ភ្នំពេញៈ ខណៈដែល​កូនស្រី​ទី ៣ ឈ្មោះ ជា សុជាតិ​នារី ជា​បុត្រី​ដំបូង​នៃ​ចំណង​ស្នេហ៍​របស់​លោក ជា វិបុល និង​អ្នកនាង គង់ សុជាតិ បាន​ចាប់​កំណើត​កាល​ពី​ខែ​មករា ឆ្នាំ ២០១៧ មក ហើយ​បច្ចុប្បន្ន​មាន​វ័យ​ជាង​មួយ​ខួប​ទៅ​ហើយ​នោះ ពិធី​ការិនី​ទូរទស្សន៍​ជើង​ចាស់​អ្នក​នាង គង់ សុជាតិ ក៏​ស្រាប់​តែ​លេច​វត្តមាន​នៅ​ក្នុង​កម្មវិធី​របស់​ទូរទស្សន៍​ហង្សមាស​គឺ​នៅ​រួម​ទ្រនំ​ជាមួយ​នឹង​ស្វាមី​វ័យ​ក្មេង គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពី​មហាជន​តែ​ម្តង នៅ​ចំ​ថ្ងៃ​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំ ២០១៨។

រំពេច​នោះ ក៏មាន​ការលើកឡើង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ពី​អ្នកតាមដាន​នូវ​ជីវិត​ឯកជន ក៏ដូចជា​ដំណើរ​វិវឌ្ឍន៍​នៃ​សង្គម​សិល្បៈ​របស់​ក្រុម​សិល្បករ-ការិនី នានា​នោះ​ថា៖ «ទំនង​ជា​អ្នក​នាង គង់ សុជាតិ មក​តាម​ខ្សែ​ស្វាមី​ក្មេង​លោក ជា វិបុល ហើយ​មើល​ទៅ​ព្រោះ​ថា លោក​គឺជា​ពិធីករ​ល្បី​ប្រចាំ​ផលិតកម្ម​ហង្សមាស និង​មាន​មុខ​ស្ទើរ​តែ​គ្រប់​កម្មវិធី​ទៀត​ផង ដូច្នេះ​ទើប​ឆ្នាំ​ថ្មី​នេះ​គាត់​សម្រេច​ចិត្ត​មក​ធ្វើការ​ជា​ពិធី​ការិនី​នៅ​ហង្សមាស​តែម្តង និង​មាន​ពេល​ជួបជុំ​គ្នា​ច្រើន​ទៀត​ផង»។

ថ្លែងប្រាប់​មុនពេល​បង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​នៅ​ហង្សមាស សម្រាប់​ផ្សព្វផ្សាយ​នូវ​ផលិតផល​មួយ ដែល​ជា​ការ​ចាប់​ផ្តើម​ការងារ​នៅ​កន្លែង​ថ្មី ក្នុង​អាជីព​ចាស់​ជា​ពិធី​ការិនី អ្នក​នាង គង់ សុជាតិ បញ្ជាក់​ប្រាប់​នូវ​ដំណឹង​ដែល​ប្តូរ​ការងារ​ទៅ​ទូរទស្សន៍​ហង្សមាស ក្រោយ​ផុត​កុងត្រា​នៅ​កន្លែង​ចាស់​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា៖ «ចាស!​នាង​ខ្ញុំ​ពិត​ជា​បាន មក​បម្រើ​ការងារ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ហង្សមាស មែន គឺ​នៅ​ចំ​ថ្ងៃរដូវកាល​ចូល​ឆ្នាំ​ថ្មី​នេះ​តែម្តង ក្រោយ​ពី​នាង​ខ្ញុំ​បាន​ចប់​កុងត្រា​ជាមួយ​នឹង​ទូរទស្សន៍ MyTV ហើយ!»។

ពិធី​ការិនី​ដែលមាន​វ័យ​ច្រើនជាង​ស្វាមី តែ​សម្រស់​មិនបាន​ចាស់​ទៅតាម​វ័យ គង់ សុជាតិ និង​ជា​ម្ចាស់​សាលា​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កែ​សម្ផស្ស​បាន​បោះ​ទុន​រាប់​ម៉ឺន​ដុល្លារ ហើយ​នៅ​តែ​ក្តាប់​ឱកាស​យ៉ាង​ណែន​ក្នុង​ការ​រក​ចំណូល​ពី​ការងារ​សិល្បៈ​នេះ​ដដែល​ទាំង​ប្តី​ប្រពន្ធ​នោះ ក៏បាន​បញ្ជាក់​ពី​ការ​លើក​ឡើង​របស់​មជ្ឈដ្ឋាន​មហាជន​ខាងលើ​ដែរ​ថា៖ «ចំពោះ​រឿង​មក​ចាប់​ការងារ​ជា​ពិធីការិនី​ទូរទស្សន៍​ហង្សមាស​នេះ នាង​ខ្ញុំ​ស្ម័គ្រចិត្ត​មក​តាម​ការងារ ដែល​ខ្លួន​ឯង​ស្រឡាញ់​ខ្លាំង​ជាមួយ​នឹង​អាជីព​បាន​ប្រកប​ជា​មុខរបរ​តាំង​ពី​យូរ​ណាស់​មក​ហើយ គឺ​ពុំមាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ស្វាមី​នោះ​ទេ»។

ទោះជា​យ៉ាងណា នាឱកាស​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ ២០១៨ កន្លង​ផុត​ទៅ​ថ្មីៗ​នេះ គេ​ក៏​បាន​ឃើញ​វត្តមាន​របស់​ប្តី​ប្រពន្ធ ដែល​មាន​អាជីព​ជា​ពិធីករ និង​ពិធី​ការិនី ១ គូ​នេះ បង្ហាញ​វត្តមាន​ជា​ដៃគូ​នៃ​កម្មវិធី​ប្រគំ​តន្ត្រី​តាម​ខេត្ត​រួច​មក​ហើយ​ផង​ដែរ តែ​សម្រាប់​កម្មវិធី​ផ្សេងៗ​ទៀត​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ហង្សមាស​នោះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ដែរ​ទេ​ថា តើ​ប្តី​ប្រពន្ធ​គូ​នេះ នឹង​ត្រូវ​ធ្វើការ​ជា​ដៃគូ​សន្ទនា​ទៀត​ឬ​យ៉ាង​ណា? អ្នកនាង គង់ សុជាតិ បន្ថែម​ទៀត​ឲ្យ​ដឹង​ដែរ​ថា៖ «សម្រាប់​រឿង​នេះ​ នាង​ខ្ញុំ​ក៏​មិន​ដឹង​ច្បាស់​ដែរ គឺ​អាស្រ័យ​លើ​ការ​សម្រេច​របស់​ម្ចាស់​ប៉ុស្តិ៍​ទូរទស្សន៍។ តែ​នៅ​រៀង​រាល់​ល្ងាច​ថ្ងៃ​អាទិត្យ នាង​ខ្ញុំ ត្រូវ​កាន់​កម្មវិធី​មួយ​ជាមួយ​នឹង​លោក រ៉ាស៊ី ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ត្រន្តី​បាតាន់ ហើយ​អាច​ជា​ដៃគូ​ជាមួយ​គាត់ [ស្វាមី] ម្តង​ម្កាល​ដែរ​ខណៈ​ពេល​លោក រ៉ាស៊ី រវល់​នោះ»៕