ភ្នំពេញៈ ខណៈ​ឱកាស​ក្លាយជា​អ្នកចាត់ការ​ទូទៅ​នៅឯ​ផលិតកម្ម​ថោន របស់​អតីត​តារា​ចម្រៀង​ប្រុស​លោក ករុណា ពេជ្រ ទើប​តែ​បាន​ឈរ​ជើង​មួយ​ឆ្នាំ​សោះ ឥឡូវ​ក៏​ស្រាប់​តែ​លេច​វត្តមាន​លោក មាស សុខ​រតនៈ បង​ប្រុស​បង្កើត​របស់​កំពូល​តារា​ចម្រៀង​ស្រី​កញ្ញា មាស សុខសោភា មក​កាន់​តំណែង​នេះ​វិញ​នៅ​ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ ២០១៨ នេះ បង្ក​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ទៅ​ដល់​មហាជន។

ការផ្លាស់ប្តូរ​តំណែង​អ្នកចាត់ការ​ទូទៅ នៅឯ​ទ្រនំ​ផលិតកម្ម​ថោ​ន​នេះ ក៏មាន​លេច​ជា​ចំហាយ​រលក​ព័ត៌មាន​ខ្សឹប​ខ្សៀវ​ពាក់​ព័ន្ធ​ទៅ​នឹង​បងប្អូន​បង្កើត​នៃ​ត្រកូល មាស ដែរ​គឺ​លោក មាស សុខរតនៈ និង​កញ្ញា មាស សុខ​សោភា តារា​ចម្រៀង​ស្រី​កំពូល​នៅ​ផលិតកម្ម​ថោន។

ការ​បែក​ធ្លាយ​ជា ចំហាយ​រលក​ព័ត៌មាន​បែប​ខ្សឹប​ខ្សៀវ​នោះ​បាន​លើក​ឡើង​ថា៖ «ផលិត​ថោន សុខចិត្ត​ដក​តំណែង​ចាត់​ការ​ទូទៅ​ពី​លោក ករុណា ពេជ្រ ដើម្បី​ប្រគល់​ឲ្យ​ទៅ​លោក មាស សុខ​រតនៈ ដែល​ជា​ថ្នូរ​លួង​ចិត្ត​ជាមួយ​នឹង​ការ​ចង់​បាន​ឲ្យ​តារា​ចម្រៀង​ស្រី​កញ្ញា មាស សុខ​សោភា បន្ត​នៅ​ផលិតកម្ម​ថោន​ទៀត ព្រោះថា នាង​ផុត​កុងត្រា ហើយ​នឹង​ចេញ​រក​ទ្រនំ​ថ្មី និង​ដើម្បី​ស្តារ​នូវ​ស្ថានភាព​នៃ​ការ​ធ្លាក់​ចុះ​ទីផ្សារ​របស់​ផលិត​ថោន​ផង​ដែរ»។

តែ​នាពេលថ្មីៗនេះ នៅក្នុង​ជំនួប​ជាមួយនឹង​លោក មាស សុខ​រតនៈ ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​ផលិត​កម្ម​ថោន តាម​ទូរស័ព្ទ ដែល​ជំនួស​លោក ករុណា ពេជ្រ ដែល​បាន​ឈរ​ជើង​ប្រហែល ១ ឆ្នាំ​នោះ បាន​ប្រាប់​ថា៖ «តាម​ពិត​ទៅ មិន​មាន​ការ​ដូរ​ដោះ ឬ​មាន​ជា​ថ្នូរ​អ្វី​នោះ​ទេ សម្រាប់​ការ​មក​កាន់​ការងារ​របស់​ខ្ញុំ នៅ​ផលិតកម្ម​ថោន​នេះ​គឺ ដោយសារ​ក្រុមហ៊ុន​យើង មាន​ធនធាន​មនុស្ស​ផ្នែក​នេះ មាន​កំណត់ ហើយ​យើង​ក៏​ចង់​ឲ្យ​មាន​ការ​ឆ្លាស់​ការងារ​ដែរ ហើយ​ការងារ​នៅ​ថោន ខ្ញុំ​តែង​តែ​ឡើង​ចុះ​តាម​តម្រូវការ​ជាក់​ស្តែង មិន​មាន​ការ​ដូរ​ដោះ​ថ្នូរ ឬ​យុទ្ធសាស្ត្រ​អ្វី ដូចជា​ការ​លើក​ឡើង​នោះ​ឡើយ​ព្រោះ​ថា​ខ្ញុំ​ធ្វើការ​នៅ​ទីនេះ​ប្រមាណ ១០ ឆ្នាំ​ហើយ គឺ​មាន​អារម្មណ៍​ថា ថោន​ក្លាយជា​គ្រួសារ​របស់​ខ្លួន​ទៅ​ហើយ​សព្វ​ថ្ងៃ​នេះ»។

លោក មាស សុខ​រតនៈ បញ្ជាក់ថា៖ «ឆ្នាំនេះ ខ្ញុំ​ត្រូវ​មកកាន់​កន្លែង​ការងារ លោក ករុណា ពេជ្រ នោះ​ក៏​ព្រោះ​តែ​ឆ្នាំ​មុន​ខ្ញុំ​ជាប់​រវល់​ការងារ​ជួយ​ផលិតកម្ម​ខាន​មិន​បាន​នៅ​ឯ​ផ្នែក​ផ្សេង​ទៀត តែ​ប៉ុណ្ណោះ»។

ខណៈ​លោក ករុណា ពេជ្រ អតីត​អ្នក​ចាត់​ទូទៅ ដែល​បាន​អភិវឌ្ឍ​ខ្លួន​មកពី​អាជីព​ជា​តារា​ចម្រៀង​ហើយ​បាន​ឈរ​ជើង​រយៈពេល ១ ឆ្នាំ​នោះ បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ខណៈ​លោក​កំពុង​តែ​មាន​វត្ត​មាន​កាន់​ការងារ​ថ្មី​នៅ​ឯ​ផ្សារ​កុងតឺន័រ នៅ​ឯ​ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ទី ៣០ ខែ មីនា ឆ្នាំ ២០១៨ កន្លង​មក​នេះ​ថា៖ «អូ!​តាម​ពិត​ទៅ តំណែង​នេះ​ត្រូវ​បង មាស សុខ​រតនៈ កាន់​វិញ​ដោយសារ ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ក្រុមហ៊ុន​តម្រូវ​ឲ្យ​មក​កាន់​ការ​មើល​ខុស​ត្រូវ​លើ​ផ្នែក​ជំនួញ និង​រៀបចំ Event នានា​ជាមួយ​ក្រុម​តារា​ថោន​វិញ​នៅ​ឯ​តំបន់​ផ្សារ​កុងតឺន័រ នៅ​ក្រុង​សៀមរាប ឯណោះ ហើយ​ការ​កាន់​តំណែង​ជា​អ្នក​ចាត់ការ​ទូទៅ​នៅ​ថោន​កាល​ឆ្នាំ​ទៅ​នោះ ដោយសារ​តែ​កាល​ពី​ពេល​នោះ​គឺ​បង​ប្រុស អ៊ា វឌ្ឍនា ត្រូវ​ទទួល​មរណភាព ហើយ​ខ្ញុំ​ក៏ត្រូវ​ជំនួស​កន្លែង​របស់​គាត់​មួយ​រយៈ»៕