
រូបព្រះពុទ្ធចំនួន ៣ ប្រភេទ(ពុម្ព) ដែលគេច្នៃពីស្លឹកពោធិ៍ធ្វើជាវត្ថុអនុស្សាវរីយ៍។ រូបថត សហការី
ភ្នំពេញ៖ ខណៈពេលទំនេរសម្រាកនៅផ្ទះក្នុងគ្រា ដែលប្រទេស កម្ពុជា ដូចជាបណា្តប្រទេសនានានៅលើសកលលោកកំពុងជួបគ្រោះដោយសារជំងឺកូវីដ ១៩ ការសាកល្បងយកស្លឹកពោធិ៍ធម្មជាតិមកសម្ងួត ហើយឆ្លាក់ជារូបព្រះលេងៗនោះ ក៏ត្រូវបានអ្នកជិតខាងឃើញស្រឡាញ់ចូលចិត្ត ហើយស្នើសុំធ្វើបន្ថែមយកជូនបងប្អូន បន្តរហូតដល់បច្ចុប្បន្ន ក្លាយជាវត្ថុអនុស្សាវរីយ៍ពេញនិយមរបស់បងប្អូនខ្មែរ។
រយៈពេលជិត ២ ខែនេះ អ្នកស្រី ស៊ិន គន្ធា និងស្វាមី បានច្នៃស្លឹកពោធិ៍ធម្មជាតិ ឆ្លាក់រូបព្រះពុទ្ធ លក់ជូនពុទ្ធបរិស័ទខ្មែរ ជាវយកទៅប្រើប្រាស់ ជាវត្ថុមានតម្លៃទៅតាមជំនឿរៀងៗខ្លួន ដូចជាតំណាងឲ្យសេចក្ដីសុខ ចិត្តស្ងប់ និងភាពត្រជាក់ត្រជុំ អាចយកទៅវត្តឲ្យព្រះសង្ឃប្រសិទ្ធី ហើយអាចដាក់ព្យួរក្នុងឡាន កង់បីដាក់តាមកាបូប តម្កល់ក្នុងផ្ទះ ឬជូនញាតិទុកជាកាដូដ៏មានតម្លៃដែលបានលក់ជាង ១ ៣០០ សន្លឹកហើយ ក្រោយពីមានគេស្គាល់ពីគុណភាពច្នៃប្រឌិតនេះមកនោះ។ ខណៈបច្ចុប្បន្ន អ្នកស្រី ស៊ិន គន្ធា ទទួលធ្វើតែលក្ខណៈលក់បោះដុំប៉ុណ្ណោះ ក្រោយពីមានអ្នកស្គាល់ច្រើន និងអ្នកពេញនិយមពីសំណាក់បងប្អូនខ្មែរ ដោយមានតំបន់ចំនួន ៣ គឺភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។

រូបព្រះមានអក្សរបាលី ច្នៃពីស្លឹកពោធិ៍ធម្មជាតិ។ រូបថត សហការី
អតីតជាបុគ្គលិកធ្វើការងារផ្នែករដ្ឋបាល នៅក្រុមហ៊ុនឯកជនមួយកន្លែង ហើយមានស្រុកកំណើតនៅខេត្តស្វាយរៀង និងបច្ចុប្បន្ន បានចាប់ផ្តើមប្រកបរបរច្នៃស្លឹកពោធិ៍ស្ងួតឆ្លាក់រូបព្រះ រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អ្នកស្រី ស៊ិន គន្ធា វ័យ ២៦ ឆ្នាំ បានរៀបរាប់ប្រាប់ពីដើមចមនៃការនឹកយកស្លឹកពោធិ៍មកច្នៃឆ្លាក់រូបព្រះដែរថា៖ «ដំបូង ខ្ញុំគ្រាន់តែយកស្លឹកពោធិ៍ធម្មជាតិពិតៗនោះ មកធ្វើលេងៗតាមគេ ក្រោយពីខ្ញុំមើលតាមយូធូបរបស់ប្រទេសជិតខាងគេធ្វើរួចមក ហើយក៏ត្រូវអ្នកជិតខាងបានឃើញ ក៏គាត់ស្នើឲ្យធ្វើបន្ថែមប្រមាណ ១០-២០ សន្លឹក ដើម្បីយកចែកបងប្អូនគាត់។ ក្រោយមកក៏មានអ្នកសួរនាំចង់បានច្រើន ខ្ញុំ និងស្វាមី ក៏សម្រេចធ្វើវាជាហូរហែ និងថតបង្ហោះលក់តាមអនឡាញ នៅក្នុងទីក្រុងភ្នំពេញរហូតដល់មានអ្នកទទួលយកទៅលក់បន្តនៅតាមខេត្ត ២ ទៀត គឺខេត្តបាត់ដំបង និងខេត្តសៀមរាប។ តែឥឡូវនេះ ខ្ញុំលែងធ្វើលក់រាយហើយ គឺគ្រាន់តែទទួលធ្វើលក់បោះដុំប៉ុណ្ណោះ តែត្រូវកុម្ម៉ង់ប្រាប់ ១០ ថ្ងៃជាមុនផងដែរ ទើបអាចធ្វើទាន់»។
អ្នកស្រីក៏បានរៀបរាប់ពីដំណាក់កាលច្នៃស្លឹកពោធិ៍ស្លួតឆ្លាក់ជារូបព្រះពុទ្ធនេះផងដែរថា៖ «ដំបូង យើងត្រូវជ្រើសស្លឹកពោធិ៍ស្រស់ៗ ដែលមានទំហំត្រូវខ្នាត គឺចន្លោះពី ៨ ទៅ ១០ សង់ទីម៉ែត្រ ដែលអាចយកមកច្នៃ និងមានលក្ខណៈ សមសួន ស្អាត មានរាងជាបេះដូង។ ក្រោយមកយើងទុកឲ្យស្ងួត (ហាល) ប្រមាណ ២-៣ ថ្ងៃសិន ទើបយកមកកោសសាច់ស្លឹកវាចេញ ឲ្យសល់តែគ្រោងឆ្អឹង។ បន្តាប់មកយើងយកពុម្ពរូបព្រះពុទ្ធ មកដាក់អូសពីលើគ្រោងឆ្អឹងស្លឹកពោធិ៍ស្ងួតនោះចេញជារូបព្រះទាំង ៣ ប្រភេទនៃពុម្ពរបស់យើងនាពេលបច្ចុប្បន្ន និងចុងក្រោយយកអ៊ុតនឹងប្លាស្ទិក ដើម្បីកុំឲ្យងាយខូចពេលយកទៅប្រើប្រាស់ និងចងខ្សែបន្តោង ហើយយើងក៏មានជម្រើស ២ ពណ៌ដែរ សម្រាប់រូបឆ្លាក់លើស្លឹកពោធិ៍ស្អួតធម្មជាតិពិតៗ ១០០% នេះ គឺពណ៌មាស និងពណ៌ប្រាក់»។
ដោយសារតែការច្នៃនេះ ត្រូវយកស្លឹកពោធិ៍ធម្មជាតិពិតៗ ហើយនៅប្រើបច្ចេកទេសបែបសិប្បកម្មនោះ ទើបចង្វាក់ផលិតកម្មមិនអាចផលិតបានច្រើននៅឡើយទេ សម្រាប់ការលក់ជូនទៅបងប្អូនខ្មែរដែលនិយមវត្ថុអនុស្សាវរីយ៍ប្រភេទនេះ។

ស្លឹកពោធិ៍ធម្មជាតិ ដែលគេយកទៅសម្ងួត និងច្នៃ ឆ្លាក់រូបព្រះពុទ្ធ។ រូបថត សហការី
អ្នកស្រី ស៊ិន គន្ធា បានបង្ហើបថា៖ «ឥឡូវនេះ ខ្ញុំទទួលធ្វើពេលកម្ម៉ង់ច្រើនសន្លឹកប៉ុណ្ណោះ គឺចាប់ពី ១០០ សន្លឹកឡើងទៅ។ ហើយចំនួន ១០០ សន្លឹក ត្រូវការពេលប្រមាណ ៣-៤ ថ្ងៃ ទើបអាចធ្វើរួចរាល់ទាន់តាមការកុម្ម៉ង់ និងត្រូវមានមនុស្ស ៣-៤ នាក់ ដើម្បីជួយដែរ ព្រោះយើងមិនអាចសម្រេចការងារទាំងស្រុងដោយស្រួលៗឡើយ។ ការយកស្លឹកពោធិ៍ស្ងួតចំនួន ១០០ សន្លឹក មកធ្វើនោះ មិនប្រាកដថាបានផលទាំង ១០០% នោះទេ គឺអាចបានផលត្រឹមតែ ៣០%-៤០% តែប៉ុណ្ណោះ ព្រោះការខូចទ្រង់ទ្រាយ ឬរហែកគ្រោង ឆ្អឹងស្លឹកពោធិ៍ ដែលកោសសាច់ស្លឹករួចមានចំនួនច្រើនអាចដល់ទៅ ៦០%-៧០% ឯណោះ»។
ប្រសិនបើលោកអ្នកចង់រកជាវរូបព្រះពុទ្ធ ច្នៃពីស្លឹកពោធិ៍ស្ងួតធម្មជាតិពិតនេះ អាចទាក់ទងតាមទូរស័ព្ទ 096 712 80 90 និង 071 593 1417 ៕