ក្រុង​អូតាវ៉ា៖ ឆ្កែ​អនាថា​ ១ ក្បាល ​​ត្រូវ​បាន​ប្រទះ​នៅ​តាម​ដង​វិថី​ដ៏​ត្រជាក់​​​នៅ​ប្រទេស ​កាណាដា ខណៈ​វា​កំពុង​តែ​ឱប​ក្រសោប​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូន​ឆ្មា​តូចៗ​នារាត្រី​ដ៏​រងា​រណ្ដំ​ថ្គាម។

ឆ្កែ​ញី​អាយុ​ប្រមាណ ២ ឆ្នាំ ឈ្មោះ Serenity ត្រូវ​បាន​ប្រទះ​ឃើញ​​​នៅ​​វិថី​ស្ថិត​នៅ​ក្បែរ​តំបន់​ឆាហាម ក្នុង​ទីក្រុង​អនតារីយោ កាល​ពី​សប្ដាហ៍​មុន។

នារាត្រី​ដែល​សីតុណ្ហភាព​ធ្លាក់​ដល់ ៣ អង្សាសេ​ក្រោម​សូន្យ ឆ្កែ​ញី​នេះ​បាន​​ឱប​ក្រសោប​កូន​ឆ្មា​​ខ្មៅ​តូចៗ។

អ្នក​នាំពាក្យ​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ និង​សត្វ​ចិញ្ចឹម ​ម៉ាយរៀម អាមស្ត្រង បាន​ឲ្យ​ដឹង​​ថា ​អ្នក​ដំណើរ​ឆ្លង​កាត់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ដោយ​ឃើញ​ឆ្កែ​ញី​នេះ​​ឱប​កូន​ឆ្មា​​ដល់​ទៅ ៥ ក្បាល។

ក្រោយការ​សង្គ្រោះ​ ពួកវា​នៅតែបង្ហាញកាយវិការ​ស្និទ្ធស្នាល​។ រូបថត AFP

ពួក​វា​ត្រូវ​បាន​នាំ​យក​មក​កាន់​​កន្លែង​ថែ​ទាំ ដោយ​រឿង​រ៉ាវ​ដ៏​ចម្លែក​ដែល​ឆ្កែ​ញី​មើល​ថែ​កូន​ឆ្មា​ដូច​ម្ដាយ​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​មក​ពី​ជុំវិញ​ពិភព​លោក​​ដាក់​ពាក្យ​សុំ​វា​យក​ទៅ​ចិញ្ចឹម។

អ្នក​នាំពាក្យ​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ និង​សត្វ​ចិញ្ចឹម ​ម៉ាយរៀម បាន​ឲ្យ​ដឹង​ថា៖ «កូន​ឆ្មា​ទាំង​នោះ​មុខ​ជា​មិន​រស់​ទេ ប្រសិន​បើ​មិន​មាន​មេ​ឆ្កែ​នៅ​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​ពួក​វា»។

ទោះបី​ជា​​ក្រុម​អ្នក​ជំនាញ​សត្វ​នៅ​មិន​ច្បាស់​ថា ​តើ​ហេតុអ្វី​បាន​ជា​ឆ្កែ​​ញី​មក​នែបនិត្យ​កូន​ឆ្មា​យ៉ាង​ដូច្នេះ ប៉ុន្តែ​ ម៉ារៀម បាន​បញ្ជាក់​ថា ក្រោយ​ពី​​យក​ពួក​វា​មក​ថែទាំ​នៅ​មណ្ឌល ឆ្កែញី និង​កូន​ឆ្មា​ នៅ​តែ​បង្ហាញ​កាយវិការ​ស្រឡាញ់​គ្នា​ដូច​គ្រួសារ​តែ​មួយ​​។

ក្រោយ​ពី​បំប៉ន​ចំណី និង​ព្យាបាល​ជំងឺ​រួច​រាល់ ​សត្វ​ទាំង​នេះ​នឹង​ត្រូវ​បាន​ប្រគល់​ទៅ​ម្ចាស់​ជា​អ្នក​ស្រឡាញ់​សត្វ​យក​ទៅ​ចិញ្ចឹម​​បន្ត៕ AFP