ភ្នំពេញៈ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​មហាជន​ខណៈ​ក្រោយពី​វិលត្រឡប់​មក​ពី​សម្តែង​នៅ​អាមេរិក​វិញ​នោះ ស្រាប់​តែ​តារា​ចម្រៀង​ស្រី​បច្ចុប្បន្ន កំពុង​តែ​ជ្រក​ក្រោម​ទ្រនំ We Production ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​ផលិតកម្ម​ហង្សមាស កញ្ញា ចំរើន សុភ័ក្រ បង្ហើរ​សារ​ចម្លែក​ហាក់​មាន​ភាព​រារែក​នៅ​ក្នុង​ចិត្ត​ពី​ការ​បន្ត​អាជីព​ជា​តារា​ចម្រៀង​របស់​ខ្លួន​ឬ​យ៉ាង​ណា​នោះ។

តារាចម្រៀង​ស្រី ដែលជា​បេក្ខជន​ប្រឡង​បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី The Voice Cambodia នា​រដូវកាល​ទី ១ ហើយ​មាន​ការ​ទទួល​ស្គាល់ និង​គាំទ្រ​សំឡេង​ដ៏​ពីរោះ​ខ្លាំង​តាមរយៈ​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា «ម៉ែ» នោះ​បាន​សរសេរ​សារ​មួយ​ឃ្លា បង្ហោះ​តាម​ហ្វេសប៊ុក​កាល​ពី​ថ្មីៗ​នេះ​ថា៖ «បន្ត​ឬ​មិន​បន្ត? ខំប្រឹង​យ៉ាង​ណា៎ ក៏​ទៅ​មុខ​មិន​ចង់​រួច តើ​ខ្ញុំ​គួរតែ​បន្ត​ឬក៏​ឈប់​ត្រឹម​នេះ?» ដែល​ជា​សារ​ធ្វើ​ឲ្យ​មហាជន​ងឿងឆ្ងល់​ហើយ​គិត​សង្ស័យ​ថា ទំនង​ជា​នាង​មាន​បញ្ហា​នៅ​ក្នុង​សង្គម​សិល្បៈ​នៃ​ទ្រនំ​កំពុង​តែ​ជ្រក​កោន​នោះ​ផង​ដែរ ក្រោយ​វិល​ពី​កើប​ប្រាក់​ដុំ​នៅ​អាមេរិក ៣ នាក់​បងប្អូន​នោះ។

ភ្លាមៗនោះ​ក៏មាន​ប្រិយមិត្ត​ក្រុម​អ្នកគាំទ្រ​ចូលទៅ Comment ដើម្បី​លើកទឹកចិត្ត​ដោយបាន​សរសេរ​ថា៖ «ស៊ូៗ​ណា​បងស្រី!​ពួក​ខ្ញុំ​នៅ​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​បង​ស្រី​ជានិច្ច! ត្រូវ​តែ​បន្ត​ទៅ​មុខ​ទៀត My Idol» ហើយ​ក៏​មាន​អ្នក​សរសេរ​បែប​ខឹង​ជំនួស​តារា​ស្រី ដែល​ខ្លួន​គាំទ្រ​ផងដែរ គឺ​ហាក់​ដូចជា​បាន​យល់​ន័យ និង​សេចក្តី​សារ​របស់​កញ្ញា ចំរើន សុភ័ក្រ ថា៖ «យើង​មាន​សមត្ថភាព តែ​បែរ​ជា​គេ​មើល​រំលង​ទៅ​វិញ»។

នៅពេល​សាកសួរ​ផ្ទាល់​ជាមួយ​តារាចម្រៀង​ស្រី​ជ្រក​ក្រោម​ទ្រនំ We Production ជា​បុត្រ​សម្ព័ន្ធ​ផលិតកម្ម​ហង្សមាស កញ្ញា ចំរើន សុភ័ក្រ បាន​ចេញ​ដំណើរ​ទៅ​កើប​ប្រាក់​ដុល្លារ​ដុំ នៅ​ឯ​ទឹកដី​សហរដ្ឋ​អាមេរិក​ជា​លើក​ទី ៤ នា​ឱកាស​ចំពេល​រដូវ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ ២០១៨ កន្លង​មក​នេះ រយៈពេល ២ ខែ ជាមួយ​បងស្រី និង​ប្អូន​ប្រុស​នាង ដែល​សុទ្ធ​តែ​ជា​អ្នក​សិល្បៈ​ដែរ​នោះ បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «អត់​មាន​បញ្ហា​អ្វី​ទេ​បង!​តាម​ពិត​ទៅ នាង​ខ្ញុំ​គ្រាន់​តែ​សរសេរ​លេង​សើច​ជាមួយ​នឹង​មិត្តភក្តិ​តែ​ប៉ុណ្ណោះ ហើយ​ក៏​សុំទោស​ផង​ដែរ ខណៈ​សារ​នាង​ខ្ញុំ​សរសេរ​លេង​នេះ​បង្ក​ការ​គិត​សង្ស័យ ដល់​បងប្អូន​មហាជន!»។

តារាចម្រៀង​ស្រី​កញ្ញា ចំរើន សុ​ភ័​ក្រ ដែល​ផ្ដើម​អាជីព​ចេញពី​ចម្រៀង​ផ្នែក​បុរាណ​វិ​វត្ត​ខ្លួន​មក ជា​តារា​ចម្រៀង​សម័យ​តាមរយៈ​ការ​ប្រឡង​នៃ​កម្មវិធី The Voice Cambodia រដូវ​កាល​ទី ១ កាល​ឆ្នាំ ២០១៦ នោះ។ នៅ​ក្នុង​ដំណើរ​ជីវិត​លើ​វិថី​សិល្បៈ ដែល​មិន​បាន​រើស​អើង​ទីផ្សារ​ការងារ​សិល្បៈ ដោយ​សូម្បី​តែ​អតីតកាល​ធ្លាប់​ដើរ​ដេក​ច្រៀង​លើ​ឆាក ក្រាល​កន្ទេល​ឯ​ទី​ជន​បទ ក៏​នៅ​តែ​រក្សា​ដដែល ជា​តារា​ចម្រៀង​ស្រី​ល្បី​ខ្លាំង​ទៅ​លើ​វិស័យ​ចម្រៀង​បែប​សម័យ ដែល​បាន​បំពេ​នូវ​អារម្មណ៍​ប្រិយមិត្ត​តាមរយៈ​បទ​មាន​ចំណង​ជើង​ថា «ម៉ែ» នោះ៕