ភ្នំពេញ៖ តារាសម្តែងសស្រស់រាងឃ្យូតៗ តូចច្រឡឹង រូបសម្ផស្សផូរផង់ មានឈាមជ័រជាកូនកាត់ខ្មែរ-ចិន ដែលមានឈ្មោះពិតថា ឈាង ហ៊ុយឡេង ហៅ ចែឡេង បង្ហាញអារម្មណ៍រំភើបចិត្តខ្លាំង ក្រោយពីដឹងថា ខ្លួនក៏ជាប់ក្នុងបញ្ជីជាស្រីស្អាតប្រចាំតំបន់អាស៊ីនៅក្នុងឆ្នាំ ២០១៩ ជាមួយនឹងអ្នកសិល្បៈខ្មែរផ្សេងៗទៀត។
កញ្ញា ឈាង ហ៊ុយឡេង តារាសម្តែងស្រីវ័យ ២១ ឆ្នាំ មានរូបសម្រស់ជាអំណោយផលពីធម្មជាតិ ដែលបានផ្តើមសិល្បៈលើកដំបូង នាពេលថតកុនរឿង «មន្តស្នេហ៍ប្រធានថ្នាក់តូច» កាលពីចុងឆ្នាំ ២០១៦ មកនោះ ហាក់ដូចជាមានសេចក្តីត្រេកអរនៅក្នុងចិត្តខ្លាំងសម្បើមណាស់ នេះបើតាមស្តាប់ការរៀបរាប់ពីអារម្មណ៍ផ្ទាល់ មកភ្នំពេញប៉ុស្តិ៍ ក្រោយពីបានឃើញវត្តមានខ្លួនជាប់ក្នុងបញ្ជីនៃកំពូលស្រីស្អាតទាំង ១០០ រូប ប្រចាំតំបន់អាស៊ីនៅឆ្នាំ ២០១៩ ឬ Top 100 Most Beautiful Asian Women 2019។
កញ្ញា ឈាង ហ៊ុយឡេង ហៅ ចែឡេង ប្រាប់ថា៖ «សប្បាយចិត្តខ្លាំងណាស់ ពេលឃើញដំណឹងនេះក្នុងបណ្តាញសង្គមតាមអ៊ីនស្តាក្រាមនោះ ហើយក៏អរគុណផងដែរ ចំពោះប្រិយមិត្តដែលតែងតែបានផ្តល់ការគាំទ្រជាកម្លាំងមកដល់រូបនាងខ្ញុំនៅលើវិថីសិល្បៈ ដែលនាងខ្ញុំបានខិតខំពុះពារក្នុងពេលប្រមាណ ៣ ឆ្នាំមក ហើយក៏មិននឹកស្មានថា ខ្ញុំអាចមានឱកាសបានជាប់ជម្រើស Top 100 Most Beautiful Asian Women 2019 នេះឡើយ។
ស្រីស្អាតមានវ័យ ២១ ឆ្នាំ ដែលមានឈាមជ័រ ជាអ្នកភ្នំពេញកូនកាត់ខ្មែរ-ចិនរូបនេះ ក៏កំពុងត្រូវទស្សនិកជនសរសើរផងដែរថា នាងមានភាពពូកែសម្ដែងដោយមើលទៅគឺដូចជាតួអង្គពិតៗ នៅក្នុងសាច់រឿងនានាកន្លងមក ដោយនេះក៏ជាចំណុចលេចធ្លោមួយ ធ្វើឲ្យនាងកាន់តែស្រូបបាននូវប្រជាប្រិយភាពខ្លាំងនៅលើវិថីសម្តែងខ្សែភាពយន្ត ហើយកញ្ញា ឈាង ហ៊ុយឡេង ទើបតែបានថតកុនមិនទាន់បានចំនួន ១០ រឿងផងក្នុងការប្រឡូកអាជីពសិល្បៈមួយនេះ។
ចែឡេង ដែលជានិស្សិតកំពុងតែរៀនផ្នែកពាណិជ្ជកម្ម ព្រោះតែមានគោលដៅទៅថ្ងៃខាងមុខចង់ក្លាយជាអ្នកជំនួញផង និងអ្នកសិល្បៈផងរូបនេះ បញ្ជាក់ប្រាប់ថា៖ «សម្រាប់ពេល ៣ ឆ្នាំ នៃការចាប់អាជីពសម្តែងកុននេះ នាងខ្ញុំបានថតកុនភាគដែលចាក់ផ្សាយនៅទូរទស្សន៍ MyTV មាន ៥ រឿង ដែលភាគច្រើនជាកុនបែបគាប់ចិត្តរបស់យុវវ័យ ហើយពេលចុងក្រោយនេះ ខ្ញុំបានថតកុនភាគឲ្យទូរទស្សន៍រស្មីហង្សមាស ១ រឿង និងកំពុងតែថតកុនភាគ ១ រឿងទៀតនៅប៉ុស្តិ៍ទូរទស្សន៍ភីអិនអិន»។
សិល្បករ-សិល្បការិនីខ្មែរដែលមានសម្រស់ស្អាតប្រចាំតំបន់អាស៊ីឆ្នាំ ២០១៩ នេះ ត្រូវគេឃើញក្នុងអ៊ីស្តាក្រាម 50 mostbeautifulasianwomen មានដូចជាកញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា ស៊ីន យូប៊ីន កញ្ញា ឈាង ហ៊ុយឡេង កញ្ញា ម៉េលីយ៉ា កញ្ញា ដា ដាវ កញ្ញា ប៊ី សុធារី កញ្ញា រឿន ណាត កញ្ញា សំណាង អេលីណា និងលោក នីកូ និងតារាប្រុសមួយចំនួនទៀត៕