The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឆាយ នីតា ក្តាប់​តំណែង​​តួឯក​ភ្លាម ​ក្រោយ​ពី​​ប្រែក្លាយ​ជា​តារា​សម្តែង

ឆាយ នីតា ក្តាប់​តំណែង​​តួឯក​ភ្លាម ​ក្រោយ​ពី​​ប្រែក្លាយ​ជា​តារា​សម្តែង

Content image - Phnom Penh Post
ឆាយ នីតា និង​តួ​ប្រុស​ នា​ពេលសម្ពោធកុន​រឿង​ «កុំងាកក្រោយ»​​​ ​ផលិតកម្ម​ Galaxy។ រូប ហ្វេសប៊ុក​

ឆាយ នីតា ក្តាប់​តំណែង​​តួឯក​ភ្លាម ​ក្រោយ​ពី​​ប្រែក្លាយ​ជា​តារា​សម្តែង

ភ្នំពេញ៖ អតីត​ជា​កញ្ញា​ឯក​លេខ ៣ ​តំណាង​​កម្ពុជា​ឆ្នាំ ២០១៦ កញ្ញា ឆាយ​ នីតា ក្រោយ​ពី​បញ្ចប់​កិច្ចការ​ជា​បវរកញ្ញា​ប្រជែង​សម្រស់​មក​​ ក៏​​ចាប់​អាជីព​ជា​តារា​ម៉ូដែល​ និង​​បាន​អភិវឌ្ឍ​ទេពកោសល្យ​​សម្តែង​ ហើយ​​​ចាប់​បាន​ឱកាស​​គ្រង​​តំណែង​ជា​តួឯក​តាំង​ពី​កុន​ដំបូង​រហូត​ដល់​បច្ចុប្បន្ន​បាន​ចំនួន​​ ៤​ រឿង ​មក​ហើយ​ដែរ​។

ជា​កូន​ចៅ​​អ្នក​រស់នៅ​ភ្នំពេញ ​កើត​​ក្នុង​ត្រកូល​អ្នក​​ធ្វើ​ការ​ និង​គ្រូ​បង្រៀន​​ ដោយសារ​ចំណូល​ចិត្ត​ស្រឡាញ់​សិល្បៈ​ ទើប​ជំរុញ​ឲ្យ​ស្រី​ស្អាត ​ឆាយ នីតា សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្រកួត​ប្រជែង​សម្រស់​ក្នុង​កម្មវិធី កញ្ញាឯក​កម្ពុជា​ឆ្នាំ ​២០១៦ ​ដោយ​ទទួល​បាន​ជយលាភី​លេខ ៣ ព្រម​ទាំង​បន្ត​ការងារ​សិល្បៈ​ជា​តារា​ម៉ូដែល និង​បាន​ឈាន​ដល់​ជា​តារា​សម្តែង​​នៅ​ឆ្នាំ ២០១៨។

កញ្ញា ឆាយ នីតា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​​​ថា​៖ ​«​ពេល​​ខ្ញុំ​ប្រលង​ហើយ ខ្ញុំ​ក៏​​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​រៀបចំ​ការ​ប្រកួត​ហ្នឹង រយៈពេល ​១ ​ឆ្នាំ។ ពេល​ចប់​កុងត្រា​ខ្ញុំ​ ក៏​​បន្ត ​១ ឆ្នាំ​ទៀត រហូត​ដល់​ឆ្នាំ ​២០១៨ ទើប​ខ្ញុំ​បាន​ចេញ​មក​ថត​រឿង​វិញ​។ ចំណែក​រឿង​ដែល​ខ្ញុំ​ថត​ដំបូង ​គឺ​​រឿង​ «កុំងាក​ក្រោយ» ដែល​កំពុង​តែ​ត្រៀម​​ចាក់​បញ្ចាំង​ក្នុង​​​​រោងកុន​នានា​​»។

អតីត​បវរកញ្ញា​ឯក​​​កម្ពុជា​លេខ ៣ ​ឆ្នាំ​ ២០១៦ កញ្ញា ឆាយ នីតា មុន​ដាក់​ពាក្យ​ចូល​ប្រកួត​​ក៏​ធ្លាប់​ជា​​​គ្រូ​បង្រៀន​សិស្ស​ថ្នាក់​មត្តេយ្យ​រយៈពេល​ជាង​ ១ ឆ្នាំ ​នៃ​សាលា​​ឈ្នួល​​​មួយ​។ បច្ចុប្បន្ន​តារា​សម្តែង​ស្រី​រូប​នេះ​ ក៏​​បន្ត​ការ​សិក្សា​ផ្នែក​ធនាគារ​ឆ្នាំ​ទី ​៣ នៃ​សាកល​វិទ្យាល័យ​ប៊ែលធី​អន្តរជាតិ​។

តារា​ម៉ូដែល និង​​សម្តែង​​​ស្រី​​ពន្លក​​​ថ្មី​វ័យ ​២៤ ឆ្នាំ​ កញ្ញា​ ឆាយ នីតា បន្ថែម​ថា៖​ «​រយៈពេល​ជាង ​១ ឆ្នាំ ​ដែល​ខ្ញុំ​ចូល​​សម្តែង​ គឺ​បាន​ ៤ រឿង​ហើយ​ភាគ​ច្រើន​ជា​តួអង្គ​ដែល​មាន​ចរិត​សុភាព​រាបសារ​ និង​ជា​តួឯក​ស្រី។ វា​មាន​ភាព​ពិបាក​ដែរ ដែល​ចាប់​ផ្តើម​ដំបូង​ខ្ញុំ​សម្តែង​​ជា​តួឯក​ តែ​ដោយសារ​ការ​​ស្រលាញ់​ ទើប​ចេះ​តែ​ព្យាយាម​ទៅ ហើយ​​ណា​មួយ​អ្នក​ដឹកនាំ​​រឿង​គាត់​ក៏​បាន​​ប្រាប់​ថា​ ទោះបី​ខ្ញុំ​ខ្ចី​ក្នុង​ការ​​សម្តែង​ពិត​មែន​ ប៉ុន្តែ​ពេល​គេ​ពន្យល់​ឆាប់​យល់ និង​មិន​ពិបាក​បង្រៀន​ ខ្លួន​ឯង​ក៏​​​សប្បាយ​​ចិត្ត​ និង​រំភើប​ខ្លាំង​ពេល​បាន​សម្តែង​​​តួឯក​តាំង​ពី​រឿង​​ដំបូង មិន​ធ្លាប់​គិត​ថា ​អាច​ធ្វើ​បាន​នោះ​ទេ​»។

កញ្ញា នីតា​ ​បញ្ជាក់​ថា​​៖​ «​ខ្ញុំ​ទើប​តែ​មាន​​ឳកាស​សម្តែង​រឿង​ដោយសារ​ខ្ញុំ​ឧស្សាហ៍​ចូលរួម​កម្មវិធី​ជាមួយ​បង​​ម្នាក់​ដែល​គាត់​ភាគ​ច្រើន​ថត​រឿង​ដុំ បន្ទាប់​មក​គាត់​ក៏​បាន​ណែនាំ​ឲ្យ​ខ្ញុំ​ស្គាល់​ផលិតករ ហើយ​ក៏​ចាប់​​ផ្តើម​ថត​រឿង​តាំង​ពី​ហ្នឹង​​មក​។ សម្រាប់​ពេល​រៀន​ចប់​ខ្ញុំ​ក៏​​ចង់​មាន​មុខ​របរ​ផ្ទាល់​ខ្លួន​ដែរ ដោយសារ​តែ​ខ្ញុំ​មិន​ចង់​ផ្តោត​តែ​លើ​សិល្បៈ​តែ​មួយ​មុខ​នោះ​ទេ​ ព្រោះ​ថា​ នៅ​ពេល​យើង​រៀបការ​មាន​កូន​ទៅ​ក៏​យើង​អាច​សម្រាក​ពី​សិល្បៈ​ខ្លះៗ​ដែរ មិន​អាច​ធ្វើ​ពេញ​ទំហឹង​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​»។​

គួរ​បញ្ជាក់​ថា តារា​សម្តែង​ស្រីមាន​រូប​រាង​ស្រឡូន​គួរ​ឲ្យ​ស្រឡាញ់​រូប​នេះ​ បាន​សម្តែង​កុន​ ៤ រឿង សុទ្ធ​តែ​គ្រង​តំណែង​ជា​តួឯក​ស្រី​មាន​ដូចជា​រឿង​ កុំងាក​ក្រោយ​​ របស់​ផលិតកម្ម​កាឡាក់ស៊ី ណាវ៉ាត់ត្រា រឿង ផ្ញើ​ស្នេហ៍​ឲ្យ​មេឃ​​ថែ រឿង អង្គរក្ស​ពិសេស​​វគ្គ ២ និង​រឿង​ភាគ​ថ្មី​ដែល​កំពុង​ថត ត្រៀម​ចាក់​បញ្ចាំង​ក្នុង​ឆ្នាំ ២០២០ ខាង​មុខ​នេះ រឿង​ ប្រហុក​ក្រអូប៕​

អត្ថបទគួរចាប់អារម្មណ៍