ភ្នំពេញៈ វត្តមានតារាចម្រៀងឈរលំដាប់កំពូល លោក ឆាយ វីរៈយុទ្ធ បានធ្វើឲ្យផ្អើលមួយឈុល នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនពេលតារារូបនេះឡើងយន្តហោះទៅសម្តែងនៅប្រទេសកូរ៉េ គឺមួយថ្ងៃ ក្រោយវត្តមានតារាចម្រៀងកំពូលហង្សមាសលោក ព្រាប សុវត្ថិ ក្នុងកម្មវិធីប្រគំតន្រ្តីសប្បុរសធម៌ តែមួយ។
នៅក្នុងដំណើរទៅកាន់ប្រទេសកូរ៉េ កាលពីយប់ថ្ងៃទី ២៣ កញ្ញា ចុងសប្តាហ៍នេះ មហាជនបានសម្តែងការចម្លែកចិត្តនៅពេលឃើញវត្តមានក្រុមអ្នកសារព័ត៌ មានយ៉ាងច្រើនបានទៅឈរចាំនៅច្រកចូលព្រលានយន្តហោះ ដោយមហាជនភាគច្រើនបានលើកឡើងជាសំណួរថា តើអ្នកសារព័ត៌មានចាំថតអ្នកណាគេ? មួយសន្ទុះមក ស្រាប់តែឃើញវត្តមានរថយន្តទំនើបពណ៌ខ្មៅមួយគ្រឿងបានឈប់ ហើយអ្នកសារព័ត៌មានបាននាំគ្នាផ្តិតយករូបភាពយ៉ាងច្រើន។ ពេលនោះ ទស្សនិកជនកាន់តែភ្ញាក់ផ្អើលថែមទៀត នៅពេលពួកគេបានឃើញវត្តមានកំពូលតារាចម្រៀង ឆាយ វីរៈយុទ្ធ ហើយអ្នកគាំទ្រជាច្រើន បានមកចោមរោមសុំថតរូបធ្វើឲ្យភ្ញាក់ផ្អើល និងស្ទះផ្លូវមួយអន្លើ។
នាមុនពេលដើរចូលទៅកន្លែងឆែកអ៊ីវ៉ាន់ លោក ឆាយ វីរៈយុទ្ធ បានបញ្ជាក់ថា ៖«ខ្ញុំបានទទួលការអញ្ជើញទៅសម្តែងនៅប្រទេសកូរ៉េរយៈពេល៣ថ្ងៃ ហើយការសម្តែងត្រូវចាប់ផ្តើមនៅម៉ោង ២ រសៀលថ្ងៃទី ២៤ ខែ កញ្ញា នេះ ហើយលោកត្រូវត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី ២៦ កញ្ញា។
តារាចម្រៀងដែលទើបតែបានចេញបទថ្មីមានចំណងជើងថា «ពេលអូនឃ្លាតឆ្ងាយ» លោក ឆាយ វីរៈយុទ្ធ បានបន្ថែមថា ៖«ការសម្តែងរបស់លោកនៅប្រទេសកូរ៉េនេះ ជាចំណែកមួយនៃការប្រគំតន្ត្រីសប្បុរសធម៌ ដើម្បីស្វែងរកមូលនិធិមកជួយបងប្អូនយើងនៅស្រុកខ្មែរ។ ជាមួយគ្នានោះលោកសង្ឃឹមថា នឹងមានការចូលរួមពីសំណាក់ទស្សនិកជនខ្មែរ កូរ៉េយ៉ាងច្រើនកុះករចូលរួមទស្សនា នៅក្នុងការសម្តែងនៅខេត្តអានសាន់ ប្រទេសកូរ៉េ៕