The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចំណង​អាពាហ៍ពិពាហ៍ ២៧ ឆ្នាំ​របស់​មហាសេដ្ឋី ប៊ីល ហ្គេតស៍ និង​ភរិយា​ដើរ​ដល់​ផ្លូវបំបែក




ចំណង​អាពាហ៍ពិពាហ៍ ២៧ ឆ្នាំ​របស់​មហាសេដ្ឋី ប៊ីល ហ្គេតស៍ និង​ភរិយា​ដើរ​ដល់​ផ្លូវបំបែក

Content image - Phnom Penh Post
ស្ថាបនិក Microsoft លោក ប៊ីល ហ្គេតស៍ និង​ភរិយា និង​ជា​ដៃគូ​សប្បុរសធម៌ អ្នកស្រី ម៉េលីនដា។

ចំណង​អាពាហ៍ពិពាហ៍ ២៧ ឆ្នាំ​របស់​មហាសេដ្ឋី ប៊ីល ហ្គេតស៍ និង​ភរិយា​ដើរ​ដល់​ផ្លូវបំបែក

ក្រុងវ៉ាស៊ីនតោន៖ ស្ថាបនិក Microsoft លោក ប៊ីល ហ្គេតស៍ និង​ភរិយា និង​ជា​ដៃគូ​សប្បុរសធម៌ អ្នកស្រី ម៉េលីនដា បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​នឹង​ផ្ដាច់ចំណង​អាពាហ៍ពិពាហ៍ ២៧ ឆ្នាំ​នេះហើយ។

ប្ដី​ប្រពន្ធ​ដ៏មាន​បំផុត​ក្នុង​លោក ១ គូ​នេះ​ដោយ​មាន​ទ្រព្យសម្បត្ដិ​រួមគ្នា​ប្រមាណ ១៣០ ពាន់​លាន​ដុល្លារ ពួកគេ​បាន​បរិច្ចាគ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​លើ​កិច្ចការ​មនុស្សធម៌​នៅ​ជុំវិញ​ពិភពលោក​ តាមរយៈ​មូលនិធិ​ដ៏មាន​ឥទិ្ធពល​របស់​ពួកគេ។

ចំពោះ​ការប្រកាស​ចែកផ្លូវ​លើ​បណ្ដាញ​សង្គម Twitter ប្ដី​ប្រពន្ធ​មនុស្សធម៌ ទាំង ២ នេះ​បាន​ឱ្យ​ដឹងថា ពួកគេ​នៅតែ​បន្ដ​កិច្ចការ​រួមគ្នា​លើ​មូលនិធិ​ប៊ីល និង​ម៉េលីនដា ហ្គេតស៍ ដែល​ផ្ដល់​មូលនិធិ​លើ​កម្មវិធី​ជាច្រើន​លើ​វិស័យ​សុខាភិបាល សមភាព​យេនឌ័រ ការអប់រំ និង​បញ្ហា​ផ្សេងៗ​ទៀត​ទូទាំង​ពិភពលោក។

ពួកគេ​បានឱ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​ដែល​បង្ហោះ​លើ​គណនី​ផ្លូវការ​រៀងៗ​ខ្លួន​ថា៖ «ក្រោយពី​ដើរ​លើ​វិថី​ជីវិត​រួមគ្នា និង​បំពេញ​ការងារ​រួមគ្នា​កន្លងមក យើង​បាន​ធ្វើការ​សម្រេចចិត្ដ​បញ្ចប់​ចំណង​អាពាហ៍ពិពាហ៍​នេះ​ត្រឹមនេះ»។

Content image - Phnom Penh Post
ប្ដី​ប្រពន្ធ​ដ៏មាន​បំផុត​ក្នុង​លោក ១ គូ​នេះ​ដោយ​មាន​ទ្រព្យសម្បត្ដិ​រួមគ្នា​ប្រមាណ ១៣០ ពាន់​លាន​ដុល្លារ។

ពួកគេ​បាន​សរសេរ​ថា៖ «យើង​បន្ដ​ចែករំលែក​បេសកកម្ម​រួមគ្នា ហើយ​នឹង​បន្ដការងារ​រួមគ្នា​ក្នុង​អង្គការ​មូលនិធិ តែ​យើង​លែង​ជឿជាក់ថា យើង​អាច​រួមរស់​ជាមួយគ្នា​ក្នុង​នាម​ជា​ប្ដី​ប្រពន្ធ​ទៀតហើយ»។

សេចក្ដី​ថ្លែងការណ៍​មិនបាន​លម្អិត​អំពី​មូលហេតុ​នៃ​ការលែងលះ​ឡើយ តែ​បានឱ្យដឹងថា៖ «យើង​សុំ​ដកឃ្លា​ពីគ្នា និង​សាង​ភាពឯកជន​ពីគ្នា ដោយ​ចាប់ផ្ដើម​កាច់ចង្កូត​នាវា​ជីវិត​រៀងៗ​ខ្លួន»។

សេចក្ដី​ប្រកាស​ត្រូវបាន​ធ្វើឡើង ២ ឆ្នាំ ក្រោយ​ការលែងលះ​របស់​ស្ថាបនិក អាម៉ាហ្សូន លោក ចេហ្វ បេហ្សូស ជា​មហាសេដ្ឋី​ម្នាក់ទៀត​ពី​ភរិយា ម៉ាកឃេនហ្ស៊ី។

អ្នកស្រី ម៉េលីនដា ហ្គេតស៍ អាយុ ៥៦ ឆ្នាំ​បាន​ជួប​លោក ប៊ីល ហ្គេតស៍ នៅ​ក្រុមហ៊ុន Microsoft ក្នុង​ឆ្នាំ ១៩៨៧ មិនយូរ​ប៉ុន្មាន​ក្រោយពី​អ្នកស្រី​បានធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ ហើយ​ពួកគេ​បាន​រៀបការ​ក្នុង​ឆ្នាំ ១៩៩៤។

ក្នុង​ឆ្នាំ ២០១៩ ភាពយន្ដ​ឯកសារ​ភាគ​របស់ Netflix លោក​បានចាត់ទុក​ភរិយា​ជា «សមភាគី​ដ៏ពិតប្រាកដ​ម្នាក់» ខណៈ​អ្នកស្រី​បាន​ហៅ​លោក ប៊ីល ថា «រួសរាយ និង​មាន​ថាមពល​ខ្លាំង»៕ HR

Content image - Phnom Penh Post
អ្នកស្រី ម៉េលីនដា ហ្គេតស៍ អាយុ ៥៦ ឆ្នាំ​បាន​ជួប​លោក ប៊ីល ហ្គេតស៍ នៅ​ក្រុមហ៊ុន Microsoft ក្នុង​ឆ្នាំ ១៩៨៧។

Content image - Phnom Penh Post
ចំណង​អាពាហ៍ពិពាហ៍ ២៧ ឆ្នាំ​របស់​មហាសេដ្ឋី ប៊ីល ហ្គេតស៍ និង​ភរិយា​ដើរ​ដល់​ផ្លូវបំបែក។

អត្ថបទគួរចាប់អារម្មណ៍