ភ្នំពេញៈ ខណៈចំណងស្នេហ៍ដ៏ផ្អែមល្ហែមខំបង្កាត់រយៈពេលប្រមាណ ២-៣ ឆ្នាំរវាងតារាសម្តែងស្រីសាច់សខ្ចីកញ្ញា អ៊ីងអ៊ីង និងតារាចម្រៀងប្រុសអូរីជីណល់ ចេះនិពន្ធទាំងទំនុកច្រៀង និងភ្លេងខ្លួនឯងលោក ម៉ា ច័ន្ទបញ្ញា ដែលឈានជិតដល់ថ្ងៃចូលរោងជ័យទៅហើយនោះ បែរជារសាត់ស្ងប់មួយរំពេចក្រោយលេចឮដំណឹងថា ពួកគាត់បែកគ្នាដោយជនទី ៣ ចូលមកជ្រែក។
ដំណឹងបែកគ្នារវាងតារាចម្រៀងប្រុស ម៉ា ច័ន្ទបញ្ញា និងតារាសម្តែងកញ្ញា អ៊ីងអ៊ីង ត្រូវបានលាតត្រដាង ខណៈគេបានឃើញត្រូវអ្នកទាំង ២ ប្រកាសព្រមគ្នាតាមហ្វេសប៊ុកដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងក្នុងពេលដែលពួកគេគិតថា អ្នកទាំង ២ មិនសមបែកគ្នាឡើយ ដោយសារតែគេឃើញចំណងស្នេហ៍របស់អ្នកទាំង ២ មានភាពផ្អែមល្ហែម។
ក្នុងនោះគេឃើញសារហ្វេសប៊ុករបស់តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា បង្ហោះសារភ្ជាប់ជាមួយនឹងរូបថតគូស្នេហ៍អូនអ៊ីង ថា៖ «ស្អែកបងទៅឆ្ងាយហើយ ១ ខែ ក្រោយ យើងជួបគ្នាវិញ។ ទោះយើងឈ្លោះគ្នា តែបងសង្ឃឹមថាយើងនឹងឆ្លងកាត់ដំណាក់កាលស្មុគស្មាញនេះ។ ថែខ្លួនអូន» ។
តែក្រោយពីតារាចម្រៀងប្រុសបានចេញទៅសម្តែងនៅអាមេរិករយៈពេល ១ ខែនោះក៏ភាយដំណឹងចេញពីខាងតារាសម្តែងស្រីវ័យ ២២ ឆ្នាំ កញ្ញា អ៊ីងអ៊ីង វិញថា នាងបានប្រកាសបែកគ្នាពី ម៉ា ច័ន្ទបញ្ញា ក្រោមមូលហេតុថាមិនសូវចុះសម្រុងនឹងគ្នា។
កាន់តែសង្ស័យនោះក៏ស្រាប់តែឃើញលោក ម៉ា ច័ន្ទបញ្ញា បង្ហាញពីការតាំងចិត្តលែងគិតរឿងស្នេហា និងខំបង្កើតស្នាដៃសិល្បៈក្រោយវិលពីអាមេរិកថា៖ «រឿងស្នេហាត្រូវផ្អាកត្រឹមនេះសិនចុះ។ ខ្ញុំនឹងវិលត្រឡប់បង្កើតស្នាដៃ និងខំរកលុយឲ្យបានច្រើន។ សន្យាបានទេនឹងអត់ឱនដល់អវត្តមានរបស់ខ្ញុំកន្លងមក។ សន្យាបានទេ មិនឲ្យខ្ញុំឯកា»។ តាមរយៈសារនេះគឺសរបញ្ជាក់ថា ចំណងស្នេហ៍របស់លោក ម៉ា ច័ន្ទបញ្ញា និងកញ្ញា អ៊ីងអ៊ីង ពិតជាមានភាពរង្គោះរង្គើមែន បើទោះបីជាអ្នកទាំង ២ មិនទាន់បានប្រកាសជាសាធារណៈប្រាប់ទស្សនិកជនក៏ដោយ។
តែកាលពីម្សិលមិញនេះលោក ម៉ា ច័ន្ទបញ្ញា វ័យ ២៨ ឆ្នាំទើបចេញបទថ្មីមានចំណងជើងថា «រាប់អាន» បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «និយាយឲ្យត្រង់ទៅនាពេលនេះចំពោះទំនាក់ទំនងរវាងខ្ញុំ និងអូនអ៊ីងគឺអាចនិយាយបានថាស្ថិតនៅក្នុងសភាពមួយមិនទាន់ដាច់ស្រឡះនឹងគ្នានៅឡើយទេ ព្រោះថាទោះបីអូនអ៊ីងនិយាយច្រើននឹងពាក្យថា បែកគ្នាមែនក្តី គឺខ្ញុំនៅតែស្រឡាញ់គាត់ ហើយនៅចាំដំណឹងពីគាត់ដដែល ហើយចំពោះរឿងថា មានអ្នកទី ៣ ជ្រែកនោះគឺខាងគាត់បានចោទខ្ញុំ តែខ្ញុំក៏ឆ្លើយប្រាប់គាត់ផងដែរថាអត់ មាន ហើយពេលខ្លះខ្ញុំក៏សង្ស័យគាត់វិញដែរ ពេលឮដំណឹងពីខាងក្រៅ»៕