ភ្នំពេញ៖ ខណៈ​​ឈាន​ចូល​ឆ្នាំ​ថ្មី​ ២០២១​ ភ្លាម​ តារា​សម្តែង​ស្រី​​សាច់​​ខ្ចី គៀត សុវណ្ណាឡាង ក៏​​ស្រាប់​តែ​បង្ហើប​អួត​ពី​រឿង​សម្រស់​​ខ្លួន​​ភ្លែត​ថា ទោះបី​មាន​វ័យ​កាន់​តែ​ជ្រេ តែ​រូប​សម្ផស្ស​ខ្លួន​​កាន់​ផូរផង់​បង្កើត​​ភាព​​ងឿង​ឆ្ងល់​ពី​មហាជន​​សាជាថ្មី​។

តារា​សម្តែង​​​​ស្រី​​ស្អាត សាច់​សខ្ចី​កញ្ញា គៀត​ សុវណ្ណាឡាង​ បាន​បង្ហើរ​សារ​អម​ដោយ​រូប​ថត​ពណ៌​ស ​ឈរ​បណ្តែត​អារម្មណ៍​ក្នុង​​ទឹក​មុខ​ដ៏​​ស្រស់​ស្រាយ​បរិយាយ​ថា៖ «មនុស្ស​ស្រី​​អាយុ​​​ជិត ៣០ មើល​យូរៗ​ទៅ​កាន់​​តែ​ស្រស់​ស្អាត និង​គួរ​​ឱ្យ​​ស្រឡាញ់​!​ នេះ​ជា​ពាក្យ​លួង​​​ខ្លួន​​​ឯង​​»។​

គ្រាន់​ឃើញ​សារ​នោះ​ ក៏​មាន​អ្នក​ចាប់​អារម្មណ៍​មួយ​រំពេច​​ ដោយ​​លើក​ឡើង​ថា៖ «អីយ៉ា! ​​ស្រី​ស្អាត សុវណ្ណាឡាង ចង់​មាន​ន័យ​​​​ខ្លួន​​ស្អាត​​ប៉ុនហ្នឹង​ ហើយ​​វ័យ​​​ក្បែរ​ ៣០ ឆ្នាំ​ ហើយ​ម៉េច​ក៏​នៅ​តែ​មិន​ទាន់​មាន​ត្រូវ​​ចិត្ត​ធ្វើ​ជា​ម្ចាស់​បេះដូង​ទេ​ដឹង? ឬ​​ចង់​ប្រាប់​ថា​មាន​ស្តាយ​​​សម្រស់​ផូរផង់​ ខណៈ​​ដើម​ឆ្នាំ​នេះ​ខ្លួន​កំពុង​តែ​ចាប់​ផ្តើម​​​ថតរូប​ Pre-wedding​?»។​

ការ​ពិត​ថា​​ តើ​ស្រី​ស្រស់​ គៀត សុវណ្ណាឡាង កំពុង​មាន​ចំណង​​ស្នេហ៍​នឹង​អ្នក​​​ណា​ ឬ​ចង់​មាន​ន័យ​ថា ​យ៉ាង​ម៉េច​នោះ ​ភ្នំពេញ ​ប៉ុស្តិ៍​ ក៏​ពុំ​អាច​​ទទួល​បាន​​ការ​​បញ្ជាក់​ច្បាស់​​នោះ​​ដែរ ខណៈ​ប្រព័ន្ធ​ទូរស័ព្ទ​កញ្ញា​មិន​អាច​ទំនាក់ទំនង​បាន​។

គួរ​រំឭក​ដែរ​ថា គេ​​​​ឧស្សាហ៍​លេច​​ចេញ​នូវ​​​ភាព​សិ្នទ្ធស្នាល​លើស​​ពី​មិត្ត​​ក្នុង​សង្គម​​សិល្បៈ​រវាង​​​តារា​ចម្រៀង​ និង​សម្តែង​​​ស្រី​​ស្អាត សាច់​សខ្ចី​ គៀត​ សុវណ្ណាឡាង និង​​​តារា​​សម្តែង​​​ប្រុស​​រូប​​សង្ហា​លោក លឹម ជាឡាយ​ តាមរយៈ​បណ្តុំ​​រូបភាព​ផ្អែម​​ល្ហែម​​​ដូច​​​ជា​លលក​ញីឈ្មោល​​ តាម​​​​បណ្តាញ​​សង្គម​​អ៊ីនស្តាក្រាម​​ដោយ​​កន្លង​​​​មក​អ្នក​ទាំង ​២ ក៏​តែង​​បាន​ច្រានចោល​​​ពី​​​រឿង​សម្ព័ន្ធ​ស្នេ្នហ៍​​ជា​រឿយៗ​។​

កន្លង​មក​​​តារា​ប្រុស​ លឹម ជាឡាយ ធ្លាប់​​បង្ហោះ​​សារ​​បង្ហាញ​​ពី​អារម្មណ៍​ទៅ​នឹង​ស្រី​ស្រស់​ ថ្ពាល់​​​ខួច​ សុវណ្ណាឡាង ​​ថា៖ «​ការ​​ជួប​គ្នា​មិន​មែន​​​​​ជា​រឿង​ហេតុ​​​​ចៃដន្យ​តែ​​​​វា​គឺ​ជា​បុណ្យ ​និង​​កម្ម​វាសនា ដែល​​សាង​រួម​​​គ្នា​ពី​ជាតិ​​មុន​មក។ នៅ​ពេល​​មាន​​​វាសនា ទោះ​បី​មិន​ចង់​ជួប​ ក៏​ត្រូវ​តែ​ជួប។ ​ពេល​​​​អស់​វាសនា ​បើ​ទោះបី​ជា​​​មិន​ចង់​ឃ្លាត​ ក៏​ត្រូវ​​តែ​ឃ្លាត​ បើ​​ថៃ្ង​នេះ​នៅ​មាន​គ្នា​​រស់​ក្បែរ​កាយ ​ហើយ​ចូរ​​ថែរក្សា​ឱ្យ​បាន​ល្អ​បំផុត​ ធ្វើ​រឿង​​ល្អៗ​​ឱ្យ​បាន​ល្អ​ទៅ​វិញ​ទៅ​មក ​​ព្រោះ​​បើ​ដល់​វេលា​ត្រូវ​ឃ្លាត​គ្នា​ហើយ ឱ្យ​យក​ជីវិត​ទៅ​ដូរ​ក៏​គ្មាន​ ផ្លូវ​បាន​​ត្រឡប់​មក​វិញ៕​