បាត់ដំបង៖ ផ្ដើមចេញពីការច្នៃចេកណាំវ៉ាលក់មិនដាច់ និងសល់ពីការទម្លាក់ថ្លៃរបស់ឈ្មួញ សិប្បកម្មរាជិនី ចេកឆាប កំពុងក្លាយជាសហគ្រាសជនបទមួយ ដែលជួយបង្កើន និងជួយដោះស្រាយវិបត្តិកសិករជួបប្រទះបញ្ហាទីផ្សារចេកណាំវ៉ា។
ចេកឆាបអ្នកបាត់ដំបងនេះ មានក្លិនឈ្ងុយ និងរសជាតិប្លែកមាត់ ដែលទាក់ទាញមនុស្សម្នាទិញយកទៅញ៉ាំកំដរមាត់នៅផ្ទះ កន្លែងធ្វើការ និងទីលម្ហែកាយនានា។
អ្នកស្រី នុន ចាន់នី ម្ចាស់សិប្បកម្មចេកឆាប រាជិនី ធ្លាប់ជាកសិករដាំចេកម្នាក់នៅស្រុកសំឡូត តែដំណាំចេកណាំវ៉ាបានធ្វើឲ្យអ្នកស្រីខាតបង់ថវិកាច្រើន ព្រោះតែវាពុំសូវមានទីផ្សារ។
ម្ចាស់សិប្បកម្មចេកឆាបរូបនេះបានរំឭកថា៖ «ខ្ញុំក៏មិនបានយកចេកទាំងនោះទៅបោះចោល ឬទុកបណ្តោយឲ្យស្អុយរលួយដែរ។ ខ្ញុំបែរជាចាប់ផ្តើមមានគំនិត យកចេកនៅសល់មកចិតស្តើងៗ ហើយបំពងខ្លាញ់ឲ្យស្រួយ មានក្លិនឈ្ងុយទុកហូប និងចែកចាយចេកបំពងនេះឲ្យអ្នកភូមិក្បែរខាង»។
រឿងរ៉ាវនៃការបង្កើតអាជីវកម្មនេះ កើតឡើងក្រោយពេលអ្នកស្រីបានឮការសរសើរគ្រប់មាត់ ពីរសជាតិឈ្ងុយឆ្ងាញ់ និងទំពាជក់មាត់នៃស្នាដៃចេកបំពងរបស់អ្នកស្រី។
ដោយមានការកុម៉្មង់ទិញចេកឆាបពីអ្នកក្បែរខាង អ្នកស្រី ចាន់នី ក៏មានគំនិតបំពងចេករួចវេចខ្ចប់យ៉ាងស្អាតសម្រាប់លក់ ផ្ដើមពីឆ្នាំ ២០១៧។
អ្នកស្រី ចាន់នី បានប្រាប់ឲ្យដឹងថា៖ «ដំបូងឡើយ ខ្ញុំធ្វើញាំលេង និងចែកអ្នកភូមិ តែក្រោយមកគេសរសើរគ្រប់គ្នាពេក ហើយចាប់ផ្តើមមានគេកុម៉្មង់ច្រើន ទើបខ្ញុំចាប់ផ្តើមធ្វើចេកឆាបនេះលក់តែម្តងទៅ»។
ចេកឆាបរាជិនី មានដើមកំណើតចេញមកពីភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានជម្រើស ៤ រសជាតិគឺ រសជាតិដើម ជូរហឹរ ប្រៃស្លឹកក្រូច និងផ្អែម។
អ្នកស្រីបានឲ្យដឹងថា៖ «រូបមន្តធ្វើចេកឆាប គឺមិនមានតពីដូនតានោះទេ គឺខ្លួនខ្ញុំផ្ទាល់ចេះតែខំធ្វើ និងកែច្នៃបន្តិចម្តងៗ ដោយខ្លួនឯង»។
សិប្បកម្មនេះអាចផលិតបានចេកឆាបត្រឹមតែ ៦០ គីឡូក្រាមប៉ុណ្ណោះក្នុង ១ ថ្ងៃ។ ផលិតផលធម្មជាតិនេះត្រូវបានវេចខ្ចប់ ដោយគ្មានដាក់សារធាតុគីមី ឬសារធាតុរក្សាទុកបានយូរទេ។
ចេកឆាបគ្រប់រសជាតិ ដែលខ្ចប់ក្នុងកញ្ចប់ក្រដាសស្អាតមានតម្លៃ ៨ ពាន់រៀល និងចេកខ្ចប់ថង់ប្លាស្ទិកមានតម្លៃ ៧ ០០០ រៀល ក្នុងបរិមាណ ៣០០ ក្រាម។ ចេកក្នុងកញ្ចប់តូចៗ ទម្ងន់កន្លះខាំមានតម្លៃ ៥០០ រៀល តម្រូវសម្រាប់កូនសិស្សសាលា។
ម្ចាស់សិប្បកម្មបានលើកឡើងថា៖ «យើងផលិតចេកឆាបក៏ពិតមែន តែយើងពិតជាគិតពីសុខភាពរបស់អ្នកហូបចេករបស់យើង ដូច្នេះយើងមិនបានលាយសារធាតុគីមីអ្វីនោះទេ។ គ្រឿងផ្សំយកមកផលិតសុទ្ធតែធម្មជាតិសុទ្ធសាធ ១០០ ភាគរយ»។
ដើម្បីបញ្ជាក់ពីស្ដង់ដាអនាម័យ និងការមិនប្រើប្រាស់សារធាតុគីមី សិប្បកម្មរាជិនី ក៏បានស្នើសុំទៅមន្ទីរសិប្បកម្ម និងឧស្សាហកម្មខេត្ត ឲ្យមន្ត្រីជំនាញធ្វើការពិសោធលើផលិតផលចេកឆាប។
អាយុកាលនៃការទុកដាក់អាហារសម្រន់នេះត្រូវបានអ្នកស្រី ចាន់នី បញ្ជាក់ថា៖ «ចេកមិនទាន់ហែកកញ្ចប់អាចរក្សាទុកញាំបាន ១ ខែ ហើយចេកហែកកញ្ចប់រួច អាចទុកបានត្រឹមរយៈពេល ២៤ ម៉ោង»។
ជំនួសឲ្យការដាំដុះចេកដោយខ្លួនឯង សព្វថ្ងៃម្ចាស់សិប្បកម្មបានទទួលទិញចេកណាំវ៉ាទាំងអស់ពីអ្នកភូមិយកមកធ្វើចេកឆាប ដើម្បីជួយដោះស្រាយបញ្ហាការលក់ចេកសល់ច្រើន និងការលក់ក្នុងតម្លៃថោកពេក។
សិប្បកម្មផលិតចេកឆាប រាជិនី ក៏ បានរួមចំណែកផ្ដល់ប្រាក់ចំណូលបន្ថែមដល់អ្នកស្រុករស់នៅក្នុងភូមិផងរបងជាមួយអ្នកស្រី ចាន់នី ជាពិសេសស្ត្រីមេផ្ទះទាំង ៨ នាក់ ដែលកំពុងបម្រើការផ្ទាល់នៅសិប្បកម្ម។
ចេកឆាបជាអាហារសម្រន់សម្រាប់ញាំលេង ក៏អាចញាំជាមួយកាហ្វេ។
នៅរាជធានីភ្នំពេញ ចេកឆាបរាជិនី អាចរកជាវនៅហាងកាហ្វេ Co-creative សាខាផ្សារថ្មី និងទួលគោក Dumbo Coffee សាខាចំការដូង ហាង Tech coffee បារ៍ Leak Lounge និងហាង KOC សាខាបឹងកេងកង និងជ្រោយចង្វារ។
អតីតកសិករដាំចេកក្លាយជាសិប្បករចេកឆាបរាជិនី អ្នកស្រី ចាន់នី បានប្រាប់ឲ្យដឹងថា៖ «កន្លងមក ចេកឆាបរាជិនី មានកិត្តិយសទទួលបានការកុម៉្មង់ទិញពីស្ថានទូតអាមេរិក មន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្មជាដើម ហើយពួកគាត់តែងសរសើរថា ចេករបស់យើងឆ្ងាញ់»។
ព័ត៌មានបន្ថែមមាននៅទំព័រហេ្វសប៊ុក @រាជិនី-Reacheny ឬទំនាក់ទំនងទូរស័ព្ទលេខ ០៩៨ ២៩៩ ៦៤៧ និង ០១២ ២៩៩ ៦៤៧៕