ភ្នំពេញៈ ក្រោយពីបាត់មុខមួយរយៈក្នុងពិភពសម្តែងកុននោះ ស្រាប់តែតារាសម្តែងស្រីសិចស៊ី ដែលចូលចិត្តសម្ញែងល្វែងលើដ៏ទ្រលុកទ្រលន់កញ្ញា សេង សូណា បង្ហាញមុខឡើងវិញជាមួយការថតកុនភាគ នៅក្នុងស្រុកមួយ និងថតកុនដុំឲ្យផលិតកម្មក្រៅស្រុកដល់ទៅចំនួន ៣ រឿង ដែលសុទ្ធតែជាតួឯកស្រី ផ្នែកសម្តែងឈុតសិចស៊ី និងស៊ីអារម្មណ៍ជ្រាលជ្រៅដុតរោលខ្លាំងជាមួយនឹងតួប្រុស។
ថ្លែងទាំងមានសេចក្តីសប្បាយចិត្តក្រៃលែង ដោយសារតែទីផ្សារថតកុនបញ្ចេញល្វែងលើយ៉ាងកប់ៗនេះ ហាក់មិនសូវជាមានអ្នកណាមកប្រជែងនោះ កញ្ញា សេង សូណា បង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ពីខ្សែភាពយន្តចំនួន ៤ រឿងដែលខ្លួនកំពុងតែថតថា ៖ «នៅពេលឥឡូវនេះ នាងខ្ញុំកំពុងតែជាប់កុងត្រាថតកុនភាគមួយរឿង និងកុនដុំ ៣ រឿង។ ចំពោះកុនភាគគឺនាងបានតំណែងជាតួឯកស្រីខាងសម្តែងជាតួកាចឆ្នាស និងសិចស៊ីខ្លាំង នៅក្នុងរឿង «រនាតឯក» របស់ផលិតកម្មទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដែលនឹងទំនងជាត្រូវថតយូរហើយមើលទៅ។ ចំណែកកុនដុំ ៣ រឿង ទៀតនោះ គឺខ្ញុំបានថតឲ្យផលិតកម្មក្រៅស្រុកមកពីប្រទេសអាមេរិក ខណៈពេលនេះខ្ញុំមិនបានចាំថារឿងអ្វីខ្លះនោះទេព្រោះមិនបានយកកំណត់ត្រារឿងទាំងនោះដាក់តាមខ្លួនឡើយ។ និយាយរួមទៅកុនទាំង ៤ នេះ គឺសុទ្ធតែជាការថតមានប្លង់សម្តែងសិចស៊ីខ្លាំង និងត្រូវប្រើប្រាស់អារម្មណ៍រំជើបរំជួលបែបស៊ីជម្រៅជាមួយតួប្រុសគឺទាំងតួខ្មែរ និងទាំងតួបរទេស។ យ៉ាងណាក៏នាងខ្ញុំ សប្បាយចិត្តដែរព្រោះជាការសម្តែងត្រូវតាមចំណូលចិត្ត»។
ទន្ទឹមនឹងមានភាពរីករាយនេះ កញ្ញា សេង សូណា តារាសម្តែងស្រីសិចស៊ី មិនសូវសំចៃក្នុងការលែងល្វែងលើ ដែលបានចាប់ផ្តើមផុសនូវភាពល្បី ទៅក្នុងវិស័យសិល្បៈសម្តែងភាពយន្ត ដោយសារតែនាងមានអំណោយផលល្អគឺដើមទ្រូងធំដ៏ទ្រលុកទ្រលន់ ដែលអាចយកធ្វើជាដើមទុន ដើម្បីជាធ្នាក់ទាក់ទាញចំណាប់អារម្មណ៍ផលិតករទាំងនៅក្នុងស្រុក និងក្រៅស្រុកនោះ ក៏ហាក់បានសម្តែងនូវក្តីព្រួយបារម្ភចំពោះភាពល្បីខ្លាំងព្រោះតែហ៊ានសម្តែងឈុតសិចស៊ីរបស់ខ្លួនផងដែរ គឺនាងខ្លាចមានការដាក់បម្រាមពីក្រសួងវប្បធម៌។
សេង សូណា ក៏លើកឡើងថា៖ «យ៉ាងណានាងខ្ញុំ ក៏មានការព្រួយបារម្ភផងដែរ គឺខ្លាចខាងក្រសួងចេញបម្រាម ដែលអាចប៉ះពាល់ដល់ទីផ្សារថតកុនរបស់ខ្ញុំ។ តែនេះក៏ជាការធ្វើទៅតាមតម្រូវការខាងផលិតកម្មដែរទេ»។
តួស្រីសិចស៊ី ពូកែប្រើអារម្មណ៍រំជើបរំជួលតាមសាច់រឿងនោះក៏បង្ហើបថា៖ «ការថតកុននៅស្រុកខ្មែរគឺគិតឲ្យនាងខ្ញុំជាតម្លៃតាមថ្ងៃគឺ ១ ថ្ងៃ ១០០ ដុល្លារ បើថតច្រើនថ្ងៃបានច្រើន ថតតិចក៏បានលុយតិចដែរ។ ចំណែកការថតកុនក្រៅស្រុកដូចអាមេរិកវិញនោះ គឺគេគិតឲ្យនាងខ្ញុំ ១ ថ្ងៃតម្លៃពី ៧០០ ដុល្លារ ទៅ ១០០០ ដុល្លារ»៕