ភ្នំពេញៈ តារា​សម្តែង​ស្រី​វ័យ​ក្មេង​កុមារី​ ជី ឈិញលីន ដែល​ជា​ចៅ​ស្រី​បង្កើត​​តារា​កំប្លែង​ជើង​ចាស់​នាយ​ កុយ​ កំពុង​ទទួល​បាន​​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​​វិស័យ​សម្តែង​ពី​ទេពកោសល្យ​ក្នុង​ខ្សែ​ភាពយន្ត​ធំ​របស់​ផលិតកម្ម​រស្មី​ហង្សមាស​​​ ​«ផ្កា​ថ្ម» បាន​បង្ហាញ​វត្តមាន​ក្នុង​ឈុត​ពណ៌​​ក្រហម​ឆើត និង​វត្តមាន​​ដៃគូ​សម្ដែង ម៉ក់ ឈុនលី ​នៅ​​​​ថ្ងៃ​សម្ពោធ​ហាង​សម្លៀក​បំពាក់​ Color ជប៉ុន​ កាល​ពី​ថ្ងៃទី ​១៩​ ខែ​សីហា​កន្លង​មក។

តារា​ស្រី​វ័យ​កុមារ​​មាន​សមត្ថភាព​​ក្នុង​ការ​សម្តែង​ខ្ពស់​នេះ​បាន​ចូល​ប្រឡូក​​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​មាន​វ័យ​ទើប​តែ ​៨ ​ឆ្នាំ​មក​ម្ល៉េះ ដែល​ចាប់​ផ្តើម​ដំបូង​ដោយ​​ការ​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ​ថត​រឿង​ខ្លីៗ​ និង​ចាប់​ផ្តើម​ថត​រឿង​ភាគ​លើក​ដំបូង​ឲ្យ​ផលិតកម្ម​រស្មី​ហង្សមាស​ កាល​ពី​ឆ្នាំ ​២០១៨​ ក្នុង​រឿង​ «​ផ្កា​ថ្ម» ​ជា​តួអង្គ​កាច​ឆ្នាសឆ្នើម​ផង​ដែរ​។

កុមារី​ ជី ឈិញលីន បាន​ថ្លែង​មក​ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ការ​និយម​ម៉ូដ​សម្លៀក​បំពាក់​នៅ​​​ហាង​ Col​o​r របស់​​​​ជប៉ុន​នោះ​ថា​៖​ «​ទោះបី​ជា​ Color ទើប​តែ​ដាក់​សម្ពោធ​លើក​ដំបូង​ពិត​មែន​ ប៉ុន្តែ​ខ្ញុំ​មើល​ទៅ​ដូច​ជា​មាន​កេរ្ដិ៍ឈ្មោះ​លើ​ទីផ្សារ​ វា​មាន​ម៉ូដ​ស្អាតៗ មាន​ទាំង​ខោអាវ​ និង​ខោអាវ​​​ស្រី អាច​ឲ្យ​ខ្ញុំ​ពាក់​ចូល​ក្នុង​កម្ម​វិធី​ផ្សេងៗ​​បាន​​»​។

កុមារី​ជី ឈិញលីន​ បាន​បន្ត​ពី​ការ​ចូលចិត្ត​សម្លៀក​បំពាក់​ក្នុង​ហាង​ Color ទៀត​ថា​៖​ «​សម្រាប់​សម្លៀក​​បំពាក់​ដែល​ខ្ញុំ​ចូលចិត្ត​ក្នុង​ Color គឺ​ខ្ញុំ​ចូល​ជា​រ៉ូប​បែប​សំយេះ​ដៃ​នៅ​​ស្មា​ ហើយ​ជា​ពិសេស​វា​មាន​តម្លៃ​មិន​ថ្លៃ​ដូច​ជា​ហាង​ប្រ៊េន​ផ្សេងៗ គឺ​មាន​តម្លៃ​ចាប់​ពី​ ៣ ​ដុល្លារ ដល់​ ១៥ ​ដុល្លារ​ប៉ុណ្ណោះ​ ដែល​យើង​គ្រប់​គ្នា​អាច​មាន​លទ្ធភាព​ក្នុង​ ការ​ប្រើ​សម្លៀក​បំពាក់​​ល្អៗ​ទាំង​នេះ​»​។

តារា​សម្តែង​ជំនាន់​ក្រោយ​ដែល​​តែ​មាន​វ័យ ​១៤​ ឆ្នាំ និង​សិក្សា​ទើប​តែ​ថ្នាក់​ទី ​៨ រូប​នេះ​មិន​ត្រឹម​​តែ​​អាច​មាន​សមត្ថភាព​ក្នុង​ការ​សម្តែង​ខ្ពស់​​រហូត​ទទួល​បាន​ប្រជាប្រិយភាព​ពី​អ្នក​គាំទ្រ​បាន​នោះ​ទេ​ ដោយ​នាង​បាន​បង្ហើប​​ថា​ ចង់​ក្លាយ​ទៅ​ជា​តារា​ចម្រៀង​នៅ​ពេល​ដែល​មាន​ឱកាស​ និង​ចង់​ក្លាយ​ទៅ​​ជា​ពិធី​ការិនី​ថែម​ទៀត​ផង​។

ក្រោយ​ពី​បាន​បញ្ចប់​ខ្សែ​ភាពយន្ត​រឿង ​«​ផ្កា​ថ្ម»​ តារា​សម្តែង​ស្រី​វ័យ​ក្មេង​រូប​នេះ​ក៏​បាន​ចូលរួម​សម្តែង​រឿង​ភាគ​ជា​ច្រើន​បន្ត​បន្ទាប់​ដូច​ជា​រឿង ​«​រវាង​យើង​»​ ជា​ដើម​។ នៅ​បច្ចុប្បន្ន​​កុមារី​ជា​ចៅ​ស្រី​បង្កើត​តារា​កំប្លែង​នាយ​ កុយ​ កំពុង​តែ​ថត​រឿង​ថ្មី​ចំនួន ​២ ​ដែរ​ មាន​រឿង​ «ដើម្បី​កូន និង​សព្វ​សិទ្ធ»។

ទោះ​បី​ជា​តារា​សម្តែង​ស្រី​វ័យ​ក្មេង​រូប​នេះ​ទទួល​បាន​ការ​គាំទ្រ​ក្នុង​សមត្ថ-ភាព​នៃ​ការ​​សម្តែង​ និង​មាន​ការ​មមាញឹក​ក្នុង​វិស័យ​សិល្បៈ​យ៉ាង​ណា​ក៏​ដោយ​ ក៏​នាង​នៅ​គិត​​គូរ​ពី​ការ​រៀន​សូត្រ​​សំខាន់​ដូច​គ្នា​ ដោយ​កុមារី​ ឈិញលីន​ បាន​បញ្ជាក់​ថា​ មិន​ទាន់​ទទួល​កុន​ថ្មី​ទៀត​នោះ​ទេ​ នៅ​ពេល​បញ្ចប់​រឿង ​«​ដើម្បី​កូន និង​សព្វ​សិទ្ធ» ព្រោះ​ចង់​ទុក​ពេល​វេលា​សម្រាប់​ការ​​សិក្សា​រៀន​​សូត្រ​ខ្លះ ដោយសារ​​ឆ្នាំ​ក្រោយ​ចូល​ថ្នាក់​ទី ​៩ ​ជា​ឆ្នាំ​ប្រឡង​ឌីប្លូម​៕