ក្រុងសៀមរាប៖ ក្រុមចុងភៅខ្មែរឆ្នើម ៣ រូប ដោយមានលោក ស្រី បូរា លោក ទីម ភក្តិ និងលោក ឈន ប៊ុនឈូ ដែលជាចុងភៅទើបទទួលបានជយលាភីមេដាយមាសពីការប្រកួតធ្វើម្ហូបនៅឯទីក្រុងបាងកក ប្រទេស ថៃ នៃព្រឹត្ដិការណ៍ Thailand Ultimate Chef Challenge 2019 កន្លងមក បានរួមគ្នាចម្អិនម្ហូបដែលបានឈ្នះការប្រកួតនោះ ក្នុងព្រឹត្តិការណ៍រៃអង្គាសប្រាក់សប្បុរសធម៌ជួយដល់ការផ្គត់ផ្គង់សាលា EGBOK នៅចុងសប្តាហ៍នេះ ក្រោមការរៀបចំពីខាងរមណីយដ្ឋាន Templation Angkor Resort។
កញ្ញា ព្រាប សុវណ្ណសម្ផស្ស ដែលជាប្រធានផ្នែកកិច្ចការច្នៃប្រឌិតនៅរមណីយដ្ឋាន Templation Angkor Resort បានបង្ហើបឲ្យដឹងពីគោលបំណងការរៀបចំព្រឹត្តិការណ៍រៃអង្គាសប្រាក់សប្បុរសធម៌ជួយផ្គត់ផ្គង់ដល់សាលា EGBOK នៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះថា៖ «ការរៀបចំកម្មវិធីសប្បុរសធម៌ នាថ្ងៃចុងសប្តាហ៍នេះ ក្នុងគោលបំណងសំខាន់ ២ យ៉ាងគឺចង់បង្ហាញពីការលើកទឹកចិត្ត ឬផ្តល់នូវតម្លៃដល់ក្រុមចុងខ្មែរឆ្នើមទាំង ៣ រូប គឺលោក ស្រី បូរា លោក ទីម ភក្តិ និងលោក ឈន ប៊ុនឈូ ដែលបានទទួលជ័យជម្នះក្នុងការនាំយកមេដាយមាសប្រភេទ Gold Gourmet Awards ក្នុងការប្រកួតធ្វើម្ហូប នៅឯទីក្រុងបាងកក ប្រទេស ថៃ កាលពីប៉ុន្មានខែកន្លងមក។ ម្យ៉ាងទៀត ប្រាក់ទាំងអស់ ដែលបានពីភ្ញៀវចូលរួមកម្មវិធីទទួលទានអាហារពេលល្ងាច ៥ មុខ (5-course dinner) ធ្វើនៅរមណីយដ្ឋាន Templation Angkor Resort នោះ នឹងនាំយកទាំងអស់ទៅប្រគល់ជូនដល់សាលា EGBOK ដើម្បីផ្គត់ផ្គង់សិស្ស ដែលកំពុងតែរៀនជំនាញចម្អិនម្ហូប។
កញ្ញា ព្រាប សុវណ្ណសម្ផស្ស ក៏បន្តថា៖ «កម្មវិធីបែបនេះ រៀបចំលើកដំបូង ហើយក៏តម្រូវឲ្យភ្ញៀវ ដែលចាប់អារម្មណ៍ចូលរួមចុះឈ្មោះជាមុនដែរ ខណៈយើងកំណត់យកតែ ៦០ នាក់ ប៉ុណ្ណោះ ហើយពេលនេះ មានអ្នកចុះឈ្មោះជាង ៣០ រូបហើយ។ ចំណែកតម្លៃវិញ ម្នាក់ចំណាយ ៤៥ ដុល្លារ ដោយមានបម្រើជូនម្ហូបចំនួន ៥ មុខ បូកផ្សំនឹងភេសជ្ជៈជាស្រាក្រហមចំនួន ២ កែវ។ លើសពីនេះ ក្រុមចុងភៅជាជយលាភីទាំង ៣ ក៏នឹងចម្អិនម្ហូបពិសេស ៣ មុខ ដែលពួកគាត់បានឈ្នះការប្រកួតនៅថៃផងដែរ ថែមទាំងមានសិស្សនៅសាលា EGBOK ចំនួន ៤ នាក់ ជាជំនួយការនៃការចម្អិនម្ហូបនេះទៀតផង»។
គួរបញ្ជាក់ដែរថា ក្រុមចុងភៅកម្ពុជាចំនួន ២៦ នាក់ និងអ្នកហែហម ៦ នាក់ ដឹកនាំដោយប្រធានសមាគមចុងភៅកម្ពុជា បានឈ្នះពានរង្វាន់មាស ១ មេដាយមាស ៣ គ្រឿង ពីការប្រកួតចម្អិនម្ហូបប្រភេទ the Best Asian Gourmet Challenge រួមមេដាយប្រាក់ ៦ និងសំរឹទ្ធ ១៧ គ្រឿង ក្នុងប្រភេទផ្សេងៗនៃព្រឹត្តិការណ៍ Thailand Ultimate Chef Challenge 2019 ដែលរៀបចំឡើងពីថ្ងៃទី ២៧ ខែ ឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ក្នុងប្រទេស ថៃ កន្លងមក។
ចំណោមមុខម្ហូបប្រកួតទាំង ១០ រួមទាំងបង្អែម ១ មុខផងដែលកម្ពុជាទទួលបានជ័យជម្នះនោះ មានដូចជាញាំក្រូចថ្លុងបង្គាទន្លេ សាច់គោអាំងទឹកប្រហុក សម្លប្រហើរត្រីឆ្អើរ អាម៉ុកត្រី ការីសាច់មាន់ ឆាកង្កែបម្រេចខ្ចី ខប៉េងប៉ោះ គ្រំបំពងជ្រក់ស្វាយ បាយចំហុយជាមួយសណ្ដែកខ្មៅ និងបង្អែមសង់ខ្យាល្ពៅ ដោយពួកគេទទួលបាន ៩៥ ពិន្ទុនោះ គឺការស្វែងរកបន្លែ ត្រី សាច់ សម្រាប់រៀបចំធ្វើជាម្ហូបទាំង ១០ មុខ៕