ភ្នំពេញ៖ ថ្មីៗ​នេះ​តារា​ម៉ូដែល និង​សម្តែង​​​ស្រី​​ពន្លក​​​ថ្មី​វ័យ ​២៤ ឆ្នាំ​ ដែល​អតីត​ជា​​កញ្ញា​ឯក​​លេខ​​ ​៣ ​តំណាង​​​​កម្ពុជា​ឆ្នាំ ២០១៦ ​ កញ្ញា​ ឆាយ នីតា​ បង្ហើប​រឿង​ខ្លួន​សុខ​ចិត្ត​​ចោល​​លាភ​កើប​ប្រាក់​​ពី​សិល្បៈ​មក​​ស្រវា​គិត​អំពី​រឿង​សុខភាព​ជា​ចម្បង​វិញ ដើម្បី​ចៀស​ផុត​ពី​ការ​ឆ្លង​មេរោគ​កូវីដ ១៩​។ ​

ចាប់​​តាំង​​ពី​កើត​មាន​វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​ឆ្លង​​កូវីដ ១៩ មក​​ដល់ ​មិន​ថា​ក្រុម​អ្នក​​សិល្បៈ​ ឬ​​ពល​រដ្ឋ​សាមញ្ញ​​​នោះ​​​ទេ គឺ​សុទ្ធ​តែ​មាន​ផល​ប៉ះពាល់​ផ្នែក​​សេដ្ឋកិច្ច​​​ផ្ទាល់​ខ្លួន​​ខ្លាំង​រហូត​ដល់​មាន​អ្នក​​ត្អូញត្អែរ​ពី​ការ​​បាត់បង់​ប្រាក់​ចំណូល​ជា​រឿយៗ​។ ខណៈ​​តារា​សម្តែង​​​​ស្រី​ស្រស់ ឆាយ នីតា វិញ​​​ហាក់​ឃើញ​ថា ​នាង​មាន​ភាព​មមាញឹក​​ក្នុង​​​​​ការ​​ចេញ​ថត​កុន​មិន​ដាច់​ ប៉ុន្តែ​ពេល​ជិត​ដល់​​ចេញ​ថត​រឿង​បន្ទាប់​ នាង​ក៏​សម្រេច​​ចោល​មួយ​អន្លើ​សុំ​ការ​ពន្យារពេល​ថត​​សិន ​មក​គិត​ពី​សុខភាព​ជា​ចម្បង ដោយ​មាន​ម្តាយ​ជំទាស់​​មិន​​ឲ្យ​ចេញ​​ថត​កុន​នោះ​ផង​ដែរ​។

តារា​ស្រី​ស្អាត ឆាយ នីតា សុខចិត្ត​ចោលលាភ​ គិត​ពី​សុខភាពជាចម្បង ​​​គ្រាជួបវិបត្តិកូវីដ ១៩។ ហ្វេសប៊ុក​

តារា​ស្រី​ដែល​​​​​ផ្ទុះ​នូវ​​ការ​គាំទ្រ​​​ខ្លាំង​ក្នុង​​កុន​​ដុំ​​ដំបូង​​​​​គឺ​​រឿង ​«កុំ​ងាក​ក្រោយ​» ​របស់​ផលិត​កម្ម​ហ្គាឡាក់ស៊ី​ ចាក់​បញ្ចាំង​​​​ចុង​​ឆ្នាំ ២០១៩​ កន្លង​​​មក​ កញ្ញា ឆាយ នីតា នា​ពេល​បច្ចុប្បន្ន បាន​កំពុង​​ថត​កុន​ភាគ​រឿង «ប្រហុក​​ក្រអូប» របស់​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន ដែល​នេះ​​ជា​ការងារ​នៅ​​​សល់​តែ​ ១ ​គត់​ក្នុង​ដំណាក់​កាល​​នៃ​ការ​គំរាម​កំហែង​របស់​កូវីដ ១៩។ បើ​តាម​ការ​បញ្ជាក់​​របស់​កញ្ញា នីតា​ កុន​ភាគ​​​នេះ គ្រោង​នឹង​​បញ្ចប់​ការ​​ថត​ឆាប់ៗ​ ដូច្នេះ​​​ហើយ​ទើប​​​សម្រុក​​ថត​បញ្ចប់​ ខណៈ​នាង​ក៏​មាន​កុន​បន្ទាប់​​ថត​ដែរ ប៉ុន្តែ​​ម្ដាយ​នាង​​​​​បាន​​ជំទាស់​​មិន​ចង់​ឲ្យ​កូន​​ស្រី​ដ៏​ស្រស់​ស្អាត​​​​យក​កាយ​ទៅ​​ប្រថុយ​​ជាមួយ​​នឹង​​​ឃាតករ​​លាក់​​មុខ​គឺ​ «កូវីដ ​១៩»​ ​នោះ​ទេ ទើប​កញ្ញា នីតា សុខ​ចិត្ត​ពន្យារ​ពេល​​ថត ហើយ​គេង​នៅ​​ផ្ទះ​បង្ខាំង​ខ្លួន​កុំ​​ឲ្យ​ឆ្លង​មេរោគ​។​

កញ្ញា នីតា បញ្ជាក់​ប្រាប់​ថា៖ «ម៉ាក់​របស់​នាង​​​ខ្ញុំ គាត់​ជំទាស់​ខ្លាំង​ណាស់​បង​ ដោយ​​គាត់​មិន​​ចង់​ឲ្យ​ចេញ​ទេ ព្រោះ​​ខ្លាច​​ឆ្លង​នូវ​​ជំងឺ​មួយ​​ហ្នឹង! តាម​​​ពិត​ក្រោយ​ពី​ថត​បញ្ចប់​រឿង «ប្រហុក​ក្រអូប» នាង​ខ្ញុំ​​ត្រូវ​ថត​រឿង ​១ ​​​ទៀត​ភ្លាម​ៗ​ដែរ​ តែ​​សុំ​លាក់​ចំណង​​ជើង​សិន។ យ៉ាង​ណា​ដោយសារ​តែ​ការ​គំរាម​កំហែង​ពី​​កូវីដ ​១៩​ ក្រុម​​ការងារ​​​ថត​រឿង​នោះ បាន​សម្រេច​លើក​​ពេល​ថត​ទៅ​ថ្ងៃ​ក្រោយ​វិញ​​ហើយ​ដែរ​»។

ដោយសារ​មាន​​ចំណូល​ចិត្ត​​ស្រឡាញ់​សិល្បៈ​ ទើប​ជំរុញ​ឲ្យ​ស្រី​ស្អាត ​ឆាយ នីតា សម្រេច​​​ចិត្ត​​ប្រកួត​ប្រជែង​សម្រស់​ក្នុង​កម្មវិធី​កញ្ញា​ឯក​កម្ពុជា​ឆ្នាំ ​២០១៦ ​​ក៏​ទទួល​បាន​ជយលាភី​លេខ ៣ ព្រម​​​ទាំង​បន្ត​ការងារ​​សិល្បៈ​ទៅ​​ជា​តារា​​​ម៉ូដែល និង​​​​បាន​ក្លាយ​​ជា​តារា​សម្តែង​កុន​​ពេញ​​ស៊ប់​នៅ​​ក្នុង​ឆ្នាំ ​២០១៨​៕​