ ​៣២១ ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក ហ្សាវ និយាយ​ថា គូស្នេហ៍​ពី ៥០ ទៅ ៦០​ គូ មក​កាន់​មជ្ឈមណ្ឌល​ថត​រូប​នេះ​រៀង​រាល់​ថ្ងៃ​ដើម្បី​ផ្ដិត​យក​រូបភាព​ដ៏​ស្រស់​បំផុត​។ ក្រុម​ជំនួយ​ការ​ជា​ច្រើន​នាក់​មាន​ភារកិច្ច​ថត​រូប​ និង​រៀបចំ​ឈុត​ឆាក​ សេរ៉េ​សេរ៉ង់​សម្លៀក​បំពាក់​ និង​បន្ថែម​គ្រឿង​តុប​តែង​ខ្លួន​ដល់​គូស្នេហ៍​ឲ្យ​កាន់​តែ​ឥត​ខ្ចោះ​។

កូន​ក្រមុំ​ត្រកូល វូ អាយុ ២៦ ឆ្នាំ បាន​និយាយ​ថា​៖ «​ខ្ញុំ​ចូលចិត្ដ​គ្រប់​ស្ទីល​នៅ​ទីនេះ​ដែល​ពួក​គេ​បាន​រៀបចំ​ឲ្យ​ខ្ញុំ​។ វា​ហាក់​ដូច​ជា​នឿយហត់​បន្ដិច តែ​ខ្ញុំ​ពេញ​ចិត្ដ​»៕ AFP/HR