ក្រុង​មែលប៊ន៖ ចៀម​ព្រៃ ១ ក្បាល ​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​ត្រាច់ចរ​ក្នុងព្រៃ​នៃ​ប្រទេស​អូស្ដ្រាលី ត្រូវ​បាន​ចាប់​កោរ​រោម​ដ៏​ក្រាស់​ទម្ងន់ ៣៥ គីឡូក្រាម ក្រោយ​ពី​​ស្ថិត​នៅ​ឯកោ ៥ ឆ្នាំ។

ដោយ​ពិបាក​នឹង​រោម​ខ្លួន​ដ៏​ក្រាស់ និង​ធ្ងន់ ដោយ​ជាប់​ទាំង​ភក់​ជាច្រើន​ឆ្នាំ បាររ៉េក ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​ព្រៃ​នៃ​រដ្ឋ​វិកតូរៀ និង​ត្រូវ​បាន​នាំ​មក​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ភាគ​ខាង​ជើង​ក្រុង​មែលប៊ន។

ផាម អាហ៊ើន ស្ថាបនិក Edgar''s Mission Farm Sanctuary បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​ជឿ​ថា វា​ជា​សត្វ​ចៀម​ដែល​អាច​រស់នៅ​ក្រោម​ស្ថានភាព​ទ្រ​ទម្ងន់​រោម​ដ៏​ក្រាស់​នេះ​ឡើយ»។

អាហ៊ើន បាន​ប៉ាន់​ប្រមាណ​ថា រោម​ដ៏​គួរ​ឱ្យ​ខ្លាច​របស់​វា​ត្រូវ​បាន​ទុក​ដុះតាម​ធម្មជាតិ​ដោយ​គ្មាន​នរណា​កាត់​កោរ​អស់​រយៈពេល ៥ ឆ្នាំ។

លោក​និយាយ​ថា៖ «ខ្ញុំ​គិត​ថា គាត់ [ចៀម​ឈ្មោល] គ្រាន់​តែ​ជា​ចៀម​តូច​ដ៏​ច្រឡឺម ១ ក្បាល ដែល​រត់​លេង​ដោយ​មិន​ត្រឡប់​ចូល​មក​ក្នុង​កសិដ្ឋាន​វិញ​ប៉ុណ្ណោះ»។

ចៀម បាររ៉េក ក្រោយពីត្រូវបាន​កោរ​រោមទម្ងន់​ ៣៥គីឡូក្រាម។ រូបថត AFP

ចៀម​ដែល​អត់​កោរ​រោម​ពិបាក​ទាំង​ការ​ដើរ​ក្រោម​ទម្ងន់​ជា​ច្រើន​គីឡូក្រាម ហើយ​ពេល​អត់​កោរ​រោម​យ៉ាង​តិច​ឱ្យ​បាន​ម្ដង​ក្នុង ១ ឆ្នាំ ចៀម​ភាគ​ច្រើន​អាច​មិន​រស់នៅ​ក្នុងព្រៃ​យូរ​នោះ​ទេ ជា​ពិសេស​ទឹកដី​អូស្ដ្រាលី​ដែល​ស្ងួត និង​ក្ដៅ​ខ្លាំង​នា​រដូវ​ប្រាំង។

ទោះបី​ជា បាររ៉េក មាន​រោម​ដ៏​ក្រាស់ឃ្មឹក​យ៉ាង​ណា​ក៏​ដោយ ក៏​វា​នៅ​មិន​ទាន់​ផ្ដួល​កំណត់ត្រា​ពិភព​លោក​ចាស់​របស់​អតីត​ចៀម​ឈ្មោះ គ្រីស ដែល​ឡើង​ទំព័រមុខ​កាសែត ពេល​វា​ត្រូវ​បាន​កោរ​រោម​ទម្ងន់​រហូត​ដល់ ៤១ គីឡូក្រាម ​ក្នុង​ឆ្នាំ ២០១៥។

ការ​ប្រែកាយ​ឱ្យ បាររ៉េក ពី​ចៀម​ចម្លែក​មក​ជា​ចៀម​គួរ​ឱ្យ​ស្រឡាញ់ ក៏​បាន​ផ្ដល់​ពន្លឺ​ជីវិត​ថ្មី និង​ទទួល​បាន​ភាព​ល្បីល្បាញ​ជាមួយ​អ្នក​ទស្សនា​លើ TikTok រាប់​លាន​ដង៕ AFP/HR