ភ្នំពេញៈ តារាចម្រៀង​ប្រុស​មាឌ​ល្អិត សំឡេង​ក្រអួន​មាន​ទឹកដម​ស្រូប​បាន​ប្រជាប្រិយភាព​ខ្លាំង​នៅលើ​ទ្រនំ​ផលិតកម្ម​សាន់ដេ លោក ឆាយ វីរៈយុទ្ធ ត្រូវ​បាន​មហាជន​ក៏​លាន់មាត់​សរសើរ​ពី​ភាព​ប៉ិនប្រសប់ និង​ទេពកោសល្យ​ឧត្តមភរិយា​របស់​លោក​ដែល​តែងតែ​ឆ្លៀត​និពន្ធ​ទំនុក​ច្រៀង​ឲ្យ​ប្តី រឿយៗ ហើយ​កាន់តែ​សម្បូរ​ការគាំទ្រ​ខ្លាំង​ឡើងៗ​ថែម​ទៀត​។

ថ្មីៗ​នេះ​ភរិយា​របស់​កំពូល​តារាចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​សាន់ដេ ឆាយ វីរៈយុទ្ធ ក៏​បាន​និពន្ធ​ទាំង​ទំនុកច្រៀង និង Melody សម្រាប់​បទថ្មី​មាន​ចំណងជើង​ថា​៖ «​នឹក​អូន​ស្ទើរ​ដាច់​ខ្យល់​» ចេញ​ផ្សាយ​ជា Audio Official ដែល​បង្ហាញ​ឈ្មោះ​ច្បាស់​ថា សែ ចាន់ឌី ជា​អ្នកនិពន្ធ​ទំនុកច្រៀង និង Melody តាម​គេហទំព័រ​របស់​ផលិតកម្ម​នោះ​ក៏​ទទួល​បាន​ការកោតសរសើរ​ពី​ប្រិយមិត្ត​តាម​បណ្តាញ​សង្គម​មួយ​រំពេច​តែ​ម្តង​។

កំពូល​តារាចម្រៀង​ប្រុស​លោក ឆាយ វីរៈយុទ្ធ ក៏​បាន​បង្ហើប​ប្រាប់​អំពី​អារម្មណ៍​សប្បាយចិត្ត​ចំពោះ​ការយក​ចិត្ត​ទុកដាក់​របស់​ភរិយា​ដែល​កើត​ពី​សេចក្តី​ស្រឡាញ់​ចូលចិត្ត​នឹង​វិស័យ​សិល្បៈ​និពន្ធ​ទំនុកច្រៀង បើ​ទោះបី​ជា​ខ្លួន​មាន​តួនាទី​ភរិយា​ផង និង​មមាញឹក​នឹង​របរ​រកស៊ី​ជា​ថៅកែ​ហាង​លក់​អង្គរ​ដែល​មាន​យីហោ​ថា​ «​ស្តេច​អង្ករ​» នោះ​មែន​ក្តី តែ​នៅ​តែ​ឆ្លៀតពេល​មក​និពន្ធ​ទំនុកច្រៀង​ឲ្យ​ស្វាមី​បាន​ជា​រឿយៗ​។

លោក ឆាយ វីរៈយុទ្ធ ក៏​បង្ហើប​ពី​អត្ថន័យ​នៃ​បទចម្រៀង​ថ្មី​ដែល​មាន​ភរិយា​ជា​អ្នកនិពន្ធ​ទាំង​ទំនុកច្រៀង និង​និពន្ធ Melody នោះ​ថា​៖ «​បទ​នេះ គាត់ [​ប្រពន្ធ ឆាយ វីរៈ​យុទ្ធ​] ចង់បង្ហាញ​ពី​មនោសញ្ចេតនា​ស្នេហ៍​ជ្រាលជ្រៅ​របស់​យុវវ័យ​នា​សម័យ​បច្ចុប្បន្ន​ក្នុង​រឿង​ស្នេហា​»​។

តារាចម្រៀង​ប្រុស​មាឌ​ល្អិត សំឡេង​ក្រអួន​មាន​ទឹកដម​ដែល​បាន​ក្លាយ​ជា​តំណាង​ទូត​សុច្ឆន្ទៈ​រថយន្ត​ម៉ាក​ឆេរ៉ូឡេត​ ២ ​ឆ្នាំ​ជាប់​គ្នា​រូប​នេះ​ក៏​បាន​រំឭក​ឲ្យ​ដឹង​ពី​ការនិពន្ធ​របស់​ភរិយា​ខ្លួន​តាំងពី​មុន​ពេល​ចាប់​ដៃ​គ្នា​ជា​គូ​ស្វាមីភរិយា​ម្ល៉េះ ដោយសារ​ភរិយា​មាន​ចំណូលចិត្ត​ខាង​តែង​និពន្ធ​ទំនុកច្រៀង​នេះ​ថា​៖ «​ជា​ការពិត​ទៅ​នោះ​គាត់​បាន​និពន្ធ​ទំនុកច្រៀង​ច្រើន​សម្រាប់​ខ្ញុំ​តាំងពី​ពេល​ពួកយើង​ជា​គូស្នេហ៍​នឹង​គ្នា​ម្ល៉េះ ហើយ​សម្រាប់​បទចម្រៀង​ក្រោយ​នេះ​វា​មាន​លក្ខណ​ពិសេស​ជាងគេ​បន្តិច​ត្រង់ គាត់​ជា​អ្នកនិពន្ធ​ទំនុក​ច្រៀង​ផង និង​និពន្ធ Melody ផង​»​។

គួរ​រំឭក​ថា​ក្រោយពី​បាន​ក្រាប​ផ្ទឹម​ចូល​រោង​ជ័យ​មង្គលការ​តាម​គន្លង​ប្រពៃណី​ខ្មែរ​នឹង​កូនក្រមុំ​ជា​កូនស្រី​ថៅកែ​រោងម៉ាស៊ីន​កិនស្រូវ​ខេត្ត​កំពង់ចាម និង​បាន​ធ្វើ​ជា​ថៅកែ​លក់​អង្ករ​ធំ​មួយ​មាន​យីហោ​ថា​ «​ស្តេច​អង្ករ​» ដែល​ប្រើ​ដើមទុន ១ សែន​ដុល្លារ ខណៈ​មង្គលការ​រៀបចំ​កាលពី​ថ្ងៃ​អាទិត្យ​ទី​ ២១ ខែ​ឧសភា ឆ្នាំ​ ២០១៧ មាន​លក្ខណៈ​ឱឡារិក​បំផុត​៕