សៀមរាប: ម៉ូតូ​ប៉ូលិស​បរ​នាំ​មុខ​បើកផ្លូវ បន្ដ​ដោយ​រថយន្ដ​ក្រុម​វង់ភ្លេង​ឆៃយ៉ាំ ប្រគំ​ចង្វាក់​ប្រពៃណី​ពីរោះ​រន្ថាន់​។ ក្បួន​រថយន្ដ និង​ម៉ូតូ​ជាច្រើន​គ្រឿង​ដែល​អ្នកខ្លះ​លើក​ទង់ជាតិ ខ្លះ​លើក​បដា​ជយលាភី និង​បង្អួត​មេដាយ​យ៉ាង​មាន​មោទនភាព​ក្រោម​សំឡេង​ឧគ្ឃោសនស័ព្ទ​បន្ទរ​កងរំពង​ជា​សញ្ញា​អបអរសាទរ​ក្រុម​ចុងភៅ​កម្ពុជា​បាន​ឈ្នះ​ពានមាស និង​មេដាយ​ជាច្រើន​គ្រឿង​ជូន​ជាតិ​មាតុភូមិ​។

ក្រុម​ចុងភៅ​កម្ពុជា ២៦ ​នាក់ និង​អ្នក​ហែហម ៦ ​នាក់​ដែល​ដឹកនាំ​ដោយ​ប្រធាន​សមាគម​ចុងភៅ​កម្ពុជា​បាន​ឈ្នះ​ពានរង្វាន់​មាស​ ១ មេដាយមាស ៣ ​គ្រឿង ចំពោះ​ការប្រកួត​ចម្អិនម្ហូប​ប្រភេទ the Best Asian Gourmet Challenge រួម​ជាមួយ​មេដាយប្រាក់ ៦ និង​សំរឹទ្ធ ១៧ ​គ្រឿង​ក្នុង​ប្រភេទ​ផ្សេងៗ​នៃ​ព្រឹត្ដិការណ៍ Thailand Ultimate Chef Challenge 2019 ដែល​រៀបចំ​ឡើង​ពី​ថ្ងៃ​ទី ២៧ ខែ​ឧសភា​ដល់​ថ្ងៃ​ទី​ ១ ខែ​មិថុនា​ក្នុង​ប្រទេស​ថៃ​។

លោក ឡុង ប៊ុនហោ ប្រធាន​សមាគម​ចុងភៅ​កម្ពុជា (CCA) បាន​ឲ្យ​ដឹង​ថា​៖ «​ប្រាកដ​ណាស់​ក្រុម​ចុងភៅ​ចង់​បាន​សញ្ញាបត្រ កិត្ដិនាម ចំណេះដឹង​ទូលំទូលាយ និង​យល់ដឹង​ពី​ម្ហូប​ជាតិ​សាសន៍​ដទៃ​ក្នុង​ការប្រកួត​អន្ដរជាតិ​នេះ​។ ប៉ុន្ដែ​ពួកគាត់​ក៏​ចង់​នាំ​យក​ម្ហូប​ខ្មែរ​ទៅ​បង្ហាញ​នៅ​ក្រៅ​ប្រទេស​ដើម្បី​លើក​មុខមាត់​ប្រទេស​ជាតិ​ផង​ដែរ​»​។

លោក ប៊ុនហោ ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន​ម្ហូប​ខ្មែរ អង្គារដី ផង​នោះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍​ថា​៖ «​ពានរង្វាន់​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​វិស័យ​ម្ហូបអាហារ​របស់​ប្រទេស​កម្ពុជា​ក៏​ដូចជា​បុគ្គល​ដែល​មាន​អាជីព​ជា​ចុងភៅ​។ វិស័យ​ម្ហូបអាហារ​ខ្មែរ​រឹតតែ​មាន​ការទទួល​ស្គាល់​ពី​ឆាក​អន្ដរជាតិ ដោយសារ​យើង​ជ្រើសរើស​យក​មុខ​ម្ហូប​ខ្មែរ​​ចូលរួម​ប្រកួត​រៀងរាល់​ឆ្នាំ​»​។

ជា​ប្រធាន​ក្រុម​ក្នុង​ចំណោម​បេក្ខភាព ៣ ​រូប​ដែល​ដណ្ដើម​ពានមាស​ ១ និង​មេដាយមាស​ 3 លោក ឈន ប៊ុនឈូ បម្រើការ​នៅ​ក្រុមហ៊ុន​ហ្គោលឌិន ធេមភលគ្រុប តែងតែ​មាន​ការចូលរួម​ប្រកួត​លើ​ឆាក​អន្ដរជាតិ​នានា​ដើម្បី​លើក​មុខ​មាត់​ប្រទេស​ជាតិ​។

ចុងភៅ​កម្ពុជា ២៦ ​នាក់​ឈ្នះ​ពាន​រង្វាន់​មាស​ ១ មេដាយមាស​ ៣ ​។ រូបថត សហការី

ចុងភៅ​ដែល​មាន​បទពិសោធ​ការងារ ១១ ​ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹងថា​៖ «​ជាមួយ​ចិត្ដ​ស្រឡាញ់ និង​ចង់​លើកស្ទួយ​ម្ហូបអាហារ​ខ្មែរ ខ្ញុំ​ក៏​ដូចជា​ក្រុម​របស់​ខ្ញុំ​ផ្ទាល់​មាន​ការប្ដេជ្ញា​ខ្ពស់ ដោយ​សម្រេច​ចិត្ដ​ថា ទោះបី​ជា​ជាប់ ឬ​ធ្លាក់​ក៏​ត្រូវ​តែ​យក​ម្ហូប​ខ្មែរ​ទៅ​កាន់​ឆាក​អន្ដរជាតិ ដើម្បី​ឲ្យ​គេ​បាន​ស្គាល់ និង​ភ្លក្ស​រសជាតិ​ផង​ដែរ​»​។

លោក ប៊ុនឈូ ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្ដិការណ៍​មុខម្ហូប​នៅ​ប្រទេស​ថៃ​ចំនួន ៤ ​លើក​មក​ហើយ​បាន​បន្ដ​ថា​៖ «​គោលបំណង​របស់​ខ្ញុំ​ក្នុង​ការចូលរួម​ប្រកួត​នោះ​គឺ​ចង់​ឲ្យ​អន្ដរជាតិ​ទទួល​ស្គាល់​ថា កម្ពុជា​មាន​សមត្ថភាព​ក្នុង​ការអភិរក្ស អភិវឌ្ឍ​វិស័យ​ម្ហូបអាហារ​ឲ្យ​មាន​ការរីកចម្រើន​ដូច​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី និង​សកលលោក​»​។

ស្ថិត​ក្រោម​ការវាយតម្លៃ​ពី​សំណាក់​គណៈកម្មការ​មក​ពី​ថៃ តៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​បណ្ដា​ប្រទេស​ដទៃ​ទៀត​ពួកគេ​បាន​ផ្ដល់​ពិន្ទុ​ទៅ​លើ​សោភណភាព រសជាតិ អនាម័យ និង​ពេលវេលា ជាពិសេស​សាមគ្គីភាព​ក្នុង​ក្រុម​ទៅ​លើ​បេក្ខជន​ប្រកួត​មកពី ១៤ ​ប្រទេស​ដែល​មាន​អ្នកចូលរួម​ប្រមាណ ១៤០០ ​នាក់​។

លោក ឡុង ប៊ុនហោ ដែល​តែងតែ​ផ្ដល់​មតិយោបល់ គំនិត និង​បច្ចេកទេស បាន​លើក​ឡើង​ថា​៖ «​ចុងភៅ​ដែល​ចូលរួម​ប្រកួត សុទ្ធ​តែ​ជា​បុគ្គលិក​តាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន ហើយ​អ្នក​ខ្លះ​មាន​ហាង​ផ្ទាល់​ខ្លួន​ទៀត​។ គណៈកម្មការ​វាយតម្លៃ​មើល​លើ​ការងារ​ជា​ក្រុម​ថា តើ​ពួកគេ​មាន​សាមគ្គីភាព ឬក៏​អត់ ហើយ​ពេល​ប្រកួត​កន្លែង​ប្រកួត​មាន​អនាម័យ និង​សណ្ដាប់ធ្នាប់​ល្អ ឬ​ក៏​អត់​?​។ រសជាតិ​បាន​ដល់​កម្រិត​ដែល​គណៈកម្មការ​អាច​ឲ្យ​ពិន្ទុ​បាន​កម្រិត​ណា​?»​។

ក្រៅពី​ការចម្អិន ក្រុម​ចុងភៅ​ត្រូវ​រ៉ាប់រង​ដឹក​សម្ភារ​រាប់រយ​គីឡូក្រាម​។ រូបថត សហការី

ចុងភៅ​មាន​បទពិសោធ​ការងារ​ជាង​ ១ ​ទសវត្សរ៍​រូបនេះ​បាន​និយាយ​ថា​៖ «​ទោះបី​ជា​ពេល​ខ្លះ យើង​មាន​ការប៉ះទង្គិច​នូវ​ពាក្យ​សម្តី​គ្នា​ខ្លះ​យ៉ាងណា​ក៏ដោយ ក៏​ពួកយើង​បាន​សម្របសម្រួល​គ្នា​ដើម្បី​រួម​សម្រេច​គោលដៅ និង​ក្ដីស្រមៃ​តែមួយ​»​។

ពីក្រោយ​សម្រស់ និង​ក្លិន​ឈ្ងុយ​ប្រហើរ​នៃ​មុខម្ហូប​លើ​ចាន ​ជាទូទៅ​ពេល​ចេញ​ដំណើរ​ទៅ​ក្រៅ កីឡាករ​បាល់ទាត់​មិន​ចាំបាច់​វេចខ្ចប់​បាល់​ឡើង​យន្ដហោះ​ឡើយ​។ កីឡាករ​ប្រដាល់​យ៉ាង​ច្រើន​ណាស់ ស្ពាយ​តែ​សម្ភារ​មួយ​បង្វេច​ជា​ការស្រេច​។

ប៉ុន្ដែ​ភាពងាយស្រួល​ទាំងអស់​នេះ​មិនមែន​សម្រាប់​ក្រុម​ចុងភៅ ពេល​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្ដិការណ៍ Thailand Ultimate Chef Challenge 2019 នោះ​ឡើយ​។

លោក ឡុង ប៊ុនហោ បាន​ប្រាប់​ថា​៖ «​ក្រុម​ចុងភៅ​យើង​ត្រូវ​ដឹកជញ្ជូន​សម្ភារ​ប្រកួត​ច្រើន​ណាស់ រាប់​ចាប់ពី​ខ្ទះ​គ្រប់​ប្រភេទ កាំបិត ចានឆ្នាំង និង​សម្ភារ​ផ្ទះបាយ​ចាំបាច់​ដែល​មាន​ទម្ងន់​រាប់រយ​គីឡូក្រាម​ឯណោះ​។ នៅ​កន្លែង​ប្រកួត គេ​ផ្ដល់​ឲ្យ​តែ​បរិក្ខារ​ធំៗ​មួយ​ចំនួន​ដូចជា ទូក្លាស្សេ​សាច់ ម៉ាស៊ីន​ម៉ៃក្រូវេវ និង​ចង្ក្រាន​ជាដើម​»​។

លោក ឈន ប៊ុនឈូ ប្រធាន​ក្រុម​ក្នុង​ពេលប្រកួត​បាន​បន្ថែម​ថា​៖ «​ពិតណាស់ យើង​ត្រូវ​ការចំណាយ​ថវិកា​ច្រើន ហើយ​អ្វី​ដែល​កាន់តែ​លំបាក​ថែម​ទៀត​នោះ គឺ​ការធ្វើ​ដំណើរ​ ស្នាក់នៅ និង​ហូបចុក ហើយ​ពេល​ខ្លះ​មាន​ការហាមឃាត់​ពី​សំណាក់​តម្រួត​ថៃ​នៅឯ​ព្រំដែន​ទៀត​ផង​»​។

ស្ថិត​ក្នុង​ចំណោម​មុខម្ហូប​ប្រកួត​ទាំង ១០ រួម​ទាំង​បង្អែម​ ១ ​មុខ​ដែល​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​នោះ​ដូចជា ញាំ​ក្រូចថ្លុង​បង្គា​ទន្លេ សាច់គោ​អាំង​ទឹកប្រហុក សម្លប្រហើរ​ត្រីឆ្អើរ អាម៉ុក​ត្រី ការីសាច់មាន់ ឆា​កង្កែប​ម្រេច​ខ្ចី ខប៉េងប៉ោះ គ្រំ​បំពង​ជ្រក់ស្វាយ បាយ​ចំហុយ​ជាមួយ​សណ្ដែកខ្មៅ (​ស្រដៀង​ក្រឡាន​) និង​បង្អែម​សង់ខ្យាល្ពៅ ដោយ​ទទួល​បាន ៩៥ ពិន្ទុ​នោះ​ការស្វែងរក​បន្លែ ត្រី សាច់​សម្រាប់​រៀបចំ​ជា​ម្ហូប​ទាំង ១០ ​មុខ​ពិតជា​សំខាន់​បំផុត​។

លោក ប៊ុនហោ បាន​ប្រាប់​ថា​៖ «​ជាក់ស្ដែង​មុខម្ហូប​កង្កែប​ឆា​ម្រេច​ខ្ចី ក្រុម​ចុងភៅ​វេចខ្ចប់​ម្រេច​ខ្ចី​ពី​ខ្មែរ រួច​ទៅ​រក​ដើរ​ទិញ​កង្កែប​នៅ​ផ្សារ​ថៃ​។ ពេល​ពួកគាត់​ទៅ​ដល់​ភ្លាម ពួកគាត់​ចាប់ផ្ដើម​ដើរ​ផ្សារ និង​គិតថា តើ​ប៉ុន្មាន​ផ្សារ​ទើប​គាត់​អាច​រកបាន​អីវ៉ាន់ ១០ មុខ​ហ្នឹង​។ អត់​មាន​ ១ ​ផ្សារ​អាច​រក​បាន ១០ ​មុខ​ទេ​។ កម្មវិធី​ប្រកួត​នេះ​គេ​ឲ្យ​ពេលវេលា ៣ ​ម៉ោង​បើ​ធ្វើ​មិន​ទាន់ យើង​នឹង​ត្រូវ​ធ្លាក់​ពី​ការប្រកួត​។ ១ មុខ​ម្ហូប​មាន ៦ ​ចាន​គឺ​ត្រូវតែ​ដូច​គ្នា ប៉ុនគ្នា និង​រសជាតិ​តែមួយ​»​។

ប្រធាន​សមាគម​ចុងភៅ​កម្ពុជា​ដែល​ជួយ​ដល់​សមាជិក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត ព្រមទាំង​រៀបចំ​កិច្ចប្រជុំ និង​ជួបជុំ​ធ្វើ​ម្ហូប​សាកល្បង​មុន​ពេល​ចេញដំណើរ​បាន​ជួយ​ថវិកា​បន្តិចបន្តួច និង​ស្វែងរក​អ្នក​ឧបត្ថម្ភ​ដោយ​ថវិកា​នៅ​សេសសល់​តិចតួច​ជា​ការរ៉ាប់រង​របស់​ក្រុម​ចុងភៅ​។

លោក ឡុង ប៊ុនហោ បាន​ប្រាប់​ថា​ក្រៅពី​ប្រទេស​ថៃ ក្រុម​ចុងភៅ​កម្ពុជា​បាន​ទៅ​ប្រទេស​ចិន វៀតណាម ឥណ្ឌា និង​សិង្ហបុរី ព្រមទាំង​បាន​ធ្វើ​បទបង្ហាញ​ពីមុខ​ម្ហូប​ខ្មែរ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ដូចជា កូរ៉េ​ខាង​ត្បូង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​ថៃ​ជាដើម​។

ជាមួយ​សមាជិក​ចុងភៅ ២៦៥ នាក់​សមាគម​ចុងភៅ​កម្ពុជា​មាន​បេសកកម្ម​កៀរគរ​ចុងភៅ​ជំនាញ​ក្នុង​បំណង​ជួយ​ផ្សព្វផ្សាយ​មុខម្ហូប​ខ្មែរ​ទាំង​លើ​ឆាក​ជាតិ និង​អន្ដរជាតិ​ព្រម​ទាំង​ជួយ​គាំទ្រ​ដល់​ចុងភៅ​ជំនាន់​ថ្មី​តាមរយៈ​ការបើក​វគ្គ​បណ្ដុះបណ្ដាល និង​ផ្ដល់​ឱកាស​ចូលរួម​ប្រកួត​គ្រប់​កម្រិត​ថ្នាក់​៕