ភ្នំពេញៈ ដោយសារតែធ្លាប់ជាអតីតសិស្សសិល្បៈនៃអង្គការសិល្បៈខ្មែរអមតៈ និងកំពុងតែមានភាពរីកចម្រើនលើវិថីសិល្បៈនោះទើបអង្គការសម្រេចតែងតាំងកញ្ញា ចំរើន សុភ័ក្រ ជាទូតសុឆន្ទៈតំណាងកម្មវិធីមហោស្រពសិល្បៈដើម្បីសន្តិភាពប្រចាំឆ្នាំ ២០១៩ នេះ។
តារាចម្រៀងស្រី កញ្ញា ចំរើន សុភ័ក្រ ដែលផ្ដើមអាជីពចេញពីចម្រៀងផ្នែកបុរាណ និងបានវិវឌ្ឍខ្លួនមកជាតារាចម្រៀងសម័យ ក្រោយពីការប្រឡងកម្មវិធី The Voice Cambodia រដូវកាលទី ១ កាលឆ្នាំ ២០១៦ នោះកំពុងតែស្រូបបានប្រជាប្រិយភាពខ្លាំងនៅលើវិស័យសិល្បៈចម្រៀង និងជាតារាចម្រៀងជ្រកទ្រនំផលិតកម្ម WeProduction ជាបុត្រសម្ព័ន្ធនៃផលិតកម្មធំហង្សមាសនោះ។
ពាក់ព័ន្ធនឹងការសម្រេចជ្រើសយកកញ្ញា ចំរើន សុភ័ក្រ មកធ្វើជាតំណាងទូតសុឆន្ទៈនៃកម្មវិធីមហាស្រពសិល្បៈដើម្បីសន្តិភាពនេះត្រូវបានលោក គាត សុគីម ជាបុគ្គលិកផ្នែកទំនាក់ទំនងនៃអង្គការសិល្បៈខ្មែរអមតៈ បង្ហើបប្រាប់ថា៖ «ក៏ព្រោះតែកញ្ញា ចំរើន សុភ័ក្រ គឺជាអតីតសិស្សផ្នែកសិល្បៈបុរាណរបស់អង្គការយើងកាលពីប្រមាណជិត ១០ ឆ្នាំមុនហើយនាពេលបច្ចុប្បនុ្ននេះគាត់កំពុងតែមានដំណើរការលូតលាស់ជាគំរូល្អនៅលើវិថីសិល្បៈនោះ ទើបសម្រេចតែងតាំងគាត់ជាតំណាងទូតសុឆន្ទៈនេះដែលមានរយៈពេលរហូតដល់ការបញ្ចប់នៃគម្រោងមហោស្រពសិល្បៈដើម្បីសន្តិភាពនៅខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខ»។
តារាចម្រៀងស្រីដែលជាបេក្ខជនប្រឡងបានឈានដល់វគ្គផ្តាច់ព្រ័ត្រ The Voice Cambodia នារដូវកាលទី ១ ហើយមានការទទួលស្គាល់ និងសម្បូរនូវអ្នកគាំទ្រសំឡេងដ៏ពីរោះខ្លាំងតាមរយៈបទចម្រៀងមានចំណងជើងថា «ម៉ែ» នោះបានបង្ហោះសារតាមហ្វេសប៊ុកកាលពីថ្មីៗនាមុនពេលនាងឡើងយន្តហោះទៅប្រទេសអូស្ត្រាលីដែរថា៖ «ក្នុងនាមខ្ញុំធ្លាប់ជាអតីតសិស្សសិល្បៈ និងសិល្បករក្រោមគម្រោងអង្គការសិល្បៈខ្មែរអមតៈ នាងខ្ញុំពិតជាមានសេចក្ដីរីករាយណាស់ដែលត្រូវបានគេតែងតាំងជាទូតសុឆន្ទៈតំណាងកម្មវិធីមហោស្រពសិល្បៈដើម្បីសន្តិភាព។ វានឹងក្លាយជាពេលវេលាដែលមិនអាចបំភ្លេចបាននៃការជួបជុំគ្នាសិល្បករ ៣ ជំនាន់ជាមួយនឹងទស្សនិកជន ហើយក៏ជាសារមួយបង្ហាញពីគុណតម្លៃនៃសិល្បៈក្នុងការផ្សះផ្សា និងកសាងសន្តិភាព។ សង្ឃឹមថា អ្នកចូលរួមនឹងកាន់តែយល់ច្បាស់អំពីសិល្បៈ និងនាំគ្នាជួយគាំទ្រសិល្បៈខ្មែរយើងឲ្យបានផុសផុលឡើងវិញផង!»។
តារាចម្រៀងស្រីកាន់តែស្រស់សោភាកញ្ញា ចំរើនសុភ័ក្រ ក៏បានបន្តថា៖ «នេះជាមូលហេតុដែលបានធ្វើឲ្យនាងខ្ញុំ ចំរើន សុភ័ក្រ គាំទ្រកម្មវិធីមហោស្រពសិល្បៈដើម្បីសន្តិភាពនេះ ព្រមទាំងទទួលធ្វើជាទូតសុឆន្ទៈតំណាងឲ្យកម្មវិធីរបស់អង្គការសិល្បៈខ្មែរអមតៈនេះផងដែរ»៕