ក្រុងម៉ុងត្រេអាល់: ក្រុមចោរបានរត់គេចខ្លួនបាត់ស្រមោល ដោយជាប់ជាមួយនូវផ្លែទំពាំងបាយជូរកន្លះតោន ដែលពួកគេបេះពីចម្ការផ្ទាល់ដៃក្នុងខេត្ដឃ្វេបេក ប្រទេសកាណាដា។ នេះបើយោងតាមសម្ដីម្ចាស់ចម្ការបាននិយាយកាលពីថ្ងៃអង្គារ។

កម្មករនៅចម្ការទំពាំងបាយជូរ Vignoble et Cidrerie Coteau Rougemon បានសម្គាល់ឃើញអំពីទង្វើចោរកម្មនេះ ក្រោយពីនាំគ្នាចេញទៅប្រមូលផលទំពាំងបាយជូរ។

ប៉ូលិស បានឲ្យដឹងថា ពួកគេមិនបានដឹងច្បាស់នោះទេ តែសង្ស័យលើចោរអំបុកចោរអំបែងជាជាងចោរជំនាញ។

ម្ចាស់ចម្ការ មីឆែល រ៉ូប៊ឺត បានប្រាប់ AFP ថា៖ «ការងាររយៈពេល ៦ខែក្នុងការរៀបប្រមូលផលទំពាំងបាយជូរនារដូវនេះ រួមទាំង ការដាំ ស្រោចទឹក និងថែទាំ ព្រមទាំងតាក់តែងផ្លែ និងកាត់ប្រមូលផល»។

ក្រុមចោរបានរុះរើសំណាញ់គ្របដើមទំពាំងបាយជូរ និងបេះប្រភេទផ្លែ Vidal blanc ហ្មត់ គ្រប់ល្មមសម្រាប់ការផលិតស្រាទំពាំងបាយជូរពណ៌ស ៣០០ ដប ដែលមានតម្លៃ ៣ ៨០០ ដុល្លារ»។

ស្ដ្រីអ្នកនាំពាក្យប៉ូលិសខេត្ដឃ្វេបេក Valerie Beauchamp បាននិយាយថា ក្រុមចោរបានប្រើឡានសណ្ដោង ដែលនៅសល់ស្លាកស្នាម និងថង់សំរាមពណ៌ខ្មៅ ដើម្បីដាក់ផ្លែទំពាំងបាយជូរក្រោយពីបេះមួយរងអស់រលីង ដោយបានបំបាក់មែកជាច្រើនថែមទៀត។ នៅមានសល់ស្លាកស្នាមថង់ប៉ុន្មានទៀតនៅកន្លែងកើតហេតុ។

អ្នកស្រី និយាយថា ប៉ូលិសបានសង្ស័យបុគ្គលម្នាក់ដែលនៅចាំឃ្លាំងផលិតស្រាគឺជាខ្មោចស្រុកឲ្យដៃខ្មោចព្រៃ ដោយពួកគេតម្រង់គោលដៅទៅរកផ្លែទំពាំងបាយជូរមួយជួរនោះ។

ចម្ការទំពាំងបាយជូរចំទើតលើតំបន់ព្រៃនៃខេត្ដឃ្វេបេក ចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រភាគខាងកើតក្រុងម៉ុងត្រេអាល់ បានប្រកាសផ្ដល់រង្វាន់ផ្លែទំពាំងបាយជូរ ៥ កេស ចំពោះអ្នកផ្ដល់ព័ត៌មានដែលរកឃើញផ្លែទំពាំបាយជូរដែលបានបាត់នោះ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមចោរនៅខេត្ដនេះក៏បានលួចសំបុកឃ្មុំ និងទឹកស្កផ្លែម៉ាផុល ដែលមានតម្លៃរាប់លានដុល្លារ៕ AFP/HR