ក្រុងញូវដែលី: ក្រុមគ្រួសារមួយដែលរងគ្រោះព្រោះទឹកជំនន់ក្នុងរដ្ឋកេរ៉ាឡា ប្រទេសឥណ្ឌា បានរួចជីវិតក្រោយពីសត្វឆ្កែចិញ្ចឹមរបស់ពួកគេ បានដាស់ពួកគេឲ្យក្រោកនៅមុនហេតុការណ៍រអិលបាក់ដីបានបំផ្លាញផ្ទះសម្បែងពួកគេតែបន្ដិច។ នេះបើយោងតាមបណ្ដាញផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងកាលពីថ្ងៃចន្ទ។
មូហាណាន់ ភី និងក្រុមគ្រួសារលោកកំពុងគេងក្នុងផ្ទះនៃស្រុកអ៊ីឌុកគីលើជួរភ្នំ ពេលឆ្កែចាប់ផ្ដើមព្រុសសន្ធាប់ខ្លាំងនៅម៉ោង ៣ ទៀបភ្លឺ ដោយបានដាស់មនុស្សទាំងអស់ក្នុងផ្ទះ។
លោក មូហាណាន់ បានប្រាប់បណ្ដាញព័ត៌មានឥណ្ឌា NDTV ថា៖ «នោះជាពេលដែលយើងបានឃើញថា ប្រាកដជាមានរឿងអ្វីកើតឡើង។ ខ្ញុំចេញមកមើលខាងក្រៅផ្ទះ ហើយយើងត្រូវប្រញាប់ប្រញាលចាកចេញផ្ទះភ្លាម»។
បើពួកគេមិនឆាប់ចេញពីផ្ទះពេលហេតុការណ៍រអិលបាក់ដីកើតឡើងទេ ពួកគេប្រាកដជាត្រូវបានកប់ក្នុងដីជាក់ជាមិនខាន។ ក្រុមគ្រួសារ រួមទាំង ឆ្កែ ត្រូវបានជម្លៀងទៅកាន់ជំរំបណ្ដោះអាសន្នរបស់រដ្ឋ។
ទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងមូសុងប្រចាំឆ្នាំ បានបោកបក់សន្ធាប់លើតំបន់ទេសចរណ៍ភាគខាងត្បូងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ដោយបានសម្លាប់មនុស្ស ៣៩ នាក់ និងបន្សល់ទុកមនុស្សប្រមាណ ១០ ម៉ឺននាក់គ្មានផ្ទះសម្បែងរស់នៅ៕ AFP/HR