ភ្នំពេញ៖ ក្រោយ​ពី​ចប់​ភារកិច្ច​បេសកកម្ម​ជា​​តារា​​ចម្រៀង​​ទូត​សុច្ឆន្ទៈ​នៃ​​​មហោស្រព​សិល្បៈ​ដើម្បី​​សន្តិភាព​​ប្រចាំ​ឆ្នាំ ​២០១៩​ របស់​អង្គការ​​សិល្បៈ​ខ្មែរ​អមតៈ នៅ​ខែ​វិច្ឆិកា ភ្លាម​ តារា​ចម្រៀង​ស្រី​ ដែល​​​វិវឌ្ឍ​ខ្លួន​ពី​សិល្បៈ​បុរាណ​​មក​​​​សម័យ ក្រោយ​ពី​​ប្រឡង​​ The Voice Cambodia រដូវកាល​​ទី​ ១ កញ្ញា ចំរើន សុភ័ក្រ នឹង​បន្ត​ចូល​កម្មវិធី​​សង្គម​មួយ​ទៀត​ នៅ​ក្រៅ​ប្រទេស​ជាមួយ​នឹង​កំពូល​តារា​ចម្រៀង​ប្រុស​រួម​ទ្រនំ ​គឺ​លោក ខេមរៈ សិរីមន្ត​​ នៅ​ប្រទេស ​បារាំង​។​

នេះ​ជា​ឱកាស​ដំបូង​ ដែល​​ឈាន​ជើង​ជាន់​នៅ​លើ​​​ទឹក​ដី​ប្រទេស ​បារាំង សម្រាប់​កញ្ញា ចំរើន សុភ័ក្រ តារា​ខណៈ​​កម្មវិធី​​ប្រគំ​តន្រ្តី​​សប្បុរសធម៌​​រៃ​អង្គាស​ប្រាក់​ដើម្បី​​យក​​មក​ជួយ​​កុមារ​​​កំព្រា​នៅ​កម្ពុជា​ មួយ​នោះ​ដែរ​​មាន​​​តែ​​តារា​​ចម្រៀង​ប្រុស​ស្រី​​​ ២​ ដួង ​​នៃ​​ផលិតកម្ម​ហង្សមាស​តែ​ប៉ុណ្ណោះ គឺ​កញ្ញា ចំរើន សុភ័ក្រ និង​លោក ខេរមៈ សិរីមន្ត​ ដែល​​ប្រព្រឹត្ត​​ទៅ​​​នៅ​​​​ចុង​​​ខែ​​ ​ធ្នូ ឆ្នាំ ​២០១៩​ នេះ​។

តារា​​ចម្រៀង​ស្រី កញ្ញា ចំរើន សុភ័ក្រ ដែល​​​កំពុង​តែ​ស្រូប​ប្រជាប្រិយភាព​ខ្លាំង ​នៅ​លើ​វិស័យ​សិល្បៈ​ចម្រៀង​ជ្រក​​​​ទ្រនំ​​ផលិតកម្ម WeProduction ជា​បុត្រ​សម្ព័ន្ធ​​​​​ផលិតកម្ម​​ធំ​ហង្សមាស ​បញ្ជាក់​ប្រាប់​ពី​​​​ថ្ងៃ​ត្រូវ​​​ចូលរួម​​ថា៖ «កម្មវិធី​នេះ​​បើ​តាម​ដឹង​នោះ​ ​គឺ​មាន​​វត្តមាន​អ្នក​សិល្បៈ​តែ​រូប​​នាង​ខ្ញុំ និង​បង​ប្រុស ខេមរៈ សិរីមន្ត ទេ ដែល​ជា​​ការ​អញ្ជើញ​ពី​អង្គការ​មួយ​​​មាន​គោលដៅ​សម្រាប់​ជួយ​​រក​មូលនិធិ​ជួយ​ដល់​កុមារ​កំព្រា​នៅ​​ស្រុក​​ខ្មែរ​។

កម្មវិធី​នឹង​ប្រព្រឹត្ត​ទៅ​ដល់​ខែ​ធ្នូ​ឯ​ណោះ ដោយ​មាន​រយៈពេល​​ចំនួន ២០ ថ្ងៃ ហើយ​នាង​ខ្ញុំ​នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃទី ​១២ ខែ ​ធ្នូ និង​​វិល​ត្រឡប់​មក​វិញ​នៅ​ថ្ងៃទី ​៣០ ខែ ធ្នូ ​ឆ្នាំ ​២០១៩​»។​​

កញ្ញា ចំរើន សុភ័ក្រ​ ដែល​ត្រូវ​បាន​អង្គការ​សិល្បៈ​​ខ្មែរ​អមតៈ​ជ្រើស​​​​ធ្វើ​ជា​​ទូត​សុច្ឆន្ទៈ​​នៃ​​មហោ​ស្រព​​សិល្បៈ​ដើម្បី​​សន្តិភាព​ឆ្នាំ ​២០១៩ ខាង​មុខ​នោះ​ បន្ត​ពី​អារម្មណ៍​ក្នុង​ការ​​ចូលរួម​​ការងារ​​សង្គម​ធម៌​នៅ​​ក្រៅ​ប្រទេស​នេះ​ថា៖ «​សម្រាប់​​វត្តមាន​ពិសេស ​​នៃ​អ្នក​សិល្បៈ​មាន​​​រូប​នាង​ខ្ញុំ​ និង​លោក ខេមរៈ សិរីមន្ត​ នេះ​គឺ​ខ្ញុំ​​​​ពិត​ជា​​សប្បាយ​​ចិត្ត​ ពេល​ឮ​ថា​នោះ​​គឺ​ជា​កិច្ច​ការ​មួយ​មាន​គោលដៅ​ជួយ​ទៅ​ដល់​កុមារ​​កំព្រា​​នៅ​កម្ពុជា​តាមរយៈ​ម្ចាស់​ស្ពនស័រ​​ជា​អង្គការ​មួយ​​នៅ​​បារាំង។

សម្រាប់​នាង​ខ្ញុំ​ ការងារ​បែប​​នេះ ​គឺ​ពេញ​ចិត្ត​នឹង​ចូលរួម​ ព្រោះ​ក្នុង​នាម​ជា​អ្នក​សិល្បៈ​ បើ​មិន​មាន​លទ្ធភាព​ជួយ​ជា​ថវិកា​នោះ ​គឺ​​អាច​​​យក​​កម្លាំង​​កាយ​ និង​ជំនាញ​សិល្បៈ​ជួយ​ជំនួស​​បាន ​គឺ​ជា​​សកម្មភាព​​​ខ្លួន​ពេញ​ចិត្ត​​​ដូចជា​កាល​​ពេល​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស ​អូស្រ្តាលី​​ ​ថ្មីៗ​កន្លង​មក​ជា​​ដើម​​»៕​