ភ្នំពេញ: ជ្រក់ ដែល​ដាក់​លក់​ក្នុង​ចាន​ដែក ធុង​ជ័រ និង​ក្រឡ និង​រមែង​ជា​មុខម្ហូប​បន្ទាប់​បន្សំ​ឬ​ជា​អាហារ​សំខាន់​ក្នុង​របប​ទទួល​ទាន​ខ្មែរ អាច​ជា​បន្លែ ផ្លែឈើ ត្រី ក្ដាម ឬ​អង្ក្រង។

រហូត​មក​ទល់​សព្វថ្ងៃ ទាំង​ម្ហូប​ជ្រក់ និង​ម្ជូរ​ត្រូវបាន​ដាក់​លក់​គ្រប់​ទិសទី​ទូទាំង​ប្រទេស​កម្ពុជា។ ដូច្នេះ ភ្នំពេញ ប៉ុស្ដិ៍​បាន​ធ្វើ​បទ​សម្ភាស​ជាមួយ​មេ​ចុងភៅ​កម្ពុជា និង​ជា​នា​យក​ក្រុមហ៊ុន Thalias លោក លូ ម៉េង។

យោងតាម​លោក លូ ម៉េង បាន​ឲ្យ​ដឹង​ថា ម្ហូប​ជ្រក់​មាន​ឥទ្ធិពល​មក​ពី​បារាំង និង ចិន ជា​ពិសេស​ពលរដ្ឋ​ចិន​អម្បូរ​ទៀជីវ ដែល​បាន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​រាប់​សតវត្សរ៍​មុន។

លោក​និយាយ​ថា៖ «នៅ​ហ្គ័ងដុង​តំបន់​ចិន​ទៀជីវ​រស់នៅ ហើយ​ពួកគេ​ធ្វើ​ជ្រក់​ជា​ច្រើន​ប្រភេទ​ពីព្រោះ​ពួកគេ​ជា​ប្រជា​នេសាទ។ ដូច្នេះ​ពេល​ចេញ​ទៅ​ណា​មក​ណា​ពួកគេ​ត្រូវ​យក​ម្ហូប​តាម និង​រៀបចំ​ទុក​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ ទាំង​ការ​ប្រឡាក់​អំបិល​រក្សាទុក​ឲ្យ​បាន​យូរ និង​ជ្រក់​ថែម​ទៀត​ផង»។

នៅ​ភាគ​ខាងជើង​ផ្សា​របឹង​កេងកង ផ្ទះ​លេខ ១៧ ផ្ទូវ ៣៨០ គឺជា​ហាង​លក់​ជ្រក់​ម្ជូរ​តូច​ចង្អៀត​មួយ ដោយ​តាំង​ទូកញ្ចក់​ដាក់​ម្ជូរ និង​រំលេច​យីហោ 888 ជា​អក្សរ​ពណ៌​ក្រហម។

លោក ម៉េង បាន​បន្ដ​ថា៖ «នេះ​គឺជា​តូប​លក់​ជ្រក់​ម្ជូរ​ចំណាស់​មួយ​នៅ​ផ្សារ​បឹង​កេងកង។ អាហារ​ជ្រក់​ប្រភេទ​នេះ បាន​និង​កំពុង​តែ​មាន​ប្រជា​ប្រិយភាព​រយៈពេល ២០ ឆ្នាំ និង​ពេញ​និយម​ខ្លាំង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ»។

លោក​បន្ថែម​ថា៖ «ភាគច្រើន​ជា​យុវវ័យ និង​ស្ដ្រី​មាន​ផ្ទៃពោះ​ចូលចិត្ដ​ខ្លាំង ពី​ព្រោះ​វា​ត្រូវ​បាន​ចាត់​ទុក​ជា​ឱសថ​សម្រួល​អាការ​ចាញ់​កូន»។

អាជីវករ​លក់​ជ្រក់ត្រសក់ សណ្ដែក​បណ្ដុះ ស្ពៃ និង​ក្រអៅឈូក។ ហុង មិនា

ចំពោះ​ជ្រក់​ប្រពៃណី​លោក​ម៉េង​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា នៅ​កន្លែង​លក់​ជ្រក់​ក្នុង​ហាង​ដ៏តូច​ចង្អៀត លោក​បាន​ជួប​អ្នកស្រី មិន ធីតា ដែល​លក់​ជ្រក់​តាំង​ពី​អ្នក​ស្រី​អាយុ ១២ ឆ្នាំ​មុន​ពេល​បន្ដវេន​របរ​នេះ​ពី​ម្ដាយ។

នៅទីនេះ​អ្នកស្រី​បាន​លក់​ត្រសក់​ជ្រក់​បែប​ខ្មែរ​រួម​ទាំង​ស្វាយ​ជ្រក់ ល្ហុង​ជ្រក់ ដែល​ប្រើ​ទឹក​អង្ករ ស្ករ​ត្នោត និង​ទឹកខ្មេះ ជាមួយ​សណ្ដែក​បណ្ដុះ និង​ក្រអៅ​ឈូក។ អ្នកស្រី​ក៏មាន​លក់​ស្ពៃក្ដោប​ជ្រក់ និង​បន្លែ​ស្លឹក​បៃតង​ផ្សេងៗ​ទៀត​ដោយ​លោក ម៉េង យល់​ថា គ្រឿង​ជ្រក់​ទាំង​នេះ​មាន​កំណើត​មក​ពី​ចិន។

ចំពោះមុខ​ម្ហូប​ខ្មែរ​លោក​ម៉េង​បាន​សម្គាល់​ឃើញ​ថា ជ្រក់​អាច​ប្រើ​ជា​ម្ហូប​ផ្ដើម និង​ក្លែម។ មេ​ចុងភៅ​ដែល​អង្គុយ​ភ្លក្ស​បាយ​ស្រូប មាន់​អាំង​អម​ដោយ​ជ្រក់ បាន​លើក​ឡើង​ថា៖ «សម្រាប់​ពលរដ្ឋ​បស្ចិម​ប្រទេស​ពួកគេ​ញ៉ាំ​សាច់​ជ្រូក​អាំង​ឬ​ឆ្អឹង​ជំនីរ​ជាមួយ​សាលាដ យើង​ទទួល​ទាន​ជាមួយ​ជ្រក់»។

ទន្ទឹមនឹងនោះ​ផងដែរ អ្នកស្រី ធីតា និយាយ​ថា ជ្រក់​ក៏​ជា​អាហារ​ចម្បង​សម្រាប់​កម្មករ​សំណង់ និង​រោងចក្រ ខណៈ​អ្នក​មាន​ធូរធារ​បន្ថែម​ម្ហូប​ជ្រក់​ជា​គ្រឿង​បន្ទាប់​បន្សំ​ប៉ុណ្ណោះ។

អ្នកស្រី​បន្ដថា៖ «យើង​ទទួល​ទាន​ជ្រក់​រៀងរាល់​ថ្ងៃ​មិន​ថា អ្នក​មាន ឬ​អ្នកក្រ​ឡើយ»៕HR

តូបលក់​ម្ជូរ​គ្រឿង​ជ្រក់​ អាយុកាល​ចំណាស់​មួយ​នៅ​ម្ដុំ​បឹងកេងកង​​​។ ហុង មិនា