ភ្នំពេញ: ព្រម​នឹង​ការងារ​សិល្បៈ​នៅ​តែ​ស​ស្រាក់​ធ្វើ មិន​ថា​យប់​ថ្ងៃ តារា​ស្រី​ជាប់​ងារ សិច​ស៊ី​យេៗ អ្នកនាង ឆ័យលី ដាឡែន ដែល​ផ្សំ​ជីវិត​និង​ស្វាមី​វ័យ​ក្មេង​ជាង តែង​ទន្ទេញ​ចង់​បាន​កូន​ឆាប់ៗ តែ​យ៉ាង​ណា​ក្រោយ​សារ​ទន្ទេញ​ដែល​មិន​ដែល​បាន​បង្ហាញ​ដំណឹង​ល្អ​នេះ ក៏​ស្រាប់​តែ​ថ្មីៗ​នេះ​អ្នក​នាង​ត្រូវបាន​ផ្សព្វផ្សាយ​ថា បំណង​នេះ គូ​ស្នេហ៍​ស្វាមី​មាន​វ័យ​ក្មេង​ជាង ក៏បាន​សម្រេច​ស្ងាត់ៗ​នៅ​ស្រុក​កំណើត​ខាង​ប្តី។

ពី​ការ​ផ្សព្វផ្សាយ ដែល​ទម្លាយ​ពី​លទ្ធផល​សម្រេច​បំណង​ស្វែងរក​តំណក់​ឈាម​ស្នង​ត្រកូល​របស់ អ្នកនាង ឆ័យលី ដាឡែន និង​ស្វាមី នេះ ក៏មាន​ការ​បង្ហាញ​អះអាង​ថា «ប្រភព​ច្បាស់ការ​មួយ​ទម្លាយ​ឲ្យ​ដឹង​ថា នាង​បាន​សម្រាល​កូន​រួច​ហើយ​កាល​ពី​ជាង ២ ខែ​មុន ដោយ​ដំណឹង​នេះ នាង​បាន​ព្យាយាម​លាក់​ការ​មិន​ទម្លាយ​ឲ្យ​មហាជន​បាន​ដឹង​ឡើយ»។

តារាចម្រៀង​សិចស៊ី និង​សម្តែង​ងារ​សិចស៊ី​យេៗ ហើយ​ក៏​ធ្លាប់​ត្រូវ​ព្រនង់​ពី​ក្រសួង​ជា​អាណា​ព្យាបាល​លើ​ផ្នែក​វប្បធម៌ ដោយសារ​ការ​ស្លៀក​ពាក់​សិច​ស៊ី​ស្ទើរ​អាក្រាត​កាយ​លើ​ឆាក​សម្ដែង​នៅ​ទឹកដី​អាមេរិក​នោះ អ្នកនាង ឆ័យលី ដាឡែន ក៏ត្រូវ​បាន​គេ​បង្ហាញ​រូបថត គេង​បង្ហាញ​ស្នាម​ញញឹម​ពព្រាយ​ជាប់​នឹង​រូប​ថត​កូន​ក្មេង មុខ​ស្អាត​ទ្រលុក​ទ្រលន់។

ភ្ជាប់​នឹង​រូបថត​នោះ​ក៏​មានការ​រៀបរាប់​ថា៖ «ការ​សម្រាល​កូន​របស់ ឆ័យលី ដាឡែន មិន​បាន​ធ្វើ​នៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​ភ្នំពេញ​ឡើយ គឺ​នាង​បាន​ទៅ​សម្រាល​នៅ​ឯ​គ្លីនិក​ឯកជន​មួយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​ជា​ស្រុក​កំណើត​ស្វាមី។ នាង​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ប្រុស​ថា តារា ឆៃ​យ៉ានុត។ បច្ចុប្បន្ន​កូន​នេះ ទុក​ឲ្យ​ម្ដាយ​ក្មេក​របស់​នាង​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង ជា​អ្នក​មើល​ថែ ហើយ​ជា​ញឹកញាប់​នាង និង​ស្វាមី​តែង​តែ​ឡើង​ចុះ​ពី​ភ្នំពេញ ទៅ​មើល​កូន»។

បញ្ជាក់​ពី​ព័ត៌មាន​នៅ​ស្ងាត់ៗ​សម្រាល​បាន កូន​ប្រុស​ដ៏​ស​ទ្រលុក​ទ្រលន់់​នោះ នៅ​រសៀល​ថ្ងៃ​ទី ១៦ ខែ​មករា ម្សិលមិញ ភ្នំពេញ ប៉ុស្តិ៍​ក៏បាន​ព្យាយាម​សុំ​ការ​បក​ស្រាយ​ជុំវិញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ពី​តារា​សម្ដែង និង​ចម្រៀង ឆ័យលី ដាឡែន សំងំ​ប្រសូត កូន​ប្រុស​នៅ​ស្រុក​កំណើត​ប្តី​កាល​ពី ២ ខែ​មុន ហើយ​ទុក​កូន​ឲ្យ​ឪពុក​ម្តាយ​ក្មេក​មើល​ថែ​នោះ មិន​ទទួល​បាន​ការ​បកស្រាយ ឬ​ក៏​ការ​បដិសេធ​ច្រាន​ចោល​ព័ត៌មាន​ខាង​លើ​ថា​យ៉ាង​ណា​នោះ​ទេ។ ខណៈ​អ្នកនាង ឆ័យលី ដាឡែន ក៏​ទទួល​ទូរស័ព្ទ​ដែល ភ្នំពេញ ប៉ុស្តិ៍​ទាក់​ទង​ទៅ​ដោយ​ប្រាប់​ថា «ចាំ​កន្លះ​ម៉ោង​ទៀត​ទើប​ខ្ញុំ​ទំនេរ​អាច​និយាយ​បាន​បង»។

លុះដល់​វេលា​សន្យា​ខល​ទៅ​កន្លះ​ម៉ោង ទំនាក់​ទំនង​ទៅ​ម្តង​ទៀត នាង​បែរ​ជា​មិន​ទទួល​ទូរស័ព្ទ​និយាយ​ថា «យ៉ាង​ណា​ទេ​» បែរ​ជា​ចុច​ផ្តាច់ រួច​ក៏​ផ្ញើសារ​ត្រឡប់​មក​វិញ​ដោយ​ពាក្យ​គួរសម​ថា «ខ្ញុំ​សូម​ទោស ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ ពេល​នេះ»។

ប៉ុន្តែ​ដោយឡែក​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​បាន​ព្រលយ​ថា «នាង​អាច​នឹង​ទម្លាយ​ដំណឹង​មាន​កូន​នៅ​ថ្ងៃ​ខួប​កំណើត​របស់​នាង នា​ថ្ងៃ​ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ខាងមុខ​នេះ​តែម្ដង» ដោយ​ក្នុង​ពិធី​ខួប​កំណើត​នោះ តាម​ប្រភព​ប្រាប់​ថា នាង​គ្រោង​នឹង​អញ្ជើញ​មិត្ត​អ្នក​សិល្បៈ​ច្រើន​នាក់»។

ជាមួយ​ការទម្លាយ​លិខិត​អញ្ជើញ​ចូលរួម​ពិធី​ខួប​កំណើត​នាង​នោះ តារា​ស្រី​ដែល​ពោល​ចង់​បាន​កូន​ជា​រឿយៗ​នោះ ក៏ត្រូវ​បាន​មិត្ត​រួម​អាជីព​ព្រលយ​ពី​រូបនាង​ថា៖ «នាង​ច្បាស់​ជា​បង្ហាញ​មុខ​កូន​នាង​នៅ​ក្នុង​ពិធី​ដែល​គ្រោង​ធ្វើ​នៅ​ឯ​ភោជនីយដ្ឋាន​ម្ដុំ​សង្កាត់​បឹងត្របែក​នោះ​ហើយ»៕