ភ្នំពេញ៖ ខណៈ​​ឃើញ​មិត្ត​​​អ្នក​សិល្បៈ​កំពុង​តែ​សស្រោក​សស្រាំ​នឹង​ការ​នាំ​យក​​ប្រាក់​សប្បុរស​ធម៌​​តាម​​សទ្ធា​​​​ជ្រះ​​ថ្លា​នោះ តារា​ចម្រៀង​ស្រី​សំឡេង​​​ពីរោះ​​​​មុត​​ទើប​​តែ​ឈ្នះ​ពាន ​The Mask Singer នៅ​ប៉ុស្តិ៍​ហង្សមាស​ថ្មី​ថ្មោង​ ​កញ្ញា​ ចំរើន សុភ័ក្រ​ ក៏​​បាន​​បរិច្ចាគ​ប្រាក់ ១ ពាន់​ដុល្លារ​ក្នុង​មូលនិធិ​​ ដើម្បី​ទប់ស្កាត់​នឹង​ជំងឺ​ឆ្លង​ដោយសារ​មេរោគ​​កូវីដ ១៩ នឹង​គេ​​​​​​​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​​ថា មហាជន​បាន​ជ្រាប​រួច​មក​​ហើយ​​ កញ្ញា ចំរើន សុភ័ក្រ​ ធ្លាប់​​ជា​បេក្ខភាព​ក្នុង​​ការ​ប្រឡង​ចម្រៀង​លំដាប់​ពិភព​លោក​​​ម្តង​គឺ ​​​កម្មវិធី​ The Voice Cambodia រដូវកាល​ទី ​១ ​និង​​បាន​ក្លាយ​ជា​តារា​​ចម្រៀង​ដ៏​ពេញ​​និយម​មួយ​​រូប​ប្រចាំ We Production ដែល​ជា​​​បុត្រសម្ព័ន្ធ​ផលិតកម្ម​​ហង្សមាស​ថែម​​ទៀត​ផង។ ក្រៅ​ពី​ទឹក​ដម​សំឡេង​ពី​រោះ​រណ្ដំ កញ្ញា​ក៏​អាច​​បក​ស្រាយ​​ចម្រៀង​គ្រប់​ទម្រង់​ទាំង​សិល្បៈ​​ប្រពៃណី​ និង​សម័យ​ ហើយ​កាល​ពី​រាត្រី​ថ្ងៃ​ទី ​២៩ ខែ មីនា ឆ្នាំ ​២០២០​ កន្លង​​ទៅ​ថ្មី​ៗ​ កញ្ញា ចំរើន សុភ័ក្រ បាន​​​ក្លាយជា​​ម្ចាស់​ជយលាភី​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​​របាំង​មុខ ឬ​​ The Mask Singer ដោយ​ទទួល​​បាន​ប្រាក់​រង្វាន់ ១០០ លាន​រៀល​។

តារា​​ចម្រៀង​​ស្រី​ បច្ចុប្បន្ន​កំពុង​តែ​ជ្រក​នៅ​​ក្រោម​ទ្រនំ​ផលិតកម្ម​ We Production ដែល​ជា​​​​​បុត្រ​សម្ព័ន្ធ​ផលិតកម្ម​​ហង្ស​​​មាស កញ្ញា ចំរើន សុភ័ក្រ ក៏​បាន​បញ្ជាក់​ប្រាប់​ពី​ទឹក​ចិត្ត​ទទូច​ចូលរួម​​បរិច្ចាគ​ទៅ​មូលនិធិ​សប្បុរសធម៌​​​ទប់ស្កាត់​ជំងឺ​ឆ្លង​កូវីដ ​១៩ ​​​នោះ​​​​​ដែរ​ថា៖ «តាម​ពិត​ទៅ​ ក្រោយ​​​​​ពី​បាន​ឃើញ​បង​ប្អូន​​អ្នក​​​សិល្បៈ​ចូលរួម​បរិច្ចាគ​ប្រាក់​នោះ នាង​ខ្ញុំ​ក៏​បាន​នឹក​​ចង់​​ចូល​រួម​​ភ្លាមៗ​ដែរ តែ​ដោយសារ​​ខណៈ​ពេល​ថ្មីៗ​នេះ ខ្ញុំ​ក៏​កំពុង​តែ​ត្រៀម​ខ្លួន​ទៅ​នឹង​ការ​​ប្រឡង​​នៃ​កម្មវិធី​​​ The Mask​ Singer នេះ​ផង​ដែរ​។ ហើយ​នាង​ខ្ញុំ​ ក៏​បាន​គិត​រួច​ស្រេច​​ហើយ​ដែរ​ ​ប្រសិន​បើ​នាង​​ខ្ញុំ​មាន​ឱកាស​ឈ្នះ​ពាន​​​ពី​កម្មវិធី​នោះ ខ្ញុំ​នឹង​បរិច្ចាគ​ក្នុង​កម្រិត​មួយ​​សម​ស្រប​តាម​លទ្ធភាព​របស់​ខ្លួន​។ សំណាង​​ល្អ​បាន​មក​​ដល់ គឺ​ខ្ញុំ​មាន​ឱកាស​នោះ​​​មែន ទោះ​​បី​ជា​​នាង​​ខ្ញុំ​ពុំ​ទាន់​ទទួល​បាន​ប្រាក់​រង្វាន់​នោះ​នៅ​ឡើយ​មែន​ក្តី តែ​ទឹក​ចិត្ត​ចង់​ចូលរួម​បរិច្ចាគ​គឺ​ពិត​ជា​មិន​អាច​រង់ចាំ​បាន ទើប​​​ចូល​តាម​​​​លទ្ធភាព​ខ្លួន​តែ​ម្តង​គឺ​ចំនួន​ប្រាក់ ​១ ០០០ ដុល្លារ ​ព្រោះ​​ថា ចំនួន​នេះ​ហាក់​ដូច​ជា​​ច្រើន​​ដែរ ​សម្រាប់​នាង​ខ្ញុំ​ជា​អ្នក​សិល្បៈ​មួយ​​រូប​ ដែល​​មិន​សូវ​​ជា​សម្បូរ​​ធនធាន​ច្រើន​»៕