ក្រុង​បាត់​ដំបងៈ ក្រោយ​ពីសម្បកកង់ឡានទុកគរ​ចោល​ច្រើន ព្រោះ​គ្មាន​​អ្នក​ទិញ​ដូច​ពី​មុន សល់​ប្រមាណ​ចំនួន​ជាង ៤០០ កង់ មក​នោះ ក៏​ជំរុញ​ចិត្ត​ឲ្យ​ម្ចាស់​មណ្ឌលកម្សាន្តសួន​ទឹក​សុភមង្គល ដែល​ស្ថិត​នៅ​ខេត្ត​បាត់​ដំបង បាន​កែច្នៃ​សម្បកកង់ឡាន​ទាំង​នោះ​ឲ្យ​ក្លាយ​ជា​សំណង់​ប្រាសាទអង្គរវត្តសិប្បនិម្មិត​ដ៏​គួរ​ឲ្យ​ទាក់ទាញ​នៃ​ចំណាប់​អារម្មណ៍​ក្រុម​ទេសចរ​ទាំង​ជិត​ទាំង​ឆ្ងាយ​ចង់​ចូល​ទៅ​ទស្សនា។

​សំណង់​ប្រាសាទអង្គរវត្តសិប្បនិម្មិត ដែល​សង់​ពីសម្បកកង់ឡាន​មាន​ប្រវែង​ជាង ២០ ម៉ែត្រ និង​កម្ពស់​ជិត ៨ ម៉ែត្រ នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​មណ្ឌលកម្សាន្តសួន​ទឹក​សុភមង្គល ដែល​លាតសន្ធឹងលើ​ផ្ទៃ​ដី​ប្រមាណ​ជិត ១៦ ហិកតា នៅ​ក្នុង​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរម៉ាល់ ក្រុង​បាត់​ដំបង ខេត្ដ​បាត់​ដំបង ខាង​ជើង​រង្វង់មូល​នាង​រំសាយសក់ ដែល​មាន​ចម្ងាយ​ប្រមាណ ៨០០ ម៉ែត្រ​តែ​ប៉ុណ្ណោះ​នៃ​ក្រុង​បាត់​ដំបង។

​លោក អុឹង ឈីវឡេង ជា​អ្នក​គ្រប់គ្រង​នៃ​មណ្ឌលកម្សាន្តសួន​ទឹក​សុភមង្គល​បាន​បង្ហើប​ឲ្យ​ដឹងពីការក​កើត​នៃ​សំណង់​ប្រាសាទអង្គរវត្តសិប្បនិម្មិត​សង់​ពីសម្បកកង់ឡាន​នេះ​ថា៖ «ចំពោះ​មណ្ឌលកម្សាន្តសួន​ទឹក​សុភមង្គល​យើង ក៏​ដូច​ជា​សំណង់​ប្រាសាទពីសម្បកកង់ឡាន​នេះ បាន​ដំណើរ​ការ​បម្រើ​ភ្ញៀវ​ឲ្យ​ចូល​លេង​កម្សាន្ត​ជាង ២ ឆ្នាំ មក​ហើយ។ ដោយ​ឡែក​សំណង់ ប្រាសាទអង្គរវត្តសិប្ប-និម្មិត​នេះ​យើង​បាន​ចំណាយ​ពេល​ជិត​មួយ​ខែ​ផង​ដែរ ទើប​បាន​សាង​សង់​រួច​រាល់ ដោយ​វា​មាន​ប្រវែង ២០ ម៉ែត្រ និង​កម្ពស់ ប្រហែល​ជា ៧ ទៅ ៨ ម៉ែត្រ ហើយ​ប្រើ​សម្បកកង់ឡាន​ជាង ៤០០ សម្បក។

អាង​ហែលទឹក​សម្រាប់​កុមារ​នៅ​​ឯ​មណ្ឌលកម្សាន្ត​​សួន​​ទឹក​សុភមង្គល​ នៅ​ក្រុង​បាត់ដំបង​។ ហ្វេសប៊ុក​

​ក្រៅ​ពីការ​ចូល​ទៅ​ទស្សនា​ប្រាសាទអង្គរវត្តសិប្បនិម្មិត​សង់​ពីសម្បកកង់ឡាន​នោះ នៅ​ឯមណ្ឌលកម្សាន្តសួន​ទឹក​សុភមង្គល ក៏​មាន​សេវា​កម្ម​ផ្សេង​ៗ និង​ទីកម្សាន្ត​នានា​ជា​ច្រើន​ទៀត​ផង​ដែរ សម្រាប់​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ មិន​ថា​នៅ​ក្នុង​តំបន់ ឬ​នៅ​ទីឆ្ងាយ ដែល​ចង់​ឆៀង​ចូល​លេង​នៅ​ទី​នោះ។

​អ្នក​គ្រប់គ្រង​នៃ​មណ្ឌលកម្សាន្តសួន​ទឹក​សុភមង្គល បាន​ឲ្យ​ដឹងថា៖ «យើង​មាន​អាង-ហែល​ទឹក​ទាំង​មនុស្ស​ចាស់ និង​ក្មេង​ៗ សម្រាប់​ហែល​លេង ដោយ​មាន​ទី​កន្លែង​រំអិល​លេង​ទៀត​ផង ដោយ​ការ​ចូល​លេង​មនុស្ស​ចាស់​ម្នាក់​តម្លៃ ៣ ដុល្លារ ខណៈ​ក្មេង​ម្នាក់​តម្លៃ ២ ដុល្លារ ដែល​មិន​បាន​កំណត់​ម៉ោង​ចូល​ទៅ​ហែល​លេង​ឡើយ។ ចំពោះ​តម្លៃ​ចូល​លេង​ហែល​ទឹក​នេះ មិន​ឡើង​ថ្លៃ​ឡើយ​នា​ឱកាស​ថ្ងៃ​បុណ្យទាន​នានា​ទេគឺ​រក្សា​ដូច​ជា​នៅ​ថ្ងៃ​ធម្មតា​ដែរ។ ក្រៅ​ពី​នេះ យើង​​ក៏​មាន​អាហារ​ដ្ឋាន​លក់​ម្ហូប​អាហារ និង​ភេសជ្ជៈ​នានា ដោយ​តម្លៃ​គឺ​ដូច​ទី​ផ្សារ​លក់​នៅ​ខាង​ក្រៅ​ដែរ។ លើសពី​នេះ យើង​ក៏​មាន​សួនផ្កាអាច​ឲ្យ​ភ្ញៀវ​ចូល​កម្សាន្ត ខណៈ​ភ្ញៀវ​ម្នាក់​ចូល​ទស្សនា​នៅ​ក្នុង​មណ្ឌលសួន​ទឹក​សុភមង្គល​នេះ គ្រាន់​តែ​ចំណាយ​ប្រាក់​អស់​ត្រឹម​តែ ២០០០ រៀល ប៉ុណ្ណោះ»៕