ភ្នំពេញៈ ដោយសារ​ខ្លាច​ចំហាយ​នៃ​ការកត់សម្គាល់​ពី​មហាជន​រវាង​ខ្លួន និង​តារាចម្រៀង​ប្រុស​មាឌ​ដាំង​លោក នួន សុធារ័ក្ស ចំពោះ​ភាពស្និទ្ធស្នាល ដែល​មាន​កម្រិត​លើសពី​មិត្ត​រួមអាជីព​សិល្បៈ​នោះ តារាចម្រៀង​ស្រី​រូប​សម្ផស្ស​កាន់តែ​ស្រស់ស្អាត ជ្រកទ្រនំ We Production កញ្ញា ចំរើន សុភ័ក្ត្រ ក៏​បង្ហាញមុខ​គូ​ដណ្តឹង បន្សាប​មន្ទិលសង្ស័យ នាពេល​ថ្មីៗ​នេះ​។

នេះ​បើតាម​សារ​ដ៏ខ្លី​កំប៉ិតឡិត តែ​មាន​ន័យបញ្ជាក់​ការពិត​ពី​កញ្ញា ចំរើន សុភ័ក្ត្រ បេក្ខជន​ប្រឡង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី The Voice Cambodia នា​រដូវ​កាល​ទី ​១ បង្ហើរ​សារ​អម​រូបថត​បណ្តើរ​គូស្នេហ៍​លើ​នាវា​កម្សាន្ត​លើ​ផ្ទៃសមុទ្រ​នៅ​តំបន់​កោះរ៉ុង ក្នុង​ខេត្ត​ព្រះសីហនុ​ថ្មីៗ​នេះ​ថា​៖ «​ក្តីសុខ​» នោះ​។

គួរ​បញ្ជាក់ថា ចំរើន សុភ័ក្ត្រ បាន​ក្លាយជា​តារាចម្រៀង​សម័យ​ក្រោយពី​ប្រឡង​កម្មវិធី The Voice Cambodia រដូវកាល​ទី​ ១ ដែល​អភិវឌ្ឍ​ខ្លួន​ពី​តារាចម្រៀង​ប្រពៃណី​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹងថា បាន​ភ្ជាប់ពាក្យ​នឹង​គូស្នេហ៍​ជា​បុរស​អាណិកជន​ខ្មែរ​អូស្ត្រាលី​តាំងពី​មុនពេល​នាង​បាន​ឡើង​គេហដ្ឋាន និង​សម្ពោធ​ហាង​សាឡន​ឈ្មោះ «​ចំរើន សុភ័ក្ត្រ សាឡាន​»- មក ដោយ​ឃើញ​មាន​ក្រុមគ្រួសារ​បងប្អូន​មក​ចូលរួម​យ៉ាង​កុះករ ជាពិសេស​វត្តមាន​គូ​ដណ្តឹង​នាង​ទៀតផង​។

គេ​នៅ​ពុំទាន់​ទទួល​បាន​ការបកស្រាយ​បញ្ជាក់​ច្បាស់​ពី​ពេល​កំណត់​ចូល​រោង​ជ័យ​របស់​តារាចម្រៀង​ស្រី​ដែល​ល្បី​ខ្លាំង​តាមរយៈ​សំនៀង​បទ «​ម៉ែ​» នៅ​ឡើយ​នោះទេ ខណៈ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទាក់ទង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​កញ្ញា ចំរើន សុភ័ក្ត្រ តេ​ចូល តែ​គ្មាន​អ្នក​លើក​ទទួល​។ ខណៈ​នាង​គ្រាន់តែ​បាន​តប​សារ​វិញ​នៅ​តាម Messenger ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​បញ្ជាក់​ពី​សម្ព័ន្ធភាព​រវាង​ខ្លួន និង​បុរស​ក្នុង​រូប​ស្លៀក​ឈុត​ពណ៌​លឿង​នៅលើ​នាវា​កម្សាន្ត​នោះ​ថា​៖ «​គាត់​ជា​គូដណ្តឹង​»​។

បើ​តាម​ព័ត៌មាន​បែកធ្លាយ​ពី​សង្គម​នៃ​ក្រុម​អ្នក​សិល្បៈ​នោះបាន​ឲ្យ​ដឹងថា កញ្ញា ចំរើន សុភ័ក្ត្រ ចង់​ពន្យារពេល​រៀបការ ព្រោះ​តែ​នាង​ចង់​ពង្រឹង​អាជីព​ចម្រៀង​ឲ្យ​បាន​​រឹងមាំ​ជាង​នេះ​សិន តែ​ត្រូវបាន​គូ​ដណ្តឹង​របស់​នាង​មិន​ព្រម​នោះឡើយ​គឺ​លោក​ចង់​រៀបការ​ឲ្យ​បាន​ឆាប់ៗ ហើយ​ក៏​ធ្លាប់បាន​បង្ហើប​ដែរ​ថា អាច​ដឹក​ដៃ​គ្នា ចូល​រោងការ​ចុង​ឆ្នាំ​​ ២០១៩ ឬ​ដើមឆ្នាំ​ ២០២០ នេះ​តែម្តង​។

ចំពោះ​ភាពមន្ទិល​ពី​មហាជន​រង​សម្ព័ន្ធភាព​លើស​ពី​មិត្ត​ក្នុង​អាជីព​នៃ​សិល្បៈ​រវាង​កញ្ញា​ ចំរើន សុភ័ក្ត្រ និង​តារាចម្រៀង​ប្រុស​មាឌ​ធំដាំង សំឡេង​ធ្ងន់ ដែល​ជា​តារាចម្រៀង​ប្រុស​ជ្រក​ទ្រនំ​ភ្លេង​រីខត គឺ​លោក នួន សុធារ័ក្ស ក៏​ធ្លាប់បាន​បញ្ជាក់ប្រាប់​ឲ្យ​ដឹងថា សម្ព័ន្ធភាព​រវាង​លោក និង​កញ្ញា ចំរើន សុភ័ក្ត្រ គឺ​មិនមាន​អ្វី​លើស ឬ​ហួស​ពី​មិត្តភក្តិ​ឡើយ ហើយ​ពួកគេ​ថែមទាំង​ជា​មិត្ត​ជិតសិ្នទ្ធ​នឹង​គ្នា​យូរយារ​ណាស់​មក​ហើយ​ដែរ​៕